ដោយៈ​សុផល​/ភ្នំពេញ​៖និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​និង​ធនាគារ អេស៊ីលីដា ភីអិលស៊ី នា​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២២ បាន​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ការប្រើប្រាស់​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​ការបង់ថ្លៃ​សេវា​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន​តាម​អន​ឡាញ​។​កិច្ចព្រមព្រៀង​នេះ នឹង​បង្កើន​នូវ​ទំនុកចិត្ត និង​ផ្ដល់នូវ​ភាពងាយស្រួល​ឆាប់រហ័ស​និង​សុវត្ថិភាព​ដល់​វិនិយោគិន​ក្នុងការ​ទូទាត់​ថ្លៃ​សេវា​ក៏ដូចជា​ព​ន្លឿ​ន​ដល់​ការស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន​តាម​អន​ឡាញ​ផងដែរ​។​

​ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា បាន​ថ្លែង​ក្រោយពី​ការចុះហត្ថលេខា​ថា​៖ គោលបំណង​នៃ​កិច្ចព្រមព្រៀង​នេះ​គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការទូទាត់​ថ្លៃ​សេវា​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន​របស់​បុគ្គល​ស្នើសុំ​ទាំង​ក្នុងស្រុក និង បរទេស ដើម្បី​ធ្វើការ​វិនិយោគ​មូល​ប​ត្រ​នៅ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​។​

​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល បាន​មានប្រសាសន៍​លើកឡើងថា​៖​ថ្វីត្បិតតែ​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា មានដំណើរ​ការ​អស់​រយៈពេល​ជាង​មួយ​ទស្សវត្ស​ក៏ដោយ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​នៅតែ​បន្ត​កិច្ចប្រឹងប្រែង ស្វែងរក​កិច្ចសហការ​អភិវឌ្ឍ​ទីផ្សារ​ឱ្យ​កាន់តែ​ប្រសើរឡើង ក្នុងការ​សម្រប​ខ្លួន​ឱ្យបាន​តាម​បច្ចុប្បន្នភាព​ទីផ្សារ​អន្តរជាតិ​រាប់បញ្ចូល​ទាំង​ការ​តាក់​តែ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធការសិក្សា​ស្រាវជ្រាវ​ផលិតផល​មូល​ប​ត្រ ការជំរុញ​ការបោះ​ផ្សាយ ការជំរុញ​ការជួញដូរ និង​ការបង្កើន​ការយល់ដឹង​ដល់​វិនិយោគិន​ជាដើម​ ។​លើសពីនេះ​ទៀត​យើង​មាន​កិច្ចសហការ​ជាមួយ​ដៃគូ​ជាច្រើន ក្នុងការ​សម្របសម្រួល ពិភាក្សា តាក់តែង​ការងារ​ពាក់​ព័ន្ធ​នឹង​ដំណើរការ​ទីផ្សារ​មូល​ប​ត្រ ជាពិសេស​ពាក់ព័ន្ធ​នឹង​វិនិយោគិន​ដែលមាន​ចំណាប់អារម្មណ៍​ចូលក្នុង​ទីផ្សារ​ដើម្បី​ធានាបាន​ភាព​រហ័ស​និង​ងាយស្រួល របស់​វិនិយោគិន​។​


​ឯកឧត្តម ស៊ូ សុជាតិ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​។ បច្ចុប្បន្ន​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​វត្តមាន​ក្នុង​វិស័យ​មូល​ប​ត្រ​តាមរយៈ ក្រុមហ៊ុន អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី (ACS), ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូល​ប​ត្រ (CSA), ភ្នាក់ងារ​បញ្ជិកា (R), ភ្នាក់ងារ​ចុះបញ្ជី​ផ្ទេរ (T), ភ្នាក់ងារ​ទូទាត់ (P), និង​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ (Custodian) រួមទាំង​ជា​ក្រុមហ៊ុន​បោះផ្សាយ​មូល​ប​ត្រ​កម្ម​សិទ្ធ​មួយ​ផងដែរ (ABC)​។ បន្ថែម​ពីនេះ ធនាគារ​បាន​ចូលរួម​សហការ​យ៉ាងសកម្ម​តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​នានា​ដែល​ផ្ដល់​ដោយ ន​.​ម​.​ក​. ដូចគ្នានេះដែរ​ការរៀប​ចំ​កម្មវិធី​នេះ​ក៏​ជា​ការងារ​សកម្ម​មួ​ដែល​តម្រូវឱ្យមាន​កិច្ចសហការ​រៀបចំ តាក់តែង​នូវ​កិច្ចព្រមព្រៀង​រវាង ន​.​ម​.​ក​.​និង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​នឹង​ផ្ដល់​ជា​ប្រយោជន៍​ដល់​វិនិយោគិន​ក្នុង​វិស័យ​មូល​ប​ត្រ​។​

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា​៖ នៅ​ចុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២២ ន​.​ម​.​ក​. បានផ្តល់​លេខ​អត្តសញ្ញាណ​វិនិយោគិន​សរុប​ចំនួន ៣៣.១៨២ ក្នុងនោះ​វិនិយោគិន​ជា​រូបវន្តបុគ្គល​មាន​ចំនួន ៩៩.៥២ % និង​វិនិយោគិន​សញ្ជាតិ​ខ្មែរ​មាន​ចំនួន ៨៦.២៣%​។ទំហំ​មូលធនូបនីយកម្ម​ទីផ្សារ​សរុប​នៃ​ទីផ្សារ​មូល​ប​ត្រ​កម្មសិទ្ធិ​មានតម្លៃ​ប្រហែល ៧,១៩ទ្រី​លាន​រៀល (​ប្រហែល ១,៧៥ ប៊ី​លាន​ដុល្លារ​អាមេរិក​), រីឯ​ទំហំ​ជួញដូរ​ភាគហ៊ុន ក្នុង​ឆ្នាំ​២០២២ គិត​ត្រឹម​ត្រីមាស​ទី​៣ ជា​មធ្យម​ប្រហែល ២៦៦.២៨៩ ភាគហ៊ុន និង​មាន តម្លៃ​ ជួញដូរ​ជា​មធ្យម​ប្រហែល ០,៦៦ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ​។ ដូច្នេះ​ទីផ្សារ​មូល​ប​ត្រ​កំពុង​វិវឌ្ឍន៍​ប្រកបដោយ​វឌ្ឍន​ភាពជា​វិជ្ជមាន ដោយ​ទីផ្សារ​របស់​យើង​មាន​ប្រព័ន្ធ​ទ្រទ្រង់ ឬ​សរសរ​ស្តម្ភ​គ្រប់គ្រាន់ (​វិនិយោគិន​, ក្រុមហ៊ុន​បោះផ្សាយ​, អន្តរការី​ទីផ្សារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីផ្សារ​) និង​ទទួលបាន​ការគាំទ្រ និង​ការចូលរួម​យ៉ាង​ពេញទំហឹង​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​វិស័យនេះ​។

​លោកស្រី ម៉ារ អមរា ប្រធាន​នាយក​ប្រតិបត្តិ​ស្តីទី ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ថ្លែងថា​៖​ការវិនិយោគ​វិស័យ​មូល​ប​ត្រ​ក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា មាន​កំណើន​គួរឱ្យ កត់ សម្គាល់​ហើយ​ដើម្បី​បង្កើន​ទំនុកចិត្ត និង​បង្ក​ភាពងាយស្រួល​ដល់​វិនិយោគិន ក្នុងការ​បង់ថ្លៃ​សេវា​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន ដូច្នេះ ធនាគារ អេស៊ីលីដា និង ន​.​ម​.​ក​.​ឯកភាពគ្នា​ឈានដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងស្តីពី​ការប្រើប្រាស់សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិកសម្រាប់​ការបង់ថ្លៃ​សេវា​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិនតាម​អន​ឡាញ​។

​លោកស្រី​បាន​បន្ថែមថា​៖​ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង​នេះ វិនិយោគិន​ដែលមាន​បំណង​ចាប់ផ្ដើម​ការវិនិយោគ​នៅក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​អាច​បង់ថ្លៃ​សេវា​ស្នើសុំ​លេខ​អត្ត សញ្ញាណ​វិនិយោគិន​តាមរយៈ ACLEDA Mobile និង​ប្រព័ន្ធ X-Pay និង​ប័ណ្ណ​អន្តរជាតិ​មានដូចជា VISA, Master Card, Diners, JCB, និង UPI Card​។ លើស ពី នេះទៅទៀត ធនាគារ អេស៊ីលីដា​តែងតែ​យកចិត្តទុកដាក់​ក្នុងការ​បម្រើ​អតិថិជនដោយបាន​ធ្វើ​ពិពិធ​កម្ម​ផលិតផល​-​សេវាកម្ម​ធនាគារនិង​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរបែប​ក៏ដូចជា​ការអភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​អេ​ឡិ​ត្រូ​និក​និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឌីជីថល ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន និង​ចូលរួមចំណែក​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ឱ្យ​កាន់ តែ​សកម្ម និង​រស់​រវើក​។

​លោកស្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ដែល​បានជ្រើសរើស ធនាគារ អេស៊ីលីដា​ជា​ដៃគូ​ក្នុង​ការផ្តល់សេវា​បង់ថ្លៃ​សេវា​ស្ន​សុំ​លេខ​អត្តសញ្ញាណ​វិនិយោគ​តាម​អន​ឡាញ និង​ជានិច្ចកាល តែងតែ​គាំទ្រ​ដល់​ធនាគារ អេស៊ីលីដា​។ ទន្ទឹមនឹងនេះ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ ឯកឧត្តម ស៊ូ សុជាតិ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​) និង​សហការី ដែល​តែងតែ​គាំទ្រ ណែនាំ ផ្តល់​អនុសាសន៍​ល្អៗ ដល់​ធនាគារ អេស៊ីលីដា​៕Ph