ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ព្រឹកថ្ងៃទី៩ ធ្នូ នេះមានប្រជាពលរដ្ឋ ភ្ញៀវជាតិអន្ដរជាតិ និងសិស្សានុសិស្ស ប្រមាណ ៦០០ នាក់ បានចូលរួមរត់កម្សាន្ដ ៣ គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ នៅឆ្នេរអូរត្រេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថាៈ ដើម្បីអបអរសាទរបុណ្យសមុទ្រ ឆ្នាំនេះ NOCC ដោយមានការចង្អុល បង្ហាញ ពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានរៀបចំសកម្មភាពកីឡា មួយចំនួន ដូចជា ការរត់កម្សាន្ដព្រឹកនេះ មានអ្នកចូលរួម ប្រមាណ ៦០០ នាក់ បន្ទាប់មកនឹងមានការប្រណាំងកង់ សម្ដែងទូកក្ដោង ពិសេស ការប្រកួតប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ រយៈពេល ៣ ថ្ងៃពេញ នៅឆ្នេរអូរត្រេះ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋ ចូលរួមទស្សនា ដោយសេរី ទៀតផង។

សម្រាប់ការចាប់ផ្ដើមសកម្មភាពកីឡា ថ្ងៃនេះដែរ លោកបានបង្ហាញមោទនភាព ចំពោះកម្មវិធីរត់កម្សាន្ដនេះ ដែលមានសិស្សានុសិស្សជាង ៤៥០ នាក់ ចូលរួម ព្រមទាំង ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្ដរជាតិ ជាច្រើនទៀត ដែលចូលរួមរត់ ដោយស្នាមញញឹម ធ្វើឲ្យគណៈកម្មការ រៀបចំមានទំនុកចិត្ត និងសង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅ ដោយរលូន និងទទួលបានជោគជ័យ ហើយក្លាយជាផ្នែកមួយ បង្កភាពសប្បាយរីករាយ ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ក្នុងឱកាសបុណ្យសមុទ្រ ឆ្នាំ២០២២ នេះ។

លោក គង់ វីតាណ: អភិបាលរងខេត្ត បានសម្ដែងសេចក្ដីរីករាយ និងគាំទ្រពេញទំហឹង ចំពោះសកម្មភាពកីឡា ដែលក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំព្រឹត្តិការណ៍រត់កម្សាន្តនេះ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ និងមហាសន្និបាត ក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុត លើសកលលោក ឆ្នាំ២០២២។
លោកបានចាត់ទុកសកម្មភាពនេះ គឺជាផ្នែកមួយដ៏សំខាន់ ជួយដល់ខេត្ត ក្នុងការបង្កើន បរិយាកាសសប្បាយរីករាយ ជូនដល់ភ្ញៀវជាតិ និងអន្ដរជាតិ បានចូលរួមលេង និងទស្សនាកម្សាន្ដ។

លោកបានបន្តថាៈ «ជាស្មារតី និងជាទស្សនៈរបស់រដ្ឋបាលខេត្ត គឺសូមសម្ដែងនូវ ការគាំទ្រ ចំពោះការរៀបចំនេះ ពីព្រោះ ធ្វើឲ្យពិធីបុណ្យសមុទ្ររបស់យើង រួមជាមួយ ការអបអរសាទរ មហាសន្និបាតក្លិបឆ្នេរស្អាតបំផុត លើសកលលោក ដែលជាមុខមាត់ មួយរបស់ប្រទេសជាតិយើង ពិសេសខេត្តព្រះសីហនុ សម្រាប់ការរៀបចំព្រឹត្តិការណ៍ដ៏ អស្ចារ្យនេះ។ អ្វីដែលពិសេស ព្រឹត្តិការណ៍នេះ នឹងមានមានការអញ្ជើញចូលរួម ជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា»៕/V-PC