ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ លោក សាន សុខសីហា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះថាៈ រយៈពេល ៨ថ្ងៃ នៃយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ នៅតាមបណ្តាខ្នងផ្ទះ នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ គឺបានធ្វើជូនប្រជាពលរដ្ឋ សរុបរួមបានចំនួន ៧.៨៧៨ នាក់ ហើយប្រជាពលរដ្ឋ ជាច្រើនទាំងបណ្តាខេត្តទាំង ១៤ បានចូលរួមសហការ និងអញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណបានច្រើន។

ប្រជាពលរដ្ឋ បានបង្ហាញអារម្មណ៍ថាៈ សកម្មភាពរបស់កងកម្លាំង ដែលអនុវត្តតាម បទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ គឺពួកគាត់ពេញចិត្ត និងធ្វើការងារបានល្អ ល្អត្រង់ថា ធ្វើអត្តសញ្ញាណ ប័ណ្ណ ជូនប្រជាពលរដ្ឋដល់ពេលយប់ ហើយនៅពេលដែលពួកគាត់ ចេញពីធ្វើការ គឺពួកគាត់អាចឆ្លៀតពេលធ្វើបាន និងមានភាពងាយស្រួល។

អ្នកនាំពាក្យ បានបន្តថាៈ ទាក់ទងការប្រើប្រាស់កម្លាំងនេះ គឺមិនមានប៉ះពាល់ដល់កិច្ច ការងារផ្សេងៗទេ ដោយមានការបែងចែង និងការទទួលខុខសត្រូវ ដាច់ដោយឡែក ហើយការចូលរួមធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះនេះ គឺមានការចូលរួមពី ការិយាល័យអត្តសញ្ញាណកម្មសញ្ជាតិខ្មែរ អធិការនគរបាលខណ្ឌ និងប៉ុស្តិ៍ គឺប្រើប្រាស់ជំនាញខាង ការិយាល័យអត្តសញ្ញាណកម្មសញ្ជាតិខ្មែរ បើសិនជានៅខណ្ឌ គឺផ្នែកអត្តសញ្ញាណកម្មសញ្ជាតិខ្មែរ។

សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និងជំរុញបន្ថែម ក្នុងការផ្សព្វផ្សាយ ដើម្បីពន្លឿនក្នុងការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រភេទថ្មី ជូនដល់ប្រជាពលរដ្ឋ ទាំង ២ ភេទ ដែលគ្រប់អាយុ ១៥ឆ្នាំ និងសម្រាប់ ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណបណ្ណ ហួសសុពលភាព និងសល់សុពលភាព ត្រឹម ៩០ ថ្ងៃ ហួសសុពលភាព លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដាស់តឿន និងពន្លឿនបន្ថែម ក្នុងយុទ្ធនាការ នៃការចុះធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យគាត់ចំណេញ ទាំងពេលវេលា ដើម្បីយកទៅប្រកបរបររកស៊ីផ្សេងៗ គឺមិនចាំបាច់ ពិបាកមករង់ចាំទៀតទេ៕/V-PC