ដោយៈសុផល/ ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និង ស្ថាប័នជាតិទេសចរណ៍ជប៉ុន នឹងរៀបចំពិព័រណ៍ ទេសចរណ៍ ជប៉ុន នៅថ្ងៃទី១០ និងទី១១ ខែធ្នូ ឆ្នាំ២០២២ នៅ Lively Plaza ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។

ស្ថានទូតជប៉ុន បានឱ្យដឹងថា ពិព័រណ៍នេះរៀបចំឡើងក្នុង គោលបំណងផ្សព្វផ្សាយ វប្បធម៌ និងប្រពៃណីជប៉ុន ទៅ កាន់ប្រជាជនកម្ពុជានិងពង្រឹងចំណងទំនាក់ទំនង លើ វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ពិធីបើកពិព័រណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង១២ថ្ងៃ ក្រោមវត្តមានលោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក តានិណៃ អ៊ិឈិតុមុ ឧបទូតនិងជាអនុប្រធានបេសកកម្ម ការទូតជប៉ុន ប្រចាំកម្ពុជា។

សម្រាប់រយៈពេលពីរថ្ងៃនៃពិព័រណ៍នេះនឹងមានសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជាការសម្ដែងសិល្បៈវាយស្គរប្រពៃណីជប៉ុនដោយក្រុមមេគង្គដៃកុ ប្រចាំនៅទីក្រុងភ្នំពេញ ។អ្នកចូលរួមទាំងអស់នឹងបានទទួលយកនូវបទពិសោធជាមួយ«កាម៉ាគូរ៉ា»ដែលជាដំបូកព្រិលប្រពៃណីរបស់ប្រទេសជប៉ុនការស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុ យូកូតា និងថ្នាក់រៀន បត់ក្រដាស អូរីហ្គាមី ជាដើម។

ប្រភពស្ថានទូតជប៉ុនបានឱ្យដឹងថា៖ថ្មីៗនេះចំនួនភ្ញៀវទេសចរ កម្ពុជាទៅកាន់ប្រទេសជប៉ុនកំពុងមានការកើនឡើងដោយសារតែការបន្ធូរបន្ថយការរឹតបន្តឹងអន្តោប្រវេសន៍នៃប្រទេសទាំងពីរ៕សរន / N