ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រដាល់ជើងឯកគុនខ្មែរ ក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នាយប់ថ្ងៃទី៩ ធ្នូនេះ អ្នកប្រដាល់កម្ពុជា ២ រូប ចាប់ឆ្នោតបានកៅអីវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ ដោយមិនចាំបាច់ឡើងសង្វៀន។

ប៉ោ ភារិទ្ធ ដែលគេស្គាល់ជាទូទៅថា យ៉េន ឌីណា ម្ចាស់មេដាយមាស ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម លើប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាមនោះ កំពុងតែឈរ រង់ចាំមើលការប្រកួត រវាងអ្នកប្រដាល់ មកពីម៉ាឡេស៊ី ជាមួយវៀតណាម។ អ្នកប្រដាល់ទាំង ២ រូបនេះ នរណាឈ្នះ នឹងឡើងប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយអ្នកប្រដាល់កម្ពុជា ប៉ោ ភារិទ្ធ។

ដោយឡែក សម្រាប់ទម្ងន់ ៦០ គីឡូក្រាម អ្នកប្រដាល់កម្ពុជា ឃុន ប៉ូរា ដែលជាម្ចាស់ជើងឯករងខ្សែក្រវាត់សម្ដេចពិជ័យសេនា ទៀ បាញ់ ត្រូវឈរចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រង់ចាំការប្រកួត រវាង ឥណ្ឌូណេស៊ី និង វៀតណាម។

សម្រាប់ប្រភេទទម្ងន់ ៥៤ គីឡូក្រាម អ្នកប្រដាល់កម្ពុជា ហ៊ីម គីមរៀង ចាប់ឆ្នោតត្រូវ ប្រកួតជាមួយ អ្នកប្រដាល់ម៉ាឡេស៊ី ខណៈដែលអ្នកប្រដាល់មីយ៉ាន់ម៉ា ត្រូវជួបជាមួយ វៀតណាមនោះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានកីឡាករ កីឡាការិនី មកពីវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ មីយ៉ាន់ម៉ា ដែលក្នុងនោះ កម្ពុជា មានអ្នកប្រដាល់ចំនួន ១៧ នាក់ ក្នុងនោះកីឡាការិនី ចំនួន ៤ នាក់។

ការប្រកួតដែលមានរយៈពេល ៣ ថ្ងៃ (៩ ដល់ ១១ធ្នូ) នេះ មាន ៧ ប្រភេទទម្ងន់ និងវិញ្ញាសាគុនគ្រូ ចំនួន ២ វិញ្ញាសាបន្ថែមទៀត៕/V-PC