ដោយបាយ័ន/សៀមរាប: ជនបរទេសម្នាក់បានលោត ពីលើអគារហាត់ប្រាណ ជាន់ទី៣កាលពីវេលាម៉ោង៨ និង៥០នាទីល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២ ពីលើអាគារជាន់ទី៣ អតីតផ្សារថៃ ហួត បច្ចុប្បន្នក្លឹបហាត់ប្រាណ យីហោ អង្គរហ្វីតណេស (ANGKOR FITNESS) បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ។

នគរបាលនិយាយថា ហេតុការណ៍ជនបរទេស លោតសម្លាប់ខ្លួននោះ បានកើតឡើងនៅត្រង់ចំណុចខាងមុខ អាគារក្លឹបហាត់ប្រាណ អង្គរហ្វីតណេស (ANGKOR FITNESS) តាមបណ្ដោយផ្លូវសម្ដេចព្រះសង្ឃរាជ្យ ទេព វង្ស ខាងលិចគល់ស្ពានវត្តបូព៌ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយបង្គំ ក្រុង ខេត្តសៀមរាប ។
ទោះបីយ៉ាងណាក្តីគេមិនទាន់ដឹងថាការលោតចុះមកដីដោយជនជាតិអូស្ត្រាលីនោះដោយសារមូលហេតុអ្វីពិតប្រាកដឡើយ។

សមត្ថកិច្ចបន្ទាប់ពីធ្វើការ ពិនិត្យកន្លែងកើតហេតុ និង ធ្វើកោសល្យវិច័យលើសាកសពរួចរាល់ ក៏បាន ដឹកយកសាកសពយកទៅ រក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីធ្វើការទំនាក់ទំនងទៅស្ថានទូត រង់ចាំសាច់ញាតិ និងក្រុមគ្រួសារមកទទួលយក៕/PC