ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លោកបានព្យាយាមបន្លំខ្លួនឯងជាថៅកែក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស ដែលដឹកកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅជុំវិញទ្វីបអាហ្វ្រិក ជាកន្លែងដែលគាត់បានថតរូបសត្វព្រៃ ប៉ុន្តែគាត់មិនដែលបរិភោគសាច់ទេក្នុងនាមជាអ្នកហូបបួស។
ទោះយ៉ាងណា ចំពោះសេវាកម្មសន្តិសុខលោកខាងលិចវិញ គាត់គឺជា “ឈ្មួញមជ្ជុរាជ” ជាអ្នកជួញដូរអាវុធឯកជនដ៏ធំបំផុតរបស់ពិភពលោកដែលគាំទ្រដោយលោកពូទីននិងជាអ្នកទទួលខុសត្រូវចំពោះការស្លាប់និងការបំផ្លិចបំផ្លាញដល់មនុស្សរាប់ពាន់នាក់។
ហើយចំពោះហូលីវូដ គាត់គឺជាសាច់រឿងដែលលក់សំបុត្រដាច់បំផុត ពោលជាការបំផុសគំនិតសម្រាប់តួឯក ដែលសម្តែងដោយលោក នីកូឡាស ខេច (Nicholas Cage) ក្នុងរឿង Lord of War ដែលកើបលុយបាន ១០០ លានដុល្លារក្នុងការដាក់បញ្ចាំងទូទាំងពិភពលោក។
លោក វីកទ័រ បោត (Viktor Bout) អាយុ ៥៥ ឆ្នាំបានជាប់អន្ទាក់របស់រដ្ឋបាលគ្រប់គ្រងគ្រឿងញៀន (DEA)នៅក្នុងប្រតិបត្តិការដ៏ស្មុគស្មាញមួយក្នុងឆ្នាំ ២០០៨ដែលក្នុងនោះគាត់គិតថាគាត់កំពុងលក់អាវុធឱ្យទៅពួកឧទ្ទាម FARC របស់កូឡុំប៊ីដើម្បីបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អាម៉េរិក។
ឥឡូវនេះ លោកបៃដិនបានដោះលែងគាត់យ៉ាងចម្រូងចម្រាសក្នុងការដោះដូរអ្នកទោសសម្រាប់តារាបាល់បោះ WNBA នាង ប្រ៊ីតនី ហ្គ្រីណឺ (Brittney Griner)។
លោកបោតបានចំណាយពេល ១២ ឆ្នាំចុងក្រោយនៅក្នុងពន្ធនាគារសហព័ន្ធនៅទីក្រុងម៉ារៀន (Marion) រដ្ឋអ៊ីលលីនណយ (Illinois)។ លោកនៅសល់ទោសជាប់គុក ១៣ ឆ្នាំទៀត។
ក្នុងអំឡុងពេលនៃការជួញដូរអាវុធអាជីពរបស់គាត់ បោតបានក្លាយជាល្បីល្បាញសម្រាប់ឆន្ទៈរបស់គាត់ក្នុងការបំពាក់អាវុធដល់ស្ទើរគ្រប់គ្នា រាប់ចាប់ពីក្រុមអាល់កៃដារហូតដល់កងជីវពលនៅសៀរ៉ាឡេអូនរហូតដល់របបលីបេរីយ៉ាដ៏ឃោរឃៅរបស់លោក ឆាល ថៃល័រ (Charles Taylor) និងរហូតដល់ពួកតាលីបង់។
ជំនួញរបស់បោតបានជួយបំផុសគំនិតឱ្យគេផលិតខ្សែភាពយន្តហូលីវូដឆ្នាំ ២០០៥ រឿង Lord of War ដែលសម្តែងដោយលោក នីកូឡាស ខេច ដែលផ្អែកលើជីវិតពិតរបស់បោត។ នៅក្នុងខ្សែភាពយន្តនេះ លោកខេចដើរតួជា យូរី អ័រឡូវ (Yuri Orlov)។
ក្នុងចំណោមទង្វើដ៏អាក្រក់បំផុតរបស់បោតគឺការលួចអាវុធតម្លៃ ៣២ ពាន់លានដុល្លារពីអ៊ុយក្រែននៅចន្លោះឆ្នាំ ១៩៩២ និង ១៩៩៨។ លោកបោតក៏មានកងទ័ពអាកាសផ្ទាល់ខ្លួនផងដែរជាមួយនឹងយន្តហោះប្រហែល ៦០ គ្រឿង។
ក្នុងខែសីហា វេបសាយ DailyMail.com បានលាតត្រដាងថា បោតបានក្លាយជាផ្នែកមួយនៃការចរចាដើម្បីនាំយកនាងហ្គ្រីណឺមកផ្ទះវិញ។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ពីការដោះដូរនេះ ដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដោះដូរបានធ្វើឡើងនៅក្នុងទីក្រុងអាប៊ូដាប៊ី (Abu-Dhabi) ហើយថា បោតបានជិះយន្តហោះទៅផ្ទះវិញដូចគ្នា៕
លោក វីកទ័រ បោត នៅសល់១៣ឆ្នាំទៀតទើបអាចចេញពីគុកអាម៉េរិក តែត្រូវបានយកមកដោះដូរជាមួយនាងហ្គ្រីណឺ