សង្គ្រាម​ពន្ធ​របស់​អាមេរិក​និង​ចិន​កើតឡើង​ដោយសារ​អ្វី និង​មាន​ផលប៉ះពាល់​លើ​អ្វីខ្លះ​?

2089
ចែករម្លែក

​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​យ៉ាង​ក្លាហាន​ថា សង្គ្រាម​ពាណិជ្ជកម្ម​ងាយស្រួល​យកឈ្នះ​ណាស់​។ គាត់​នឹង​ដឹងថា​ងាយ​ឬ​មិន​ងាយ​។​

​រដ្ឋបាល​ត្រាំ​នៅ​ថ្ងៃ​សុក្រ​នេះ​គ្រោង​នឹង​ចាប់ផ្តើម​វាយ​ពន្ធ​លើ​ទំនិញ​នាំចូល​របស់​ចិន​តម្លៃ ៣៤ ពាន់​លាន​ដុល្លារ​។ ហើយ​ចិន​បាន​សន្យាថា​សងសឹក​ភ្លាមៗ​ជាមួយ​ការ​វាយ​ពន្ធ​លើ​ទំនិញ​នាំចូល​របស់​អាមេរិក​ក្នុង​ចំនួន​ទឹកប្រាក់​ដូចគ្នា​។​

​ហើយ​ដូច្នេះ សង្គ្រាម​ពាណិជ្ជកម្ម​ពោរពេញ​ដោយ​ហានិភ័យ​ខ្ពស់​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំៗ​ទាំង​២​លើ​ពិភពលោក​នេះ​បានចាប់ផ្តើម​ហើយ ដែល​វា​អាច​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​។​

​លោក អា​ស្លី ក្រេ​ក មេធាវី​ពាណិជ្ជកម្ម​នៅ​ក្រុមហ៊ុន Venable LLP បាន​និយាយថា “​ខ្ញុំ​មើលឃើញ​ពួកយើង​នឹង​ប៉ះទង្គិច​គ្នា​ពេញទំហឹង​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ទៀត​។ វា​ហាក់ដូចជា​ភាគី​ទាំង​២​ប៉ះទង្គិច​ស្មើ​ដៃ​គ្នា​”​។​

​នេះ​ជា​អ្វីដែល​កំពុង​កើតឡើង និង ផលប៉ះពាល់​របស់​វា​។​

* តើ​សហរដ្ឋអាមេរិក​កំពុង​ធ្វើ​អ្វី​?

​កាលពី​សប្តាហ៍​មុន​សេត​វិមាន​បានប្រកាស​ពី​ផែនការ​វាយ​ពន្ធ ២៥ ភាគរយ​លើ​ទំនិញ​នាំចូល​ពី​ចិន​ចំនួន ១.១០០​មុខ ដែលមាន​តម្លៃ​សរុប ៥០ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ដំបូង​ឡើយ សេត​វិមាន​បានស្នើ​វាយ​ពន្ធ​តាំងពី​ខែមេសា លើ​ទំនិញ​ចិន ១.៣៣៣ មុខ​។ បន្ទាប់ពី​ទទួលបាន​មតិយោបល់​ពី​សាធារណជន រដ្ឋបាល​ត្រាំ​បាន​កាត់បន្ថយ​ទំនិញ​ចំនួន ៥១៥ មុខ​ចេញពី​បញ្ជីខ្មៅ និង​បាន​បន្ថែម​ទំនិញ ២៨៤ មុខ​ផ្សេងទៀត​ចូល​បញ្ជី​។​

​ចាប់ពី​ថ្ងៃ​សុក្រ​ទី​៦​កក្កដា​សហរដ្ឋអាមេរិក​នឹង​វាយ​ពន្ធ​លើ​ទំនិញ​ចិន​ចំនួន ៨១៨ មុខ​ដែលមាន​តម្លៃ ៣៤ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ពី​បញ្ជី​ដើម​។ អាមេរិក​នឹងមិន​ផ្តោតលើ​ទំនិញ​បន្ថែម ២៨៤ មុខ​ដែលមាន​តម្លៃ ១៦ ពាន់​លាន​ដុល្លារ​នោះទេ រហូតដល់​ខ្លួន​ប្រមូល​មតិ​សាធារណជន​បន្ថែ​ម​ទៀត​សិន​។​

* តើ​ចិន​ឆ្លើយតប​យ៉ាងដូចម្ដេច​?

​ចិន​បាន​ព្រមាន​ថា​ខ្លួន​នឹងមិន​រង​សម្ពាធ​ពី​លោក​ត្រាំ​ឡើយ​។ នៅពេលដែល​អាមេរិក​ចាប់ផ្តើម​វាយ​ពន្ធ​លើ​ទំនិញ​នាំចូល​របស់​ចិន​នៅ​ថ្ងៃ​សុក្រ​នេះ ប៉េកាំង​បាន​និយាយថា​ខ្លួន​នឹង​វាយ​ពន្ធ​ចំនួន ២៥ ភាគរយ​លើ​ផលិតផល​អាមេរិក​ចំនួន ៥៤៥ មុខ​ដែលមាន​តម្លៃ ៣៤ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​វិញ​ដូចគ្នា គឺ​ចាប់ពី​សណ្ដែកសៀង​និង​បង្កង​រហូតដល់​ផលិតផល​កីឡា រថយន្ត​និង​ស្រា​វី​ស្គី​។ ចិន​កំពុង​ពិចារណា​លើ​ការ​វាយ​ពន្ធ​លើ​ទំនិញ​បន្ថែមចំនួន ១១៤ របស់​អាមេរិក​ដែលមាន​តម្លៃ ១៦ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ផងដែរ​។​

​បញ្ជី​គោលដៅ​ទំនិញ​ត្រូវ​វាយ​ពន្ធ​របស់​ប៉េកាំង​គឺ​វាយលុក​ខ្លាំង​ទៅលើ​ផលិតផល​កសិកម្ម​រប​ស់​អាមេរិក​។ នោះ​មិនមែន​ជាការ​ចៃដន្យ​ទេ​។ ពន្ធ​របស់​ចិន​គឺមាន​បំណង​ផ្តល់​ការឈឺចាប់​ខ្លាំងៗ​ដល់​កសិករ​អាមេរិក ដែល​គាំទ្រ​លោក​ត្រាំ​ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០១៦ ហើយ​ផលប្រយោជន៍​របស់​ពួកគេ​ត្រូវបាន​តំណាង​ដោយ​ពួក​អ្នក​បញ្ចុះបញ្ចូល​និង​ពួក​សមាជិកសភា​។​

​ទន្ទឹមនឹង​នេះដែរ លោក​ត្រាំ​បាន​ប្រាប់​តំណាង​ពាណិជ្ជកម្ម​អាមេរិក គឺ​លោក រ៉ូបឺត ឡៃ​ធី​ហ្ស័​រ ដើម្បី​កំណត់​បន្ថែម​នូវ​ទំនិញ​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​សម្រាប់​វាយ​ពន្ធ​ចំនួន ១០ ភាគរយ​។ លោក​ត្រាំ​បាន​និយាយថា ការពិន័យ​ទាំងនេះ​នឹង​ចូល​ជា​ធរមាន ប្រសិនបើ​ប៉េកាំង​ខកខាន​ក្នុងការ​ធ្វើកំណែទម្រង់​កា​រ​អនុវត្ត​ពាណិជ្ជកម្ម​របស់ខ្លួន ហើយ​បន្ត​ដំណើរការ​វាយ​ពន្ធ​សងសឹក​។​

​ប៉ុន​ណឹ​ង​នៅ​មិនទាន់​អស់​ទេ លោក​ត្រាំ​បាន​គំរាម​វាយ​ពន្ធ​លើ​ផលិតផល​របស់​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​បន្ថែម​មួយទៀត ប្រសិនបើ​ប៉េកាំង​នៅតែ​បន្ត​សងសឹក​។​

* អ្វី​ទៅ​ដែល​នៅ​ពីក្រោយ​ជម្លោះ​អាមេរិក និង ចិន​?

​រដ្ឋបាល​ត្រាំ​បាន​ចោទប្រកាន់​ចិន​ថា​បាន​ប្រើ​វិធីសាស្ត្រ​ជញ្ជក់​ឈាម​ក្នុង​យុទ្ធនាការ​ខុសច្បាប់​ដើម្បី​យកឈ្នះ​លើ​ភាពខ្លាំង​ខាង​បច្ចេកវិជ្ជា​ដ៏​កំពូល​របស់​អាមេរិក​។ មន្ត្រី​សហរដ្ឋអាមេរិក​បាន​ចង្អុល​ទៅលើ​ផែនការ​អភិវឌ្ឍ​រយៈពេល​វែង​របស់​ក្រុង​ប៉េកាំង គឺ “​ផលិត​នៅក្នុង​ប្រទេស​ចិន ឆ្នាំ ២០២៥” ដែល​អំពាវនាវ​ឱ្យ​បង្កើត​អង្គភាព​ចិន​ដ៏​មានអំណាច​នៅក្នុង​វិស័យ​ដូចជា​បច្ចេកវិជ្ជា​ព័ត៌មាន មនុស្ស​យន្ត បរិក្ខារ​យានអវកាស រថយន្ត​អគ្គីសនី និង​ឱសថ​ជីវសាស្ត្រ​។​

​ក្រុម​ជំនួញ​បរទេស​បាន​អះអាងថា ផែនការ “​ផលិត​នៅក្នុង​ប្រទេស​ចិន​ឆ្នាំ ២០២៥” គឺជា​ការបង្ខំ​ដោយ​មិន​យុត្តិធម៌​ឱ្យ​ពួកគេ​នៅក្រៅ​វិស័យ​ឧស្សាហកម្ម​។ ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​បាន​សំយោគ​ខ្លី​យ៉ាង​ដូច្នេះ​ថា បន្ទាប់ពី​ការស៊ើបអង្កេត​មួយ​ឃើញថា ចិន​បាន​ប្រើ​យុទ្ធវិធី​ជាច្រើន​រាប់​ចាប់ពី​ការតម្រូវ​ឱ្យ​ក្រុមហ៊ុន​អាមេរិក​និង​ក្រុមហ៊ុន​បរទេស​ដទៃទៀត​ប្រគល់​បច្ចេកវិជ្ជា​ដើម្បី​ជា​ថ្នូរ​ទទួលបាន​សិទ្ធិ​ចូលទៅ​ទីផ្សារ​ចិន​ដ៏​ធំ​ទូលាយ​របស់​ចិន រហូតដល់​ការ​លួច​ប្លន់​តាម​អ៊ី​ន​ធឺ​ណេ​ត​។ អាមេរិក​ក៏​អះអាង​ដែរ​ថា ប៉េកាំង​បាន​ប្រើប្រាស់​ប្រាក់​របស់​រដ្ឋ​ដើម្បី​ទិញ​បច្ចេកវិជ្ជា​អាមេរិក​ក្នុងតម្លៃ​ខ្ពស់ ដែល​ក្រុមហ៊ុន​ឯកជន​មិនអាច​រ៉ាប់រង​បាន​។​

​កាលពី​ខែឧសភា សេត​វិមាន​បាន​និយាយថា​ខ្លួន​នឹង​ប្រកាស​អំពី​ការទប់ស្កាត់​ការវិនិយោគ​របស់​ចិន​នៅក្នុង​បច្ចេកវិជ្ជា​នៅក្នុង​សហរដ្ឋអាមេរិក​គិត​ត្រឹម​ថ្ងៃទី ៣០ មិថុនា ហើយ​ដាក់​កំហិត​ទាំងនោះ​ភ្លាមៗ​បន្ទាប់ពីនោះ​តែម្តង​។ ប៉ុន្តែ​ឥឡូវ​អាមេរិក​បាន​ទម្លាក់ចោល​ផែនការ​នោះ​វិញ​ហើយ​។​

* តើ​នឹងមាន​ផលប៉ះពាល់​អ្វីខ្លះ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​?

​ផលប៉ះពាល់​ពី​ការ​វាយ​ពន្ធ​ដំបូង​អាច​នឹង​ធ្វើឱ្យ​ខូចខាត​តិចតួច​ដល់​សហរដ្ឋអាមេរិក ចិន ឬ សេដ្ឋកិច្ចពិភពលោក​។ ប៉ុន្តែ​ប្រសិនបើ​វា​ផ្ទុះ​ខ្លាំង​ឡើង នោះ​ផលប៉ះពាល់​នឹង​កាន់តែ​ផុង​ជ្រៅ និង រាលដាល​យ៉ាង​រហ័ស​។​

​សេដ្ឋវិទូ​នៅ​ធនាគារជាតិ​អាមេរិក លោកស្រី មឺ​រី​ល លីន បាន​ព្រមាន​ថា សង្គ្រាម​ពាណិជ្ជកម្ម​ពេញទំហឹង ជាពិសេស​សង្គ្រាម​ដែលមាន​រយៈពេល​ច្រើនជាង​មួយឆ្នាំ នឹង​ពន្យឺត​សេដ្ឋកិច្ច​អាមេរិក​។ ពួក​សេដ្ឋវិទូ​និយាយថា ដោយ​បង្អាក់​សង្វាក់​ផ្គត់ផ្គង់ ធ្វើឱ្យ​បំបាត់​ទំនុកចិត្ត​អាជីវកម្ម និង​បង្កើន​ភាពមិនច្បាស់លាស់ សង្គ្រាម​ពាណិជ្ជកម្ម​អាច​ជំរុញ​សេដ្ឋកិច្ច​ឆ្ពោះទៅរក​វិបត្តិ​ពេញទំហឹង និង​ធ្វើឱ្យប៉ះពាល់​ដល់​ការពង្រីក​សេដ្ឋកិច្ច​អាមេរិក​។​

​អាជីវកម្ម​ជា​លក្ខណៈ​បុគ្គល​ឆាប់ៗ​ខាងមុខ​អាច​ប្រឈម​នឹង​ការលំបាក ជាពិសេស​ពេល​ពិចារណា​អំពី​កសិករ​ដាំ​សណ្តែកសៀង​អាមេរិក​ដែល​បាន​បញ្ជូន​កសិផល​នាំចេញ ៦០ ភាគរយ​របស់​ពួកគេ​ទៅកាន់​ប្រទេស​ចិន​។ ការនាំចេញ​ផលិតផល​របស់​ពួកគេ​ឥឡូវ​ត្រូវ​ជាប់ពន្ធ​បន្ថែម ២៥ ភាគរយ ដែល​នឹង​ធ្វើឱ្យ​ផលដំណាំ​របស់​ពួកគេ​កាន់តែ​មានតម្លៃ​ថ្លៃ​ជាង​នៅ​ចិន​។​

​លើសពីនេះទៅទៀត ការ​ពន្ធ​របស់​អាមេរិក​លើ​ទំនិញ​នាំចូល​របស់​ចិន​អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​រោងចក្រ​អាមេរិក​។ វិទ្យាស្ថាន​ភី​ត​ធឺ​សុន​សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ​បាន​ព្យាករណ៍​ថា ផលិតផល​ចិន ៨៥ ភាគរយ​ដែល​នឹងរង​ផលប៉ះពាល់​ពី​ការ​វាយ​ពន្ធ​របស់​ត្រាំ​គឺ គ្រឿង​ម៉ាស៊ីន និង​គ្រឿងបន្លាស់​ដែល​ប្រើ​ក្នុង​ផលិតផល​សម្រេច ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក​។ លទ្ធផល​គឺថា​រោច​ក្រ​ផលិត​របស់​អាមេរិក​នឹងត្រូវ​បង់ថ្លៃ​បន្ថែមទៀត​សម្រាប់​គ្រឿងបន្លាស់​និង​សម្ភារៈ​បរិក្ខារ ដែល​ធ្វើឱ្យ​ពួកគេ​មានគុណ​វិបត្តិ​ខាង​ប្រកួតប្រជែង​ធៀប​ជាមួយ​គូប្រជែង​បរទេស​៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម