​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​អាម៉េរិក​នឹង​បញ្ជូន​ជំនួយ​យោធា​ចំនួន​២៧៥​លាន​ដុល្លារ​ទៀត​ដល់​អ៊ុ​យក្រែន រួម​មាន​គ្រាប់រំសេវ​មួយចំនួន​ធំ​និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ជាន់ខ្ពស់​ដែល​អាច​ចាប់​សញ្ញា​និង​បំ​​ផ្លាញ​ដ្រូ​ន​ក្នុង​សង្គ្រាម​របស់​អ៊ុយ​ក្រែន​ជាមួយ​រុស្ស៊ី​។​

​ជំនួយ​មួយកញ្ចប់​នេះ​តិចជាង​ជំនួយ​មុនៗ​ដែល​អាម៉េរិក​ផ្តល់​អោយ​អ៊ុ​យក្រែន និង​វា​កើត​ឡើង​នៅ​ពេល​មន្ត្រី​និង​អ្នកជំនាញការ​យោធា​ជាច្រើន​ព្យាករណ៍​ថា​ការ​វាយ​ប្រយុទ្ធ​គ្នា​នឹង​ថយចុះ​នៅ​រដូវរ​ងារ​នេះ​។​​អគ្គលេខា​អង្គការ​ណា​តូ​លោក ជេ​នស៍ ស្តូល​ថិ​ន​ប៊ឺក បាន​និយាយថា​រុស្ស៊ី​ទំនង​ជា​បន្ថយ​សកម្មភាព​យោធា​របស់​ខ្លួន​និង​ងាក​មក​រៀបចំ​ផ្តុំ​កងកម្លាំង​ឡើងវិញ​មុន​នឹង​បើក​ការវាយប្រហារ​ខ្លាំង​ឡើង​ជា​ថ្មី​​នៅពេល​សីតុណ្ហភាព​ឡើង​ក្តៅ​វិញ​។​

​ពួក​មន្ត្រី​បាន​និយាយថា ជំនួយ​មួយកញ្ចប់​ថ្មី​នេះ​រួម​មាន​គ្រាប់កាំភ្លើង​ធំ​៨០.០០០​គ្រាប់​និង​គ្រាប់​រ៉ុក្កែត​សំរាប់​ប្រព័ន្ធ​រ៉ុក្កែត​ចល័ត​ខ្ពស់​HIMARS​។​វា​ក៏​រួមមាន​ប្រព័ន្ធ​ប្រឆាំង​ដ្រូ​ន​និង​ប្រព័ន្ធ​ការពារ​ដែន​អា​​កាស រថយន្តយោធា​HUMVEES ម៉ាស៊ីនភ្លើង​និង​គ្រឿង​បរិក្ខារ​ប្រយុទ្ធ​ដទៃទៀត​។​

​សូមបញ្ជាក់​ថា ការវាយប្រហារ​ដោយ​ដ្រូ​ន​ពី​សំណាក់​ភាគី​ទាំងពីរ​ក្នុង​សង្គ្រាម​បាន​និង​កំពុង​កើនឡើង ដោយ​ធ្វើអោយ​ការ​ស្ទាក់​កំទេច​គ្រឿងផ្ទុះ​ក្នុង​អាកាស​សំខាន់​សំរាប់​កងកម្លាំង​អ៊ុ​យក្រែន​។​រុស្ស៊ី​បាន​​ទិញដ្រូន​យោធា​រាប់រយ​គ្រឿង​ពី​អ៊ីរ៉ង់​កាល​ពី​រដូវក្តៅ និង​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​កំពុងសម្លឹង​រកការ​បញ្ជា​ទិញ​ថែម​។​

​កងកម្លាំង​រុស្ស៊ី​បាន​បង្កើន​ការវាយប្រហារ​ដោយ​កាំជ្រួច​និង​ដ្រូ​ន​លើ​ហេដ្ឋារចនាសម្ពន្ធ​អ៊ុ​យក្រែន រួម​មាន​រោងចក្រ​អគ្គិសនី​ដែល​ផ្តាច់​ភ្លើង​សំរាប់​មនុស្ស​រាប់លាន​នាក់​។​រុស្ស៊ី​ក៏​រង​ការវាយប្រហារ​ដ៏​ភ្ញាក់ផ្អើល​​ដោយ​មូលដ្ឋាន​ទ័ពអាកាស​របស់​ខ្លួន​នៅ​ចម្ងាយ​ជាង​៥០០​គីឡូម៉ែត្រ​ពី​ព្រំដែន​អ៊ុយ​ក្រែនក៏​ផ្ទុះ​ឆេះ ដោយ​គេ​ដាក់​ការសង្ស័យ​ខ្លាំង​លើ​ដ្រូ​ន​របស់​អ៊ុ​យក្រែន​៕
​ជំនួយ​មួយកញ្ចប់​ថ្មី​នេះ​រួម​មាន​គ្រាប់កាំភ្លើង​ធំ​៨០.០០០​គ្រាប់​និង​គ្រាប់​រ៉ុក្កែត​សំរាប់​ប្រព័ន្ធ​រ៉ុក្កែត​ចល័ត​ខ្ពស់​HIMARS​។​ប្រភពព័ត៌​មាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ទម្លាយ​ថា អាម៉េរិក​បាន​កែ​ប្រព័ន្ធ​កាំជ្រួច​HIMARS​មុន​បញ្ជូន​អោយ​អ៊ុយ​ក្រែន​ជា​ថ្មី​ដើម្បី​កុំអោយ​ទាហាន​អ៊ុយ​ក្រែន​អាច​បាញ់​ចូល​ជ្រៅ​ក្នុង​ទឹកដី​រុស្ស៊ី ដែល​វា​នឹង​នាំ​អោយ​សង្គ្រាម​កាន់តែ​រីក​ធំ​ក្រោយពី​មាន​ការព្រមាន​ពី​រុស្ស៊ី​