ដោយៈភ្នំខៀវ/បាត់ដំបង៖ ជនសង្ស័យដែលបាញ់កណ្តាលក្រុងបាត់ដំបងបណ្តាលឱ្យភាគីជម្លោះស្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់។

នគរបាលស្នងការខេត្តបាត់ដំបងបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដែលបាញ់លើក្រុមជនរងគ្រោះកាលពីព្រឹកព្រហាម ថ្ងៃទី ៨ ខែធ្នូ នេះត្រូវបានកម្លាំងជំនាញស្នងការនគរបាលខេត្តបាត់ដំបងសហការជាមួយកម្លាំងបង្ក្រាបរបស់ស្នងការខេត្តបន្ទាយមានជ័យកំណត់មុខសញ្ញាឃាត់ខ្លួនបានម្នាក់ហើយនៅរសៀលថ្ងៃដដែល ។បច្ចុប្បន្នចំពោះមុខកម្លាំងការិយាល័យជំនាញកំពុងសាកសួរ។ រីឯបក្ខពួកឯទៀតសមត្ថកិច្ចកំពុងបន្តនីតិវិធីតាមចាប់ខ្លួន។

ជនសង្ស័យមានឈ្មោះក្នុងបណ្តាញសង្គម តុង តុង ។ចំណែកឯជនរងគ្រោះស្លាប់ឈ្មោះរឿង សារ៉ង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។អ្នកទាំងពីរនាក់ក៏ដូចជាបក្ខពួកកន្លងមកធ្លាប់ទំនាក់ ទំនងរាប់អានគ្នាហើយមានមិត្តស្រីម្នាក់ដើរលេងជាមួយគ្នាថែមទៀត។រហូតចុងក្រោយជនរងគ្រោះបានប្រច័ណ្ឌនឹងសង្សាររបស់ខ្លួនជាមួយជនសង្ស័យដែលធ្លាប់បបួលបាញ់តទល់គ្នាមួយលើកជាពីរលើក។ទីបំផុតនៅព្រឹកថ្ងៃកើតហេតុពួកគេបានណាត់ជួបគ្នាម្តងទៀតដើម្បីជម្រះគំនុំភ្លើងប្រច័ណ្ឌដែលកើតមានទាំងអស់ចេញ។

ករណីបាញ់បោះសេរីផ្ទុយនឹងច្បាប់នេះបានកើតឡើងនៅវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ត្រង់ចំណុចមាត់សួនច្បារមាត់ស្ទឹងសង្កែ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង និងខេត្តបាត់ដំបង៕សរន/R