ដោយៈ​សុផល​/​ភ្នំពេញ​៖ គណៈប្រតិភូ​ក្លឹប​ឆ្នេរ​ដែល​អញ្ជើញ​ចូលរួម​ដោយផ្ទាល់​ក្នុង​មហាសន្និបាត​លើក​ទី​១៦ ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​មកដល់​ជា​បណ្តើរៗ​ហើយ​នា​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២២​នេះ​។​

​គួរ​បញ្ជាក់ថា កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​លើក​ទី​១៦ ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក ចាប់ពី​ថ្ងៃ​៩ ដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ ដោយ​ពិធី​មហាសន្និបាត នឹង​ប្រារព្វ​ឡើង​នា​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមបញ្ជាក់ថា​ប្រតិភូ​អន្តរជាតិ​ជាង​១៣០​នាក់ មកពី​២១​ប្រទេស​ជុំវិញ​ពិភពលោក​បាននិងកំពុង​ធ្វើដំណើរ​ចូលមក​កម្ពុជា ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​និង​សន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​លើ​សាកលលោក ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៨-១៤ ខែធ្នូ ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ​។​

​ប្រតិភូ​អន្តរជាតិ​ទាំងនោះ​គឺ​តំណាងឱ្យ​ឆ្នេរសមុទ្រ​ចំនួន​៣៤​ឆ្នេរ មកពី​ប្រទេស​ចំនួន​២១​ជុំវិញ​ពិភពលោក ក្នុងនោះ​រួមមាន​មកពី​វៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៊ីស្រាអែល តួ​ក​គី បារាំង អេ​ស្ប៉ា​ញ ព័រទុយហ្កាល់ កាណាដា ប្រេ​ស៊ី​ល ម៉ា​ទី​និក​(​នៅ​សមុទ្រ​ការី​បង់​) ម៉ា​រ៉ុ​ក ម៉ូ​សំ​ប៊ិក សេ​ណេ​ហ្កា​ល់ អង់​ហ្គោ​ឡា រួមទាំង​ប្រទេស​កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ​ផងដែរ​។ ក្រៅពីនេះ​ក៏មាន​ប្រតិភូ​តំណាងឱ្យ​ឆ្នេរ​សង្កេតការណ៍​៣​ទៀត រួមមាន​មកពី​ម៉ាឡេស៊ី ហ្វាំ​ង​ឡង់ និង​ប៉ា​ពូ​នូ​វែ​ល​ហ្គី​ណេ​៕​/R