ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ល្ងាចថ្ងៃទី៧ធ្នូម្សិលម៉ិញនេះវគ្គបណ្តុះបណ្តាលមន្ត្រីអាជ្ញាកណ្តាល-ចៅក្រុមកម្រិតអន្តរជាតិបានបញ្ចប់ នៅខេត្តព្រះសីហនុ ដើម្បីត្រៀមដឹកនាំការប្រកួត និងកាត់សេចក្តី ក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី៩ដល់១១ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសបុណ្យសមុទ្រ លើកទី៩ នៅខេត្តព្រះសីហនុ។


សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមប្រដាល់គុនខ្មែរអន្តរជាតិនេះ មានសិក្ខាកាមជាអាជ្ញាកណ្តាល-ចៅក្រមខ្មែរមានចំនួន៣០នាក់ និងមន្ត្រីអន្តរជាតិ២៥នាក់។ មន្ត្រីទាំងនេះនឹងបម្រើដល់ការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ក្នុងពិធីបុណ្យសមុទ្រលើកទី៩ឆ្នាំ២០២២នៅខេត្តព្រះសីហនុដោយមានកីឡាករកីឡាការិនីមកពីប្រទេសវៀតណាមម៉ាឡេស៊ីហ្វីលីពីនឥណ្ឌូណេស៊ីថៃមីយ៉ាន់ម៉ាខណៈកីឡាករកីឡាការិនីកម្ពុជាមានចំនួន១៧នាក់(កីឡាការិនី៤នាក់)។ចំពោះវិញ្ញាសាប្រកួតមានផ្នែកបុរស៧ទម្ងន់នារី៤ទម្ងន់និងវិញ្ញាសាគុនគ្រូ២វិញ្ញាសា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹងរបស់សិក្ខាកាមទាំងអស់ពីគ្រូឧទ្ទេសអន្តរជាតិដើម្បីពង្រឹងសមត្ថភាពបន្ថែមក្នុងការបម្រើដល់ការរៀបចំជើងឯកអាស៊ីអាគ្នេយ៍ពីថ្ងៃទី៩ដល់១១ខែធ្នូឆ្នាំ២០២២ក្នុងពិធីបុណ្យសមុទ្រឲ្យទទួលបានជោគជ័យ។
ជាមួយគ្នានេះលោកវ៉ាត់ចំរើនក៏បានលើកទឹកចិត្តដល់សិក្ខាកាមដែលជាមន្ត្រីអាជ្ញាកណ្តាល-ចៅក្រមប្រដាល់គុនខ្មែរខិតខំដុសខាត់សមត្ថភាពឲ្យបានល្អប្រសើរបន្ថែមទៀតតាម រយៈការអនុវត្តផ្ទាល់ក្នុងការប្រកួតដ៏មានសារៈសំខាន់នេះដើម្បីពង្រឹងគុណភាពឲ្យកាន់តែរឹងមាំ ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
លោកសង្កត់ធ្ងន់ថាការរៀបចំប្រកួតកីឡាប្រដាល់គុនខ្មែរជើងអាស៊ីអាគ្នេយ៍ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ជាបុរេព្រឹត្តិការណ៍ (Pre-Sea Games) ក្នុងការត្រៀមរៀបចំឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕ N