ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រុស្ស៊ីបានដោះលែងតារាបាល់បោះក្របខណ្ឌ WNBA កីឡាការិនី ប្រ៊ីតនី ហ្គ្រីណឺ (Brittney Griner)កាលពីថ្ងៃព្រហស្បតិ៍ទី៨ធ្នូក្នុងការដោះដូរអ្នកទោសដ៏ល្បីមួយ ខណៈសហរដ្ឋអាម៉េរិកបានដោះលែងឈ្មួញអាវុធរុស្ស៊ីដ៏ល្បីអសោចឈ្មោះ វិកទ័រ បោត (Viktor Bout) ។ ប៉ុន្តែអាម៉េរិកបានបរាជ័យក្នុងការផ្តល់សេរីភាពសម្រាប់ជនជាតិអាម៉េរិកម្នាក់ទៀតគឺលោក ផូល វេលែន (Paul Whelan) ដែលរុស្ស៊ីដាក់ពន្ធនាគារជិតបួនឆ្នាំ។
កីឡាការិនី ប្រ៊ីតនី ហ្គ្រីណឺ ត្រូវបានដោះលែងកាលពីថ្ងៃព្រហស្បតិ៍
កិច្ចព្រមព្រៀងនេះ ដែលធ្វើជាលើកទីពីរក្នុងរយៈពេលប្រាំបីខែចំពេលមានភាពតានតឹងជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះធានាបាននូវការដោះលែងអ្នកទោសអាម៉េរិកលេចធ្លោបំផុតដែលត្រូវបានឃុំខ្លួននៅបរទេស និងសម្រេចបាននូវគោលដៅកំពូលសម្រាប់ប្រធានាធិបតី ចូ បៃដិន។ ប៉ុន្តែវាបានពាំនាំមកនូវអ្វីដែលក្រុមមន្ត្រីអាម៉េរិកទទួលស្គាល់ថាជាការបង់តម្លៃដ៏ធ្ងន់។
លោកបៃដិនបាននិយាយពីសេតវិមាន កន្លែងដែលគាត់ត្រូវបានអមដោយភរិយារបស់នាងហ្គ្រីណឺ (ស្រឡាញ់ភេទដូចគ្នា) គឺនាង ឆឺរែល (Cherelle)និង ក្រុមមន្ត្រីរដ្ឋបាល យ៉ាងដូច្នេះថា “នាងមានសុវត្ថិភាព នាងនៅលើយន្តហោះ នាងកំពុងធ្វើដំណើរមកផ្ទះ”។
ការអនុញ្ញាតរបស់បៃដិនឱ្យដោះលែងបោត ដែលជាឧក្រិដ្ឋជនរុស្ស៊ីធ្លាប់មានរហស្សនាមថា “ឈ្មួញមជ្ជុរាជ” បានគូសបញ្ជាក់ពីភាពបន្ទាន់យ៉ាងខ្លាំងដែលរដ្ឋបាលរបស់គាត់កំពុងប្រឈមមុខដើម្បីនាំនាងហ្គ្រីណឺមកផ្ទះវិញ ជាពិសេសបន្ទាប់ពីសេចក្តីសម្រេចអំពីរឿងក្តីព្រហ្មទណ្ឌថ្មីៗនេះរបស់នាងលើការចោទប្រកាន់អំពីគ្រឿងញៀន និងការផ្ទេរនាងទៅកាន់កន្លែងឃុំឃាំងដាច់ស្រយាល។ នាងហ្គ្រីណឺ ដែលធ្លាប់លេងបាល់បោះក្នុងប្រទេសរុស្ស៊ីផងដែរនោះ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាននៅទីនោះ បន្ទាប់ពីអាជ្ញាធររុស្ស៊ីបាននិយាយថា នាងបានកាន់បំពង់ជក់មួយជាមួយប្រេងកញ្ឆា។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ពីការដោះដូរនេះ ដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមរយៈទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីនានាថា ការដោះដូរបានធ្វើឡើងនៅក្នុងទីក្រុងអាប៊ូដាប៊ី (Abu Dhabi)ហើយថា បោតបានហោះមកស្រុកវិញហើយ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានបង្ហាញនាងហ្គ្រីណឺដើរចេញពីយន្តហោះរុស្ស៊ីក្នុងទីក្រុងអាប៊ូដាប៊ី ជាកន្លែងដែលនាងត្រូវបានស្វាគមន៍ដោយមន្ត្រីអាម៉េរិក។ ជនជាតិរុស្ស៊ីពីរនាក់បានស្វាគមន៍បោតដោយការឱប៕
វិកទ័រ បោត