ដោយៈ​ មុនីរ័ត្ន/ភ្នំពេញ៖​ អ្នកនាំពាក្យ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)​ លោកហង្ស ពុទ្ធាបានបញ្ជាក់ក្នុងសន្និសីទ កាសែតកាលពីព្រឹកថ្ងៃទី៨​ ខែធ្នូនេះថា​ លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ​គិតត្រឹមរសៀល ថ្ងៃទី៧ ខែធ្នូលទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត​តាមឃុំ សង្កាត់ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ៥៧៧.៥៥០នាក់(ស្រ្តីចំនួន២៨៨.៥៥១នាក់)ដែលស្មើនឹង១៤១.១៩ភាគរយនៃស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានដែលអាចមកចុះឈ្មោះបោះឆ្នោតបាន។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ២៥៨.៣៧២នាក់។អ្នកស្នើសុំកែតម្រូវទិន្នន័យក្នុង បញ្ជីបោះឆ្នោតមានចំនួន ៦០.៧៦៩នាក់​ និងអ្នកផ្ទេរចូលមានចំនួន ១៧៨.៥២១នាក់ ។​ ​នេះជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ហើយតួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀត​ នៅពេលបូកបញ្ចូលតួលេខ ដែលក្រុមចុះឈ្មោះបោះឆ្នោតបានចុះបន្ថែមទៀត នៅក្នុងថ្ងៃនេះ។

លោក ហង្ស​ ពុទ្ធា​ បានបន្តថា​ ការ​បញ្ជូនលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ​ បោះ​​ឆ្នោត មក គ.ជ.ប បន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ត្រូវបានបញ្ចប់ ហើយបណ្តឹងពាក់ព័ន្ធនឹងការបដិសេធការសុំចុះឈ្មោះបោះឆ្នោត ត្រូវបានដោះស្រាយរួចរាល់ (ក្នុងករណី​​មានបណ្តឹង) ឬប្រសិនបើពុំមានបណ្តឹង ក្រុមចុះឈ្មោះបោះឆ្នោត ត្រូវចាត់ចែងបំពេញនូវរបាយការណ៍ស្តីពីលទ្ធផល​នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមការិយាល័យ​បោះឆ្នោតនៃឃុំ សង្កាត់នីមួយៗ ដាក់ចូលក្នុងកញ្ចប់ «ក» ។ ឯកសារ ដែលត្រូវដាក់ចូលក្នុងកញ្ចប់ «ក» រួមមាន៖
– ស្រោមសំបុត្រដាក់រាល់សម្រង់សេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាឃុំ សង្កាត់ យល់ព្រមលើពាក្យបណ្តឹងតវ៉ា (ទ.១២០៣) ដែលតម្រូវឱ្យក្រុមចុះឈ្មោះបោះឆ្នោត ចុះឈ្មោះអ្នកប្តឹងតវ៉ាសុំចុះឈ្មោះទៅក្នុងបញ្ជីបោះឆ្នោត​នៃការិយាល័យពាក់ព័ន្ធ (ប្រសិនបើមាន)
– ស្រោមសំបុត្រដាក់របាយការណ៍ស្តីពីលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ​​បោះឆ្នោត​នៃការិយាល័យបោះឆ្នោត (ទ.១០១១) ។
​បន្ទាប់មក ក្រុមចុះឈ្មោះបោះឆ្នោត ត្រូវចាត់ចែងវេចខ្ចប់កញ្ចប់ «ក» និងសម្ភារ ឯកសារពាក់ព័ន្ធ​នឹងការចុះឈ្មោះបោះឆ្នោតទាំងអស់ ដោយដាក់ទៅក្នុងស្បោង «ខ» តាមចំនួនដែលអាចដាក់អស់កញ្ចប់ «ក» និង​សម្ភារ ឯកសារទាំងនោះដើម្បីបញ្ជូនទៅលេខាធិការដ្ឋានរាជធានី ខេត្ត​រៀបចំកា​​រ​បោះ​ឆ្នោត (លធ.ខប) ។
​ការវេចខ្ចប់កញ្ចប់ «ក» ដាក់ក្នុងស្បោង «ខ» និងបញ្ជូនពីឃុំ សង្កាត់ ទៅលេខាធិការដ្ឋាន​រាជ​ធានី ខេត្ត​រៀបចំកា​​រ​បោះ​ឆ្នោត ត្រូវធ្វើ​យ៉ាងយូរត្រឹមថ្ងៃទី៤ បន្ទាប់ពីថ្ងៃបញ្ចប់ការចុះឈ្មោះបោះឆ្នោត ក្នុងករណី​ពុំមានបណ្តឹងតវ៉ា​អំពី​ការបដិសេធការសុំចុះឈ្មោះបោះឆ្នោត (ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ)។ ប្រសិនបើមានបណ្តឹងតវ៉ាអំពីការបដិសេធការសុំចុះឈ្មោះ​បោះឆ្នោត ត្រូវបានដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាឃុំ សង្កាត់ ការបញ្ជូនកញ្ចប់ «ខ» ត្រូវអនុវត្តនៅថ្ងៃទី៧ បន្ទាប់ពីថ្ងៃបញ្ចប់ការចុះឈ្មោះបោះឆ្នោត (ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ)។

​នៅពេលប្រគល់ ទទួលស្បោង «ខ» ពីក្រុមចុះឈ្មោះបោះឆ្នោត មន្ត្រីលេខាធិការដ្ឋាន​រាជ​ធានី ខេត្ត​រៀបចំកា​​រ​បោះ​ឆ្នោត ត្រូវត្រួតពិនិត្យថា ស្បោង «ខ» ទាំងឡាយមិនត្រូវបានគេរុះរើឡើយ។ នៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោតនៃឃុំ សង្កាត់ពាក់ព័ន្ធ មន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្ត​រៀប​ចំ​កា​​រ​បោះ​ឆ្នោត​ ត្រូវត្រួតពិនិត្យឱ្យប្រាកដថា ស្បោង «ខ»​ នីមួយៗមានផ្ទុកកញ្ចប់ «ក» ឬ/និងកញ្ចប់ដាក់​គល់​សន្លឹក ទ.១០២២ ដែលបានប្រើហើយសរុបក្នុងឃុំ សង្កាត់ និងស្រោមសំបុត្រដាក់ទម្រង់បែបបទផ្សេងទៀតគ្រប់ចំនួន។
​នៅពេលទទួល និងត្រួតពិនិត្យ ស្បោង «ខ» រួចរាល់ហើយ មន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្ត​​រៀបចំកា​​រ​បោះ​ឆ្នោត ត្រូវចាត់ចែងវេចខ្ចប់ស្បោង «ខ» ដាក់ក្នុងស្បោង «គ» សម្រាប់បញ្ជូន និងប្រគល់ទៅនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន។

អ្នកនាំពាក្យបានបញ្ជាក់ថា​ ការប្រកាសបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ​ក្នុងរយៈពេល៥០ថ្ងៃ នៃដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ កន្លងមកនេះ ជាការកត់សម្គាល់ ឃើញថា៖
– គ.ជ.ប និងមន្ត្រី គ.ជ.ប គ្រប់ជាន់ថ្នាក់ ពិសេសក្រុមចុះឈ្មោះបោះឆ្នោតបានត្រៀមខ្លួន និងបានអនុវត្តយ៉ាងត្រឹមត្រូវ តាមច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងឯកសារគតិយុត្តផ្សេងទៀត ដែលធ្វើឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ ប្រព្រឹត្តទៅរលូនល្អ មានសណ្តាប់ធ្នាប់ និងប្រកបដោយសន្តិសុខសុវត្ថិភាព
– គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) គណៈបញ្ជា​ការឯកភាពរដ្ឋបាលរាជធានី ខេត្ត បានផ្តល់នូវកិច្ចសហការល្អតាមតួនាទី ដែលធ្វើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដំណើរការល្អប្រកបដោយសន្តិសុខ សុវត្ថិភាព
– អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរឃុំ សង្កាត់ បានផ្តល់នូវកិច្ចសហការ​យ៉ាងស្អិតរមួត និងបានចូលរួមគ្រប់ភារកិច្ច​ក្នុងដំណាក់កាលនានា ដើម្បីជំរុញឱ្យដំណើរការនេះប្រព្រឹត្តទៅដោយជោគជ័យ
– ភាគីពាក់ព័ន្ធនានា តួយ៉ាងដូចឯកឧត្តម លោកជំទាវ លោក លោកស្រី បានចូលរួមយ៉ាងសកម្ម​តាមការអញ្ជើញដោយ គ.ជ.ប លធ.ខប ក្រុមប្រឹក្សាឃុំ សង្កាត់ និងតាមភារកិច្ច​រៀង​ៗខ្លួន
– ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គ.ជ.ប ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ អ្នកចុះឈ្មោះទាំងអស់ យកចិត្តទុកដាក់អនុវត្តវិធានការបង្ការ និងទប់ស្កាត់ ការឆ្លងមេរោគកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព
– ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់​ និងបានចូលរួមយ៉ាងកុះករក្នុងដំណើរការពិនិត្យបញ្ជី ឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៕​សរន / N

រូបថត (​ គ .ជ. ប )