​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយករដ្ឋមន្ត្រី រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) កំពុង​រៀបចំ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីតាលី​និង​ជប៉ុន​ជុំវិញ​ការអភិវឌ្ឍ​យន្តហោះ​ចម្បាំង​​ជំនាន់​ទី​ប្រាំមួយ​លើកដំបូង​របស់​កងទ័ព​អាកាស​អង់គ្លេស​។​

​យន្តហោះ RAF Tempest គ្រោង​នឹង​ចូល​បម្រើ​សេវាកម្ម​នៅ​ឆ្នាំ ២០៣៥ ហើយ​នឹង​ជំនួស​យន្តហោះ Eurofighter Typhoon បច្ចុប្បន្ន ដែលជា​កិច្ចសហការ​រវាង​អ៊ីតាលី ចក្រភព​អង់គ្លេស អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ​។​

​កាលពី​ឆ្នាំមុន ក្រសួង​ការពារជាតិ​អង់គ្លេស​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​តម្លៃ ២៥០ លាន​ផោន ដើម្បី​បន្ត​អភិវឌ្ឍ​យន្តហោះ Tempest ជាមួយ​ដៃគូ​អន្តរជាតិ​។​

​យោង​តាម​សារព័ត៌មាន The Sun នាយករដ្ឋមន្ត្រី រី​ស៊ី ស៊ូ​ណាក់ កំពុង​រៀបចំ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីតាលី​និង​ជប៉ុន​ខណៈ​កិច្ចពិភាក្សា​បន្ថែម​ទៀត​បា​ន​ធ្វើឡើង​ជាមួយ​ស៊ុយអែត​​និង​ឥណ្ឌា​។​

​ក្នុង​រយៈពេល​បួន​ឆ្នាំ​ខាង​មុខ រដ្ឋាភិបាល​អង់គ្លេស​បាន​ប្តេជ្ញា​ផ្តល់​ថវិកា​ចំនួន​២​ពាន់​លាន​ផោន​សម្រាប់​យន្តហោះ​ថ្មី​នេះ ដែល​នឹង​ក្លាយ​ជា​យន្តហោះ​ចម្បាំង​ទំនើប​បំផុត​ដែល​បង្កើតឡើង​ដោយ​ចក្រភព​អង់គ្លេស​។​

​គម្រោង​នេះ​កំពុង​ដំណើរការ​ដោយ​ក្រុមហ៊ុន BAE Systems ដែល​ធ្វើការ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន Leonardo UK ក្រុមហ៊ុន MBDA UK និង​ក្រុមហ៊ុន Rolls-Royce ។​

​វា​បង្កើតបានជា​ផ្នែក​ស្នូល​នៃ​ប្រព័ន្ធ​យន្តហោះ​ប្រយុទ្ធ​នាពេល​អនាគត​របស់​ចក្រភព​អង់គ្លេស​។​

​យន្តហោះ​ចម្បាំង​ទំនើប​នេះ​នឹង​អាច​ដំណើរការ​ដោយ​មនុស្ស​ឬ​ដោយ​គ្មាន​មនុស្ស ហើយ​អាច​គ្រប់គ្រង​ហ្វូងដ្រូន​ប្រយុទ្ធ ដើម្បី​យកឈ្នះ​លើ​ខែល​ការពារ​របស់​សត្រូវ​។​

​យន្តហោះ​ចម្បាំង​នេះ​នឹង​មិន​អាច​ឱ្យ​រ៉ា​ដា​ចាប់​បាន​ពេល​ហោះ​ទាប​នោះ​ទេ​សូម្បី​កំពុង​ហោះ​លឿន​ជាង​សំឡេង​ក៏ដោយ​។ វា​ក៏​នឹង​ត្រូវ​បំពាក់​ដោយ​សព្វាវុធ​ទំនើប​ចុងក្រោយ​បំផុត​ផងដែរ រួម​ទាំង​មី​ស៊ី​ល​លឿន​ជាង​សំឡេង​៕

​យន្តហោះ RAF Tempest គ្រោង​នឹង​ចូល​បម្រើ​សេវាកម្ម​នៅ​ឆ្នាំ ២០៣៥