ប្រែ​សម្រួល : កញ្ញា​ដា​លី​ស,បំណង (​បាងកក​ប៉ុស្តិ៍​) ៖ ត្រឹមតែ ២៤ ម៉ោង​បន្ទាប់ពី​ក្រុមហ៊ុន Toyota Motor Thailand បានចាប់ផ្តើម​ទទួល​ការ​កក់​ទុក​មុន​សម្រាប់​រថយន្ត SUV អគ្គិសនី bZ4X ថ្មី​របស់​ខ្លួន ក្រុមហ៊ុន​ដាច់ចិត្ត​ត្រូវតែ​បិទ​ការ​កក់​ទុក​មុន​ដោយសារតែ​ចំនួន​អតិថិជន​បង្ហាញ​ចំណាប់​អារម្មណ៍​មាន​ច្រើន​ខ្លាំងពេក​។​

​យោង​តាម​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​មួយ​នេះ​បានឱ្យដឹងថា ការបញ្ជា​ទិញ​ទុក​ជាមុន​ចំនួន ១.០៦៤ ត្រូវបាន​ដាក់​លើ​អ៊ីនធឺណិត​សម្រាប់​រថយន្ត bZ4X ក្នុង​រយៈពេល​មួយ​ម៉ោង​ដំបូង ដោយ​ចាប់ផ្តើម​នៅ​ម៉ោង ៨ យប់​ថ្ងៃទី ៩ ខែវិច្ឆិកា ជាមួយ​នឹង​ចំនួន​កក់​កើនឡើង​ដល់ ៣.៣៥៦ ត្រឹម​ម៉ោង ៨ យប់​នៅ​ថ្ងៃ​បន្ទាប់​។ Toyota បាន​និយាយថា នេះ​គឺ​ខ្ពស់​ជាង​ការរំពឹងទុក ហើយ​ក៏​សម្រេចចិត្ត​បញ្ឈប់​ការបញ្ជាទិញ​នៅ​ថ្ងៃ​ដដែល​នោះ​តែម្តង​។​

​រថយន្ត Toyota bZ4X លក់រាយ​ក្នុងតម្លៃ ១,៨៦៣ លាន​បាត បន្ទាប់​ពី​បញ្ចុះ ១៥០.០០០ បាត​ពី​ការឧបត្ថម្ភ​ធន​របស់​រដ្ឋាភិបាល​សម្រាប់​រថយន្ត EV ដែល​មាន​កម្លាំង​អាគុយ​ជាង ៣០kWh​។​

​វា​ភ្ជាប់​មក​ជាមួយ​អាគុយ​លី​ចូម​អ៊ី​យ៉ុង​កម្លាំង ៧១,៤kWh ដែល​ផ្តល់​ថាមពល​ដល់​ម៉ូទ័រ​អគ្គិសនី​ចំនួន ២ កម្លាំង ១០៩​សេះ (​មួយ​នៅ​ខាង​មុខ និង​មួយទៀត​នៅ​ខាងក្រោយ​) ដែល​ផ្តល់​ថាមពល​សរុប ២១៨​សេះ ជាមួយនឹង​កម្លាំង​បង្វិល​អតិបរមា ៣៣៧Nm​។​

​ខណៈ​រថយន្ត bZ4X បង្កើនល្បឿន​ពី ០-១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​ថេរៈវេលា​ត្រឹម ៦,៩ វិនាទី ល្បឿន​កំពូល​របស់​វា​ត្រូវបាន​កំណត់​ត្រឹម ១៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

 

​ទន្ទឹមនេះដែរ រយៈ​ចម្ងាយ​បើកបរ​ពេល​សាក​ភ្លើង​ពេញ​គឺ ៤១១ គីឡូម៉ែត្រ​។ ពេលវេលា​សាក​ភ្លើង​ពេញ​គឺ ៩,៥ ម៉ោង​ជាមួយ​ភ្លើង ២៣០V ឬ ៣២A ហើយ​អាច​សាក​ភ្លើង​ពេញ​ត្រឹម​៣០​នាទី​តាមរយៈ​ប្រព័ន្ធ​សាក​ភ្លើង​លឿន ១៥០ kW DC៕

​រថយន្ត​អគ្គិសនីToyota bZ4Xនៅថៃថ្លៃជាង៥៣.០០០ដុល្លារ

​រថយន្ត Toyota bZ4X លក់រាយ​ក្នុងតម្លៃ ១,៨៦៣ លាន​បាត