ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលគណៈកម្មការបច្ចេកទេសទូកប្រពៃណីទូកខ្នាតអន្តរជាតិ (ទូកនាគ) ដែលមានរយៈពេល ៦ថ្ងៃនោះ បានបញ្ចប់ហើយ កាលពីថ្ងៃទី៨ ធ្នូ ម្សិលមិញនេះ។

លោក ស្រ៊ុន លាង ដែលជាមន្ត្រីសម្របសម្រួលវគ្គ បាននិយាយថាៈ សម្រាប់ព្រឹត្តិការណ៍ នៃការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ បានតម្រូវ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ត្រូវការធនធានមនុស្ស ជាចាំបាច់បំផុត។
កត្តានេះហើយ សហព័ន្ធកីឡាទូកកានូ និង រ៉ូអុីងកម្ពុជា សហការជាមួយសហព័ន្ធកីឡាទូកនាគអាស៊ី នឹងរៀបចំវគ្គបណ្តុះបណ្តាល គណៈកម្មការបច្ចេកទេស កីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ កម្រិត ១ នេះឡើង។

សហព័ន្ធ បានអញ្ជើញលោក Dick Lim ប្រតិភូបច្ចេកទេស របស់សហព័ន្ធ កីឡាទូកនាគអាស៊ី Technical Delegation of Asian Dragon Boat Federation មកបង្រៀនផ្ទាល់ ដើម្បីបង្កើននូវសមត្ថភាព និងផ្តល់បទពិសោធន៍ ដល់ គណៈកម្មការបច្ចេកទេសទូកនាគ សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ឲ្យបានដំណើរការទៅ ដោយរលូន និងទទួលជោគជ័យ ក្នុងព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនេះ។

ចំពោះលទ្ធផលនៃការសិក្សា សិក្ខាកាមចំនួននិទ្ទេសល្អ ៥០ ភាគរយ និទ្ទេសល្អបង្អួរ២៥ ភាគរយ និងនិទ្ទេសមធ្យម ២៥ ភាគរយ៕/V-PC