ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អធិការបតី​អាល្លឺម៉ង់​លោក អូ​ឡា​ហ្វ ស្កូ​ល បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​ធ្នូ​ថា ហានិភ័យ​នៃ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ជា​ផ្នែក​នៃ​សង្គ្រាម​របស់គាត់​នៅ​អ៊ុយ​ក្រែន​បាន​ថយចុះ​ហើយ​ក្នុង​ការឆ្លើយតប​ទៅ​នឹង​សម្ពាធ​អន្តរជាតិ​។​

​លោក​ស្កូ​លបាន​ប្រាប់​កាសែត​ហ្វ៊ុន​កេ​( Funke) នៅក្នុង​បទសម្ភាសន៍​មួយ​ដើម្បី​ប្រារព្ធ​ឆ្នាំ​ដំបូង​របស់​គាត់​នៅក្នុង​តំណែង​យ៉ាង​ដូច្នេះ​ថា សង្គ្រាម​កំពុង​បន្ត​ជាមួយ​នឹង “​ភាពឃោរឃៅ​មិនចេះ​រីងស្ងួត​” តែ​ទោះ​យ៉ាងណា​ពេលនេះ​មាន​រឿង​មួយ​បាន​ផ្លាស់ប្តូរ​។​”​រុស្ស៊ី​បាន​ឈប់​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែ​រហើយ​។ ជា​ប្រតិកម្ម​ចំពោះ​សហគមន៍​អន្តរជាតិ​ដែល​បាន​គូសបន្ទាត់​ក្រហម​”​។​

​មេដឹកនាំ​អាល្លឺម៉ង់​បាន​បន្ថែមថា ត្បិត​មាន​ការបែកបាក់​គ្នា​យ៉ាង​ជ្រាលជ្រៅ វា​ជា​រឿង​សំខាន់​ដែល​ការសន្ទនា​ជាមួយ​វិមាន​ក្រឹម​ឡាំង​នៅតែ​បន្ត​។​

​លោកពូ​ទីន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​ធ្លាប់បាន​កើនឡើង​មែន ប៉ុន្តែ​ទទូចថា​រុស្ស៊ី​មិនបាន “​ឆ្កួត​ទេ​”​ហើយ​ថា​ខ្លួន​មើល​ឃើញ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​អាវុធ​​ដើម្បី​ការពារ​ខ្លួន​សុទ្ធសាធ​។​

​កាសែត Funke បាន​និយាយថា បទសម្ភាសន៍​ជាមួយ​លោក​សូល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ ហើយ​សម្រង់​សម្តី​ត្រូវបាន​អនុញ្ញាត​នៅ​រសៀល​ថ្ងៃ​ពុធ​។​

​លោក​ស្កូ​លបាន​និយាយថា ពូ​ទីន​ត្រូវតែ​បញ្ឈប់​សង្គ្រាម ប៉ុន្តែ​ក្រោយមក គាត់​នឹង​ត្រៀម​ខ្លួន​ដើម្បី​និយាយ​ជាមួយ​រុស្ស៊ី​អំពី​ការគ្រប់គ្រង​អាវុធ​នៅ​អឺរ៉ុប ដោយ​បន្ថែម​ថា​រឿង​នេះ​ក៏​ត្រូវបាន​ផ្តល់ជូន​មុន​​សង្គ្រាម​ផងដែរ​។​

​ដោយ​ការពារ​អំពី​ការគាំទ្រ​របស់​អាល្លឺម៉ង់​ដល់​អ៊ុ​យក្រែន រួម​ទាំង​ការផ្គត់ផ្គង់​អាវុធ ដែល​អ្នក​រិះគន់​នៅ​ទីក្រុង​គៀវ​និង​កន្លែង​ផ្សេង​ទៀត​នៅក្នុង​ទ្វីប​អឺរ៉ុប​និយាយថា​មាន​ភាព​ខ្សត់ខ្សោយ​ជាងគេ​នោះ លោក​ស្កូល​និយាយថា បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក អាល្លឺម៉ង់​គឺ​ជា​អ្នកគាំទ្រ​ធំ​បំផុត​មួយ​របស់​អ៊ុ​យក្រែន រួម​ទាំង​ការផ្គត់ផ្គង់​សព្វាវុធ​។​

​លោក​បាន​និយាយថា “​យើង​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើបាន​ដើម្បី​ទប់ស្កាត់​សង្គ្រាម​ដោយផ្ទាល់​រវាង​រុស្ស៊ី​និង​អង្គការ​ណា​តូ​។ ជម្លោះ​បែបនេះ​នឹង​មាន​តែ​អ្នកចាញ់​ប៉ុណ្ណោះ​នៅ​ទូទាំង​ពិភពលោក​”​។​

​លោក​រំពឹង​ថា​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អឺរ៉ុប​មួយ​នេះ​នឹង​ឆ្លងកាត់​រដូវរងា​បាន​យ៉ាង​ល្អ ហើយ​នៅតែ​ជា​ប្រទេស​ឧស្សាហកម្ម​ដ៏​រឹងមាំ និង​ជោគជ័យ​ខណៈ​ប្រទេស​នេះ​កាត់បន្ថយ​ការពឹងផ្អែក​លើ​ថាមពល​របស់​​រុស្ស៊ី​។​

​លោក​និយាយថា “​ឥឡូវ​នេះ​យើង​កំពុង​ធ្វើ​ការសម្រេចចិត្ត​ចាំបាច់​ដើម្បី​មាន​ឯករាជ្យ​ក្នុង​រយៈពេល​វែង​។ ចាប់ពី​ឆ្នាំ ២០៤៥ តទៅ យើង​ចង់ឱ្យ​មាន​អព្យាក្រឹត​អាកាសធាតុ​ទាំងស្រុង​និង​បង្កើត​ថាមពល​របស់​យើង​ទាំងស្រុង​ដោយ​គ្មាន​ឧស្ម័ន​ធម្មជាតិ ធ្យូង​ថ្ម ឬ​ប្រេង​”​។​

​នៅពេល​សួរ​ថា​តើ​លោក​នឹង​ឈរឈ្មោះ​ជា​អធិការបតី​ក្នុង​ការបោះឆ្នោត​លើក​ក្រោយ​ទៀត​ឬ​យ៉ាងណា លោក​បាន​និយាយថា “​ពិតណាស់​”៕

​អធិការបតី​អាល្លឺម៉ង់​លោក អូ​ឡា​ហ្វ ស្កូ​ល