ដោយ៖ដេប៉ូ/ភ្នំពេញ៖ គិតមកត្រឹមម៉ោង២រសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ ហឹបសន្លឹកកិច្ចការទាំងអស់របស់បេក្ខជនដែលចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៥ ធ្នូ ២០២២ ត្រូវបានដឹកពីបណ្ដាខេត្តមកដល់មណ្ឌលកំណែ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញហើយ។ នេះបើតាមការឱ្យដឹងពីសំណាក់ ក្រសួងអប់រំយុវជន និង កីឡា។

ក្រសួងអប់រំបានឱ្យដឹងថា សម្រាប់ ហឹបសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុបទាំងនេះត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ និងសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី – ខេត្ត អប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ។

គួរបញ្ជាក់ថាក្រសួងអប់រំបានធ្វើការសរុបជារួមថា៖ដំណាក់កាលសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ បានប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។

តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ និងផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាfacebook.com/moeys.gov.kh៕/PC