ដោយៈចាន់តូ/ភ្នំពេញៈ បុរសម្នាក់ ដែលជាថៅកែហាង និងមើលការខុសត្រូវនៅទីតាំងម៉ាស្សាកោសជប់ បង្កប់ ការរួមភេទ ចំនួនពីរទីតាំងផ្សេងគ្នា ត្រូវបាននគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប ជាក់ស្តែងករណីប្រព្រឹត្តិ អំពើសញ្ចរកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បំរើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួនបុរសថៅកែហាងម្នាក់ និង នារីរងគ្រោះចំនួនប្រាំបីនាក់ ក្នុងនោះមានអនីតិជនចំនួនពីរនាក់ និងវត្ថុតាងមួយចំនួន នៅវេលាម៉ោង០៨:៣០នាទី យប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

បុរសថៅកែហាង មានឈ្មោះ ប៉ក ឧត្តម ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៣ ផ្លូវបេតុង ក្នុងបុរីពិភពថ្មី សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ទីតាំងហាងម៉ាស្សាទាំងពីរទីតាំង រួមមាន៖ ទី១. នៅចំណុចហាងយីហោ«កុលាបក្រហម១៦៨» ស្ថិតនៅផ្ទះលេខ៣៣ ផ្លូវបេតុង និងទី២. ទីតាំងហាងគ្មានយីហោ ផ្ទះលេខ២៨១ ផ្លូវបេតុងទី១ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពបានឲ្យដឹងថា ទីតាំងហាងម៉ាស្សាយីហោ«កុលាបក្រហម» មាននារីម៉ាស្សា និង រួមភេទ ចំនួនពីរនាក់ និងទីតាំងមួយទៀត មានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន ប្រាំមួយនាក់ ដែលពីរនាក់ជាអនីតិជន និងមានបន្ទប់សម្រាប់រួមភេទចំនួនបីបន្ទប់។

ក្រោយប្រតិបត្តិការកម្លាំងជំនាញបាននាំខ្លួនបុរសថៅកែហាង ម៉ាស្សា ទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសួរនាំកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំងប្រាំបីនាក់ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញធ្វើការអប់រំ៕/R