ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ ជាមួយនឹងការកំណត់នូវគោលដៅ ស្វែងរកមេដាយមាសចំនួន២គ្រឿងសម្រាប់ស៊ីហ្គេមសម្រាប់ឆ្នាំ២០២៣និងមហិច្ឆតារបស់សហព័ន្ធដែលរកមេដាយមាសឲ្យបានលើសនេះនៅថ្ងៃទី៩ធ្នូស្អែកនេះសហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹងបញ្ជូនកីឡាជម្រើសជាតិ៨រូបទៅបោះជម្រំហ្វឹកហាត់រយៈពេល ២សប្ដាហ៍នៅប្រទេសកាហ្សាក់ស្ថាន។

តាមការគ្រោងទុកពួកគេនឹងចំណាយពេលពីថ្ងៃទី៩ដល់២៣ធ្នូទើបត្រឡប់មកវិញដើម្បីហាត់បន្តក្នុងស្រុកត្រៀមខ្លួន សម្រាប់ ស៊ីហ្គេម ឆ្នាំ២០២៣។

សូមបញ្ជាក់ថាក្រៅពីបោះជម្រំហ្វឹកហាត់នៅកាហ្សាក់ស្ថានកីឡាប្រដាល់សកលកម្ពុជាក៏មានគម្រោងចេញទៅហាត់នៅប្រទេស
មួយចំនួនក្នុងតំបន់ព្រមទាំងស្វែងរកការប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

ក្នុងឱកាសហាត់នៅប្រទេសកាហ្សាក់ស្ថាននោះក្រុមជម្រើសជាតិក៏នឹងប្រកួតដកស្រង់បច្ចេកទេសជាមួយអ្នកជម្រើសជាតិគុយបាកាហ្សាក់ស្ថានក៏ដូចជាជើងខ្លាំងមួយចំនួនទៀតមកពីជុំវិញពិភពលោក។

ឱកាសហ្វឹកហាត់នឹងធ្វើឱ្យក្រុមជម្រើសជាតិកម្ពុជាទាំង៨រូបបានពង្រឹងទាំងកម្រិតសិទ្ធិផលនិងបទពិសោធន៍ប្រកួតអន្តរជាតិ ដែលផ្ដល់ឱកាសឱ្យពួកគេត្រៀមបានល្អសម្រាប់ដណ្តើមមេដាយនៅការប្រកួតជាលក្ខណៈអន្តរជាតិនាពេលខាងមុខ ជាពិសេសស៊ីហ្គេម ឆ្នាំ២០២៣។

កីឡាករទៅចូលរួមបោះជម្រំហ្វឹកហាត់ដែលសុទ្ធជាកីឡាករជម្រើសជាតិលំដាប់ខ្ពស់នោះមាន កីឡាករនៅ សុខទី កីឡាករសៅ រង្សី កីឡាករទូច ដេវីត កីឡាករវ៉ែន រដ្ឋា កីឡាករពេញ វណ្ណថង កីឡាករអាន់វ៉ា ណាស្រេឌីនូវ កីឡាករអុង ភារាក់ និងកីឡាកររ៉ាចាពៅ អាប់ឌុលឡា៕សរន-PC