ដោយ៖ដេប៉ូ/ភ្នំពេញ៖ ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទ នៃ អង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ២០២២ អង្គសន្និសិទទាំងមូល សម្រេចបាននូវ “សេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីការផ្លាស់ប្តូរតួនាទីវិស្វករ ក្នុងយុគសម័យឧស្សាហកម្ម ៤.០”។


លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដែលបានអញ្ជើញជាអធិបតីក្នុងឱកាសបិទសន្និសិទនេះ នាល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ថា៖សមិទ្ធផលនេះបានបញ្ចាក់យ៉ាងច្បាស់ពីការប្តេជាចិត្តរបស់អង្គការសហព័ន្ធវិស្វកម្មអាស៊ានក្នុងការពង្រឹង និងបង្កើនការត្រៀមលក្ខណៈរបស់វិស្វករ និងវិទ្យាស្ថានស្រាវជ្រាវនានាក្នុងតំបន់អាស៊ាន ដើម្បីប្រឈមនឹងការផ្លាស់ប្តូរ និងប៉ះពាល់ផ្សេងៗ ដែលនឹងកើតមានឡើងក្នុងយុគសម័យឧស្សហកម្ម ៤.០។
ជាមួយគ្នានេះលោក រដ្ឋមន្រ្តីជឿជាក់ថា តាមរយ:លទ្ធផលនៃសន្និសីទលើកទី៤០ គឺជាបំណែកមួយក្នុងការចូលរួមសម្រេចឱ្យបាននូវក្របខណ្ឌរួម និងចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន។
លោក រដ្ឋមន្ត្រី បានចូលរួមលើកទឹកចិត្តដល់ស្ថាប័នវិស្វកម្មនៃបណ្តាប្រទេសសមាជិកអាស៊ាននីមួយៗ បង្កើនល្បឿនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌវិស្វកម្មអាស៊ានក្នុងការរួមគ្នាត្រិះរិះរកដំណោះស្រាយនូវរាល់បញ្ហាប្រឈម ដែលកើតចេញពីការវិវឌ្ឍឧស្សហកម្ម៤.០ ដើម្បីទាញយកគុណប្រយោជន៍ពីការអភិវឌ្ឍបច្ចេកវិទ្យាទាំងនោះ សម្រាប់ធ្វើការផ្លាស់ប្តូរតួនាទីរបស់វិស្វករក្នុងកិច្ចប្រតិបត្តិវិជ្ជាជីវៈវិស្វកម្មរបស់ខ្លួនឱ្យកាន់តែមានគុណភាព និងការទទួលខុសត្រូវខ្ពស់ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៅក្នុងតំបន់ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
លោក អ៉ិត សំហេង បានសំដែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ សមាជិកនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានទាំងអស់ ដោយផ្តោតការយកចិត្តទុកដាក់លើកិច្ចការមួយចំនួន ដូចខាងក្រោម៖
ទី១-សិក្សាពីលទ្ធភាព នៃការបង្កើតយន្តការថ្មីៗ និងបង្កើតជាវេទិកាបើកចំហដើម្បីគាំទ្រដល់រដ្ឋាភិបាលលើវិស័យអប់រំ និងឧស្សាហកម្ម រួមទាំងការលើកកម្ពស់ការតភ្ជាប់ខ្សែសង្វាក់ឌីជីថល។
ទី២-ចែករំលែកព័ត៌មាន បទពិសោធន៍ និងការអនុវត្តល្អបំផុតលើការបង្កើត និងអនុវត្តគោលនយោបាយលើកកម្ពស់ឧស្សាហកម្ម ៤.០។
ទី៣-រៀបចំជាយុទ្ធសាស្ត្របង្រួបបង្រួមអាស៊ាន ស្តីពីការវិវឌ្ឍឧស្សាហកម្ម ៤.០ ដោយសង្កត់ធ្ងន់លើការលើកកម្ពស់នវានុវត្តន៍ និងឧស្សាហកម្មបច្ចេកវិទ្យា។
ទី៤-ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍក្របខណ្ឌគតិយុត្តក្នុងការគាំទ្រការផ្លាស់ប្តូរឧស្សហកម្មអាស៊ាន ទៅឧស្សហកម្ម ៤.០ តាមរយៈកិច្ចសន្ទនាសាធារណ: និងឯកជន ជាមួយនឹងការសហការជាមួយអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងគោលដៅសម្របសម្រួលការអនុលោម និងការបញ្ជាក់ស្តង់ដារឌីជីថល សម្របសម្រួលលំហូរទិន្នន័យឆ្លងដែន និងអភិវឌ្ឍវេទិការួមមួយលើតំណរភ្ជាប់ស្ថិតិឧស្សាហកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
ទី៥-ចូលរួមដោះស្រាយបញ្ហាប្រឈម ដែលនឹងកើតមានឡើងពីការរីកចម្រើននូវឧស្សាហកម្ម ៤.០ ក្នុងអាស៊ាន និងស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបនូវបញ្ហាប្រឈមទាំងនោះ។
ក្នុងពិធីនេះដែរ លោក រដ្ឋមន្ត្រី បានចូលរួមអបអរសារទរដល់ សមាជិកអង្គកាសហព័ន្ធវិស្វកម្មអាស៊ាន និងវិស្វករ ឬក្រុមហ៊ុនដែលមានស្នាដៃឆ្នើមក្នុងវិស័យវិស្វកម្ម ដែលទទួលបាននូវគោរមងារវិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម វិស្វករកិត្តិយសជាន់ខ្ពស់ វិស្វករកិត្តិយស យុវវិស្វករឆ្នើមអាស៊ាន និងអបអរសាទរចំពោះស្ថាប័នវិស្វកម្មប្រទេសឥណ្ឌូណេស៊ី ដែលនឹងទទួលទង់របស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន ទៅធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤១ ឆ្នាំ២០២៣៕ N