ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាទោចក្រយានកម្ពុជាការប្រកួតជើងឯកជាតិឆ្នាំ២០២២​ទាំងកង់គួក(Road Bike)និងកង់ភ្នំ(Mountain Bike)នឹងធ្វើនៅថ្ងៃទី២៦ដល់២៨ធ្នូឆ្នាំ២០២២នៅមុខប្រសាទអង្គរខេត្តសៀមរាប

ក្រុមកីឡាករកីឡាការិនីជម្រើសជាតិកង់គួកនិងកង់ភ្នំទាំងអស់សរុប១២នាក់នឹងចូលរួម ប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិនេះដែរដើម្បីបង្កើនគុណភាពបច្ចេកទេសឱ្យបានខ្ពស់ក៏ដូចជាស្គាល់ស្ថានភាពផ្លូវប្រកួតឲ្យបានកាន់តែច្បាស់រួមទាំងការដកស្រង់បទពិសោធន៍បន្ថែមរបស់មន្ត្រីបច្ចេកទេសដែលនេះជាលក្ខណៈពិសេសៗក្នុងការសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានលោក នូ ចំរើន បានបញ្ជាក់ថាសម្រាប់ការប្រកួតកីឡាទោចក្រយាន ជើងឯកថ្នាក់ជាតិ ដែលគ្រោងធ្វើឡើងពីថ្ងៃទី២៦ដល់២៨ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប គឺសហព័ន្ធបានត្រៀមខ្លួនរួចរាល់ និងយកចិត្តទុកដាក់ខ្ពស់បំផុត ដោយផ្តល់ឱកាសដល់ក្រុមជម្រើសជាតិរបស់ខ្លួនទាំង១២នាក់(កីឡាករ៨នាក់និងកីឡាការិនី៤នាក់)​ចូលរួមប្រកួតប្រជែងមេដាយជាមួយកីឡាករកីឡាការិនីមកពីបណ្តាក្លិបផ្សេងៗក្នុងការប្រកួតកម្រិតខ្ពស់បំផុត របស់ថ្នាក់ជាតិមួយនេះ ប្រចាំឆ្នាំ២០២២។

សម្រាប់ការរៀបចំផ្លូវប្រកួតទាំងផ្នែកកង់គួកនិងកង់ភ្នំនៅខេត្តសៀមរាបក្នុងព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិ២០២២នេះគឺជាផ្លូវដែលរៀបចំការប្រកួតកីឡាជាតិលើកទី៣កាលពីពេលកន្លងទៅថ្មីៗនេះហើយក៏ជាផ្លូវប្រកួតសម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ដូចគ្នាទៀតផង។
ក្រុមជម្រើសជាតិទាំង១២នាក់ដែលកំពុងបន្តការហ្វឹកហាត់ជាប់ជាប្រចាំនៅស្រុកបន្ទាយស្រីខេត្តសៀមរាបនឹងត្រៀមចូលរួមប្រកួតទាំងអស់គ្នាតែម្តងដើម្បីបានវាស់ស្ទង់បន្ថែមនូវកម្រិតសមត្ថភាព សិទ្ធផល ដែលបានហ្វឹកហាត់កន្លងមក។
មុនការប្រកួតជើងឯកថ្នាក់ជាតិនេះសហព័ន្ធក៏នឹងរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសក្រោមការចែករំលែកពីមន្ត្រីបច្ចេកទេសមកពីប្រទេសថៃដើម្បីជំរុញឲ្យចំណេះដឹងរបស់មន្ត្រីបច្ចេកទេសកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត។មន្ត្រីបច្ចេកទេសដែលបម្រើឱ្យការប្រកួតជើងឯកថ្នាក់ជាតិមានចំនួន៦០នាក់ហើយមន្ត្រីឆ្នើមៗក្នុងចំនួននោះនឹងត្រូវបានជ្រើសរើសយកទៅធ្វើការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ដោយមានចំនួន៥០នាក់ទាំងមន្ត្រីបច្ចេកទេសកម្ពុជា និងមន្ត្រីអន្តរជាតិ។


តាមសេចក្តីជូនដំណឹងស្តីការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ បានបញ្ជាក់ថា សហព័ន្ធបានជម្រាបជូនដំណឹងក្លិប សមាគម ក្រសួង ស្ថាប័ន រាជធានី-ខេត្ត ឲ្យបញ្ជូនកីឡាករ កីឡាការិនី ចូលរួមការប្រកួតនេះឲ្យបានច្រើន។

ចំពោះវិញ្ញាសាប្រកួត រួមមាន ប្រភេទកង់គួក (Road Bike) កង់គួកបុរសថា្នល (Man Junior Road Bike)កង់គួកបុរសឈុតធំ (Man Elite Road Bike) កង់គួកបុរស (Man Master Road Bike)។ប្រភេទកង់ភ្នំ (Mountain Bike)មានវិញ្ញាសា​កង់​​ភ្នំបុរសថ្នាល (Man Junior Mountain Bike) កង់ភ្នំបុរសឈុតធំ (Man Elite Mountain Bike), កង់ភ្នំនារី (Women Mountain Bike) និងកង់ភ្នំបុរស (Man Master Mountain Bike)៕សរន