​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ លោកស្រី មី​សែ​ល យ៉ូ (Michelle Yeoh) នឹង​បិទ​បញ្ចប់​ឆ្នាំ​ដ៏​ជោគជ័យ​ខ្លាំង​នេះ ជាមួយ​ការជាប់​ឈ្មោះ​ជា និមិត្តរូប​តំណាង​ប្រចាំឆ្នាំ​របស់​ទស្សនាវដ្ដី Time​។​

​ក្នុងឆ្នាំនេះ​តែឯង លោកស្រី​យ៉ូ​បាន​ចូលរួម​ក្នុង​គម្រោង​ភាពយន្ត​ជាច្រើន​រួមមាន រឿង The School Of Good And Evil រឿង Minions: The Rise Of Gru រឿង Paws Of Fury: The Legend Of Hank និង​រឿង Avatar: The Way Of Water​។​

​ទោះយ៉ាងណា វា​ជា​ខ្សែភាពយន្ត Everything Everywhere All At Once ដែល​បញ្ចាំង​ក្នុង​ខែ​មីនា​ទេ ដែល​ធ្វើឱ្យ​លោកស្រី​យ៉ូទ​ទួល​ការចាប់អារម្មណ៍​ខ្លាំង​បំផុត​។​

​ខណៈ​តារា​អាយុ ៦០ ឆ្នាំ​រូប​នេះ​បាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​អាម៉េរិក​ជាច្រើន​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មក​នេះ​ចាប់តាំងពី​លោកស្រី​បាន​លោត​ផ្លោះ​ពី​ហុងកុង​មក​ហូលីវូដ​ក្នុង​ឆ្នាំ ១៩៩៧ លោកស្រី​មិន​ដែល​ជាប់​លេខ ១ នៅ​លើ​តារាង​ចំណាត់ថ្នាក់​របស់​ហូលីវូដ​ទេ​រហូត​ដល់​ឆ្នាំ​នេះ​ជាមួយនឹង​រឿង Everything Everywhere All At Once​។​

​លោកស្រី​បាន​ប្រាប់​ទស្សនា​វ​ដ្តី Time ថា​នេះ​គឺ​ដោយសារតែ​តារា​អាស៊ី​តែងតែ​ត្រូវបាន​គេ​បន្ទាបមក​ត្រឹម​ជា​តួ​រាយរង​ឬ​មិន​សំខាន់​។​

​តារា​រូប​នេះ​បាន​និយាយថា “​វា​មិន​គួរ​ទាក់ទង​នឹង​ជាតិ​សាសន៍​របស់ខ្ញុំ​ទេ ប៉ុន្តែ​វា​ជា​ការប្រយុទ្ធ​មួយ​។ យ៉ាងហោច​ណាស់​សូម​ទុក​ឱ្យ​ខ្ញុំ​ព្យាយាម​”​។​

​ដូច្នេះ​នៅពេល​ដែល​គេ​ផ្តល់​តួ​សម្តែង​ជា​ភរិយា​ធ្វើការ​ហួសកម្លាំង​និង​ខកចិត្ត​មួយរូប​ក្នុង​រឿង Everything Everywhere All At Once លោកស្រី​បាន​បញ្ចេញ​អស់​ពី​សមត្ថភាព​សម្រាប់​វា​។​

​លោកស្រី​យ៉ូ​បាន​និយាយថា “​នៅពេល​ដែល​អ្នក​ទទួល​បាន​ឱកាស​បែបនេះ អ្នក​ត្រូវ​តែ​បញ្ចូល​បេះដូង​និង​ដួងព្រលឹង​របស់​អ្នក​ទៅ​ក្នុង​វា ព្រោះ​អ្នក​មិនដឹងថា​ពេល​ណា​នឹង​មាន​ឱកាស​បន្ទាប់​នោះទេ​។ ខ្ញុំ​គិតថា​នោះ​ជា​ការភ័យខ្លាច​ដ៏​ធំ​បំផុត​របស់​ខ្ញុំ ៖ សូម​កុំឱ្យ​វា​ក្លាយ​ជា​ឱកាស​តែមួយគត់​ឱ្យសោះ​”៕

លោកស្រី មី​សែ​ល យ៉ូ​