ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន នៅក្នុងស្រុករលាប្អៀរ ត្រូវសហការជាមួយមន្រ្តីជំនាញ គ្រប់លំដាប់ថ្នាក់ ត្រូវបង្កើននូវប្រសិទ្ធភាព ក្នុងការដោះស្រាយសំណូមពរចាំបាច់ និងត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋតាមមូលដ្ឋាន ឱ្យបានទាន់ពេលវេលា និងបង្ខិតសេវាសាធារណៈ ឱ្យកាន់តែនៅជិតប្រជាពលរដ្ឋបន្ថែមទៀត។

លោក ឡុង ឈុនឡៃ បានជំរុញបែបនេះ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួម ពីលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានអង្គភាពជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មេឃុំ មេប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ និង ភាគីពាក់ព័ន្ធនានា។

លោក ឡុង ឈុនឡៃ បានមានប្រសាសន៍ថាៈ ការពន្លឿន និងការបង្ខិតសេវា សាធារណៈ ទៅដល់ប្រជាពលរដ្ឋ គឺជាគោលដៅមួយ របស់រដ្ឋាភិបាលកម្ពុជា ដោយបាន បង្កើតប្រព័ន្ធអភិបាលកិច្ចថ្មី ដើម្បីធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន កាន់តែងាយក្នុងការមកទទួលយកនូវ សេវាសាធារណៈពីមន្រ្តី ប្រកបដោយភាពរាក់ទាក់ ច្បាស់លាស់ តម្លាភាព និងគ្មានការរើសអើង ចំពោះរដ្ឋបាលមូលដ្ឋាន ត្រូវតែនៅជាប់ជា មួយនឹងប្រជាពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ តម្រូវការរបស់ប្រជាពលរដ្ឋ ទើបមូលដ្ឋាន របស់ខ្លួន មានការរីកចម្រើន និងឆ្លើយតបចំពោះ តម្រូវការរបស់ពួកគាត់។

ក្នុងឱកាសនេះ លោក យិន សាវ៉េន បានមានប្រសាសន៍ថាៈ បើទោះបីជាកន្លងមក មន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញ បានខិតខំយ៉ាងច្រើន ក្នុងការបំពេញភារកិច្ចរបស់ខ្លួន តែនៅមានចំណុចខ្វះខាតមួយចំនួនតូច ដែលចំណុចទាំងនេះ អាជ្ញាធរ ស្រុកខេត្ត នឹងព្យាយាមធ្វើជាបន្តបន្ទាប់ទៀត ដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថាៈ គោលបំណងសំខាន់ នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ ក្រុមប្រឹក្សាខេត្តនេះ គឺធ្វើឡើងដើម្បីផ្តល់ឱកាស ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាន នារយៈកាលកន្លងមក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរចាំបាច់ និងតម្រូវការ ជាក់ស្តែងេបស់ពួកគាត់ ក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងចំពោះសំណូមពរ ដែលបានលើកឡើង៕/V-PC