ដោយៈសុផល/ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ខែធ្នូ បានបន្តសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៤ក្រោមអធិបតីភាពកិត្តិ សង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។សមាជិកព្រឹទ្ធសភាចំនួន ៥៧រូបមានវត្តមានក្នុងអង្គប្រជុំ។

ព្រឹទ្ធសភា បានពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ថវិកាឆ្នាំ២០២១និងឆ្នាំ២០២៣និងពិធីសារមួយចំនួនទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា។

សូមបញ្ជាក់ថា៖អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈ ចំនួនបី។របៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២១។សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុវត្ត ក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ ដើម្បីតម្រង់ការប្រើប្រាស់ ធនធាន សម្រាប់ទ្រទ្រង់ដល់និរន្តភាពនៃប្រតិបត្តិការរបស់រដ្ឋ និងសម្រាប់ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងជីវភាព របស់ប្រជាជន ព្រមទាំងស្តារ និងជំរុញការងើបឡើងវិញ នូវកំណើនសេដ្ឋកិច្ច ក៏ដូចជាដើម្បីសម្រេចនូវគោលដៅ សំខាន់ៗ នៃកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល។

ម្យ៉ាងទៀត ថវិកាឆ្នាំ២០២១ ត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ គោល នយោបាយដ៏មានប្រសិទ្ធភាព ដែលអាចជួយឱ្យ រាជរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហាប្រឈមនិងហានិភ័យ ផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស ហើយត្រូវបាន ប្រសិទ្ធនាមថា ជា «ថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពប្រជាជនព្រមជាមួយនឹង ការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ឡើង វិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិនៃជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាសុខសន្តិភាពស្ថិរភាព សង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែង របស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាព របស់ប្រជាជន» ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០៣ជំពូក និង២២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩៩សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំង ស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៧សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តី ព្រាង ច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង នៅក្នុងបរិការណ៍ ដែលសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ និងត្រឡប់ទៅរកភាព ប្រក្រតី បន្ទាប់ពីរាជរដ្ឋាភិបាលទទួលបានជោគជ័យដ៏ត្រចះ-ត្រចង់ ក្នុងការប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងក្នុងការគ្រប់គ្រងផលប៉ះពាល់ពីវិបត្តិជំងឺនេះបានយ៉ាងល្អ ទាំងការការពារសុខភាពសាធារណៈ ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងការធានាទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសឡើងវិញ ចាប់ពីខែវិច្ឆិកាឆ្នាំ ២០២១ និងបានធ្វើឱ្យសកម្មភាព សង្គម-សេដ្ឋកិច្ចក្នុងស្រុក ចាប់ផ្តើមវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

ថវិកាឆ្នាំ២០២៣ ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីតម្រង់ ធនធានឆ្ពោះទៅបន្តការពារអាយុជីវិត រក្សាលំនឹងជីវភាព ការងារ និងប្រាក់ចំណូលរបស់ប្រជាជនព្រមទាំង ទ្រទ្រង់ដល់ ការងើបឡើងវិញនៃសេដ្ឋកិច្ច ពិសេសការបន្តអនុវត្តក្របខ័ណ្ឌ យុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីសម្រាប់ ឆ្នាំ២០២១-២០២៣ ការធានាដល់ជោគជ័យនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧និងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការបន្តនិរន្តរភាពនៃប្រតិបត្តិការរ បស់រដ្ឋនិងការសម្រេចឱ្យបាននូវគោលដៅសំខាន់ៗនៃកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ដែលត្រូវបានកំណត់នៅក្នុង យុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ និងផែនការ យុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០៥ជំពូក និង១៤មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៨៩សំឡេង នៃចំនួន សមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦។ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ៤រូប បានឡើងមានយោបល់រួចមកលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៧សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី៣៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖
១-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្ម អនុសញ្ញាស្តីពី អាកាសចរណ៍ស៊ីវិលអន្តរជាតិ ដោយបន្ថែមមាត្រា៣ស្ទួន
២-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា ៥០(ក)នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ
៣-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រ-កម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៨៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦។
ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានផលប្រយោជន៍ពីពិធីសារទាំង៣នេះ ដូចខាងក្រោម៖
-កម្ពុជាមានសិទ្ធិក្នុងការចាត់វិធានការសមស្រប ដើម្បីការពារ ការរំលោភដែនអាកាសរបស់ខ្លួន និងទប់ស្កាត់ការប្រើប្រាស់ អាកាសយានក្នុងគោលបំណងមិនស្របនឹងគោលបំណង នៃអនុសញ្ញាសំដៅលើកកម្ពស់សន្តិសុខ និងសុវត្ថិភាព អាកាសចរស៊ីវិលកម្ពុជា។
-ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ អ្នកដំណើរតាមផ្លូវអាកាស និងអ្នកវិនិ យោគកាន់តែមានជំនឿលើសន្តិសុខ និង សុវត្ថិភាពដែនអាកាសកម្ពុជា ដែលតាមរយៈនេះ កម្ពុជាទាក់ទាញការហោះហើរនិងដឹកជញ្ជូនកាន់តែច្រើនមកកម្ពុជា
-ដើម្បីបង្ហាញពីសុឆន្ទៈ និងកិច្ចសហប្រតិបត្តិការល្អរបស់ កម្ពុជាជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងបើកឱកាសកាន់តែធំសម្រាប់កម្ពុជាក្នុងការចូលរួមដោយផ្ទាល់ទៅក្នុងយន្តការដឹកនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)
-ដើម្បីជំរុញឱ្យស្ថាប័នដឹកនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) កាន់តែមានប្រសិទ្ធភាព ធានាឱ្យមានសុខ សុវត្ថិភាព សម្រាប់ប្រតិបត្តិការហោះហើរ ក្នុងពិភពលោក និងនៅព្រះរាជាណាចក្រកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ កំណើនការងារ ការតភ្ជាប់វប្បធម៌រវាង ប្រជាជន និងប្រជាជន។
ក្រោយពីសមាជិកព្រឹទ្ធសភា ចំនួន ២រូប បានឡើងមាន យោបល់រួចមកលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕សរន / N