ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសាទរចំពោះសមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិរបស់ឯកអគ្គរដ្ឋទូត ប៉ាក ហឹងឃ្យង (PARK Heung-kyeong) ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលបានចូលជាធរមាន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំនេះ ដោយលើកឡើងពីការរំពឹងទុកដ៏មុតមាំរបស់លោកថា កិច្ចព្រមព្រៀងនេះ នឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីដ៏ល្អនាពេលបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបសម្តែងការគួរសម និងជម្រាបលាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប៉ាក ហឹងឃ្យង (PARK Heung-kyeong) (រូបថតៈ ក្រសួងការបរទេស និងសហប្រតិបត្តរិការ​អន្តរជាតិ)

រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានលើកសរសើរចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូត នៅក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរផងដែរ។ ការលើកឡើងទាំងនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលនៃការចូលជួបសម្តែងការគួរសម និងជម្រាបលារបស់ឯកអគ្គរដ្ឋទូត នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត ប៉ាក ហឹងឃ្យង បានរំលឹកពីការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នៅក្នុងឆ្នាំនេះ ដែលក្នុងនោះរួមមាន ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកុម្ភៈ និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពីខែមេសា ដំណើរទស្សនកិច្ចរបស់លោក ប្រធានាធិបតី យុន ស៊ុក យុល (YOON Suk Yeol) ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធអាស៊ាន កាលពីខែវិច្ឆិកាកន្លងមក នៅរាជធានីភ្នំពេញ ក៏ដូចជាដំណើរទស្សនកិច្ចផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ កាលពីខែកញ្ញាឆ្នាំមុន ដែលក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបសម្តែងការគួរសម និងជម្រាបលាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប៉ាក ហឹងឃ្យង (PARK Heung-kyeong) (រូបថតៈ ក្រសួងការបរទេស និងសហប្រតិបត្តរិការ​អន្តរជាតិ)

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណយ៉ាងស្ម័គ្រស្មោះចំពោះជំនួយដែលផ្តល់ដល់កម្ពុជាដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងដោយក្តីរីករាយអំពីកិច្ចសហប្រតិបត្តិការល្អលើវិស័យសេដ្ឋកិច្ច ការកើនឡើងដ៏គួរឱ្យកត់សម្គាល់នៃពាណិជ្ជកម្មទ្វេភាគី លំហូរនៃការវិនិយោគរបស់សាធារណរដ្ឋកូរ៉េមកកាន់កម្ពុជា វត្តមានរបស់ក្រុមហ៊ុនកូរ៉េល្បីៗជាច្រើននៅកម្ពុជា ការកើនឡើងនៃការនាំចេញផ្លែស្វាយរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ និងជំនួយរបស់កូរ៉េក្នុងវិស័យសុខាភិបាល។

រដ្ឋមន្ត្រីការបរទេសបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ជាពិសេសលើវិបត្តិនៅមីយ៉ាន់ម៉ា និងស្ថានការណ៍នៅក្នុងឧបទ្វីបកូរ៉េ។ លោកឯកអគ្គរដ្ឋទូត ប៉ាក ហឹងឃ្យង បានអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានប្រកបដោយជោគជ័យរបស់កម្ពុជា និងបានកោតសរសើរចំពោះការដឹកនាំ និងការរៀបចំរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក៏ដូចជាកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

លោកឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរផងដែរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឧបនាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់សាធារណរដ្ឋកូរ៉េ ក្នុងអំឡុងពេលពេញមួយឆ្នាំនៃការធ្វើជាប្រធាន អាស៊ានរបស់កម្ពុជា៕/R

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបសម្តែងការគួរសម និងជម្រាបលាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប៉ាក ហឹងឃ្យង (PARK Heung-kyeong) (រូបថតៈ ក្រសួងការបរទេស និងសហប្រតិបត្តរិការ​អន្តរជាតិ)