ដោយ៖ដេប៉ូ /ភ្នំពេញ៖ ប្រភេទសត្វត្រយងយក្ស ឬប្រជាសហគមន៍តែងហៅថាសត្វឪលើក ជាសត្វស្លាបនិមិត្តសញ្ញាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា មានប្រមាណ ៣០០ ក្បាលប៉ុណ្ណោះលើពិភពលោក ហើយ ៩៩ភាគរយ មានវត្តមានក្នុងប្រទេសកម្ពុជាក្នុងនោះសត្វត្រយងយក្សពេញវ័យមានតិចជាង ២០០ ក្បាល ។


សត្វត្រយងយក្ស ឈ្មោះវិទ្យាសាស្ត្រថា Thaumatibis gigantea ជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ ទោះបីជាក្នុងរយៈពេលកន្លងមក សត្វនេះមានវត្តមានច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្តី ក៏ប៉ុន្តែបច្ចុប្បន្ននេះ មានវត្តមានតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ ប្រទេសកម្ពុជាជាប្រទេសទី១ ដែលបានផ្តល់រូបថតប្រភេទសត្វត្រយងយក្សនេះក្នុងធម្មជាតិមុនគេលើពិភពលោក។ យោងតាមការជំរឿនសត្វត្រយងរបស់អង្គការដៃគូនានារបស់ក្រសួងបរិស្ថាន ត្រយងយក្សដែលជាសត្វរងគ្រោះបំផុតនៅលើពិភពលោកមានចំនួនប្រមាណ ៣០០ ក្បាលស្មើនឹង ៩៩ភាគរយ នៃសត្វត្រយងយក្សរបស់ពិភពលោក ក្នុងនោះសត្វត្រយងយក្សពេញវ័យមានក្រោម ២០០ ក្បាល ។
យោងតាម ទំព័រហ្វេសប៊ុកររបស់ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា៖សត្វប្រភេទនេះបានកំពុងស្ថិតក្នុងស្ថានភាពរងគ្រោះជិតផុតពូជនៅលើពិភពលោក ដែលទាមទារឱ្យមានការចូលរួមថែរក្សា អភិ រក្សប្រភេទសត្វនេះ ឱ្យនៅគង់ វង្សយូរអង្វែង។ ប្រទេសកម្ពុជាគឺជាទី ជម្រកដ៏ធំតែមួយគត់នៅលើពិភពលោក សម្រាប់សត្វត្រយងយក្ស។ កម្ពុជាមានមោទកភាពដែលមានសត្វកម្រនេះ ហើយចាំបាច់យើងទាំងអស់គ្នាត្រូវរួមគ្នាការពារ និងអភិរក្សសត្វដ៏កម្រប្រភេទនេះ ឱ្យបានគង់ វង្សស្ថិតស្ថេរសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ដើម្បីផលប្រយោជន៍នៃជីវៈចម្រុះពិភពលោកទាំងមូល។
បច្ចុប្បន្ននេះ ក្រសួងបរិស្ថានដោយសហការជាមួយអង្គការអភិរក្សនានា និងសហគមន៍តំបន់ការពារធម្មជាតិអនុវត្តកម្មវិធីឃ្លាំមើលសំបុកសត្វត្រយងយក្សនិងប្រភេទសត្វកម្រៗផ្សេងទៀតដូចជាសត្វត្រដក់ សត្វត្មាតជាដើមដើម្បីការពារទីសុវត្ថិភាពកន្លែងពងកូនរបស់វា។ សំបុកសត្វត្រយងយក្សជាច្រើនត្រូវបានការពារ និងទទួលបានជោគជ័យលើការញាស់កូនត្រយងយក្ស ដែលជាក្តីសង្ឃឹមដ៏មុតមាំនៃការអភិរក្សសត្វស្លាបដ៏កម្រនេះ។
គួរបញ្ជាក់ថា នៅឆ្នាំ២០០៥ សត្វត្រយងយក្សត្រូវបានកំណត់ដោយព្រះរាជក្រឹត្យជាសត្វស្លាបនិមិត្តសញ្ញាជាតិរបស់ប្រទេសកម្ពុជា។ សត្វត្រយងយក្សជាសត្វរងគ្រោះបំផុតជិតផុតពូជ ហើយសត្វនេះត្រូវបានការពារដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារនិងអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកសនេះដោយប្រុងប្រយ័ត្នបំផុត ៕ N