ដោយ:បូកគោ/កំពតៈ មន្ត្រីនៃលេខាធិការដ្ឋានរៀបចំការ បោះឆ្នោត ខេត្តកំពតបានបញ្ជាក់ថាការពិនិត្យបញ្ជី និង ចុះ ឈ្មោះអ្នកបោះឆ្នោតមានដំណើរការល្អដោយប្រជាពលរដ្ឋបានចូលរួមយ៉ាងផុលផុស។ប្រជាពលរដ្ឋជាងបីម៉ឺននាក់នៅទូទាំងខេត្តបានចុះឈ្មោះថ្មី ខណៈដែលជាងប្រាំបួនពាន់នាក់ត្រូវបានលុបចេញពីបញ្ជីអ្នកបោះឆ្នោត។

លោក ហេង រ័ត្នសត្ថា អនុប្រធានលេខាធិការដ្ឋានរៀបចំការ បោះឆ្នោតខេត្តកំពតបានប្រាប់ឲ្យដឹងថាប្រជាពលរដ្ឋមានការយល់ដឹងយ៉ាងទូលំទូលាយពាក់ព័ន្ធការពិនិត្យបញ្ជី និងចុះឈ្មោះ អ្នក បោះឆ្នោតឆ្នាំ២០២២ តាមរយ:ការផ្សព្វផ្សាយលើបណ្តាញ ទំនាក់ ទំនងសង្គម វិទ្យុ ទូរទស្សន៍ និងអាជ្ញាធរមូលដ្ឋាន ជា ដើម។ គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងខេត្តកំពត ប្រជាពលរដ្ឋបានមកចុះឈ្មោះថ្មីសរុបប្រមាណជាង៣ម៉ឺន ខណៈដែលជាង៩ពាន់ឈ្មោះត្រូវបានលុបចេញពីបញ្ជីដោយសារមូលហេតុផ្សេងៗ។

លោក ម៉ៅ ឈឿង សមាជិកក្រុមប្រឹក្សាឃុំដំបូងខ្ពស់ ស្រុកអង្គរជ័យ បានប្រាប់ឲ្យដឹងដែរថាពលរដ្ឋក្នុងមូលដ្ឋាន របស់ លោកបានមកចូលរួមពិនិត្យ និងចុះឈ្មោះបោះឆ្នោតយ៉ាង ច្រើនដោយសារការផ្សព្វផ្សាយរបស់អាជ្ញាធរបានទៅដល់បណ្តាខ្នងផ្ទះនីមួយៗ។ ពួកគាត់បានយល់ច្បាស់អំពីសារសំខាន់ នៃការមកពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ។

ពលរដ្ឋក្នុងឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យបានបង្ហាញនូវការយល់ ឃើញរបស់ពួកគាត់ថាការមកពិនិត្យបញ្ជីឈ្មោះ និងចុះ ឈ្មោះបោះឆ្នោតពិតជាមានសារសំខាន់ក្នុងការប្រើប្រាស់សិទ្ធិ និងតួនាទីដើម្បីឆ្ពោះទៅបោះឆ្នោតជ្រើសរើសមេដឹកនាំដែលពួកគាត់ពេញចិត្ត។

សូមបញ្ជាក់ថាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ បានចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា និងបញ្ចប់ត្រឹម ថ្ងៃទី៨ ខែធ្នូ។ មន្ត្រីក្នុងដែនការងារតែងបានអំពាវដល់ពលរដ្ឋប្រញាប់ទៅពិនិត្យ និងចុះឈ្មោះឲ្យបានទាន់ពេលវេលាតាមឃុំសង្កាត់ ឬនៅ ស្រុក កំណើតរៀងៗខ្លួន។ នៅខេត្តកំពត ប្រជាពលរដ្ឋដែលមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៣៩៩.៣៨៥នាក់៕សរន / N