ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ទាហានថៃបានប៉ះទង្គិចជាមួយពួករត់ពន្ធនិងឈ្មួញគ្រឿងញៀននៅតំបន់ព្រៃក្រាស់មួយនៅភាគខាងជើងប្រទេសក្បែរព្រំដែនមីយ៉ាន់ម៉ា ដោយបានសម្លាប់ជនសង្ស័យជាអ្នកលួចដឹកជញ្ជូនថ្នាំញៀនឆ្លងកាត់ព្រំដែនចំនួន១៥នាក់ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរថៃកាលពីថ្ងៃព្រហស្បតិ៍ទី៨ធ្នូ។
ទាហានល្បាតបានពើបប្រទះជនសង្ស័យមួយក្រុមដែលស្ពាយសាក់កាដូកាលពីល្ងាចថ្ងៃពុធនិងបានបញ្ជាអោយពួកគេឈប់ តែពួកគេបានបាញ់លើកងយោធាដែលទទួលបន្ទុកសន្តិសុខនៅបណ្តាខេត្តជាប់ព្រំដែនភាគខាងជើង។
ការបាញ់គ្នាបានចំណាយពេលអស់ប្រមាណដប់នាទី។មិនមានទាហានថៃណាម្នាក់ស្លាប់ឬរងរបួសពីការប៉ះទង្គិចគ្នានេះទេតែកាលពីព្រឹកថ្ងៃព្រហស្បតិ៍យោធាថៃបានរកឃើញជនសង្ស័យជាពួកលួចដឹកជញ្ជូនថ្នាំញៀន១៥នាក់ស្លាប់នៅកន្លែងផ្ទុះអាវុធនិងរកឃើញសាក់កាដូចំនួន២៩ផ្ទុកថ្នាំញៀនមេតំហ្វេតាមីនពេញៗ។
អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតថាជនសង្ស័យទាំងនេះបាននាំថ្នាំញៀនមកពីមីយ៉ាន់ម៉ាឬយ៉ាងណា ទោះជាយ៉ាងណាកន្លែងផ្ទុះអាវុធនេះជាផ្លូវដឹកជញ្ជូនថ្នាំញៀនដ៏សាមញ្ញមួយសំរាប់ការលួចដឹកជញ្ជូនថ្នាំញៀនមកពីខាងមីយ៉ាន់ម៉ាចូលថៃ។
ចំនួនថ្នាំញៀនដែលរឹបអូសបានមានចំនួនប៉ុន្មាននៅមិនទាន់បញ្ចេញអោយដឹងភ្លាមនៅឡើយ និងក្រុមការងារក៏មិនបានបញ្ជាក់ថាតើមានជនសង្ស័យប៉ុន្មាននាក់បានរត់គេចខ្លួនរួច៕
ទាហានថៃចុះឆែកឆេរនិងស្វែងរកក្នុងព្រៃ កន្លែងដែលមានការប៉ះទង្គិចគ្នាកាលពីយប់ថ្ងៃពុធ ដោយមានរកឃើញសាកសពជនសង្ស័យជាមួយនឹងថ្នាំញៀនជាច្រើនសាក់កាដូនៅក្បែរព្រំដែនមីយ៉ាន់ម៉ា