ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ សមាគមបាល់ទាត់អង់គ្លេស(FA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៨ធ្នូថា កីឡាករ រ៉ាហ៊ីម ស្ទើលីង (Raheem Sterling)របស់អង់គ្លេសត្រឡប់ទៅជំរំវើលខាប់របស់ពួកគេវិញទាន់ពេលសម្រាប់ការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រជាមួយនឹងបារាំងនៅចុងសប្តាហ៍នេះបន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានត្រឡប់ទៅផ្ទះវិញបន្ទាប់ពីមានចោរប្លន់នៅឯគេហដ្ឋានរបស់គ្រួសារគាត់។
រ៉ាហ៊ីម ស្ទើលីង ចេញដំណើរពីអង់គ្លេសមកកាន់កាតាវិញ
ស្ទើលីងមិនបានចូលរួមក្នុងជ័យជម្នះ ៣-០ លើសេណេហ្គាល់ក្នុងវគ្គ ១៦ ក្រុមចុងក្រោយឡើយ ដោយចាកចេញពីកាតាកាលពីចុងសប្តាហ៍មុនដើម្បីត្រឡប់ទៅជួបក្រុមគ្រួសារវិញ។
FA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្សែប្រយុទ្ធ Chelsea បានចាកចេញជាបណ្ដោះអាសន្នដើម្បីដោះស្រាយបញ្ហាគ្រួសារប៉ុន្តែឥឡូវនេះត្រូវគេរំពឹងថានឹងចូលរួមក្រុមឡើងវិញនៅកីឡដ្ឋាន Al Wakrah នៅថ្ងៃសុក្រ មុនការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រជាមួយបារាំង”។
អង់គ្លេសនឹងប្រកួតជាមួយបារាំងនៅកីឡដ្ឋាន Al Bayt នៅថ្ងៃសៅរ៍ ដោយរំពឹងផ្តួលម្ចាស់ការពារតំណែងជើងឯកមួយនេះ និងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តងទៀតបន្ទាប់ពីពួកគេបានធ្លាក់ក្នុងវគ្គ៤ចុងក្រោយនៅរុស្ស៊ីកាលពីបួនឆ្នាំមុន។
ស្ទើលីងបានបង្ហាញខ្លួនពីរលើកក្នុងវគ្គចែកពូល ដោយរកបានមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតមួយគ្រាប់ក្នុងជ័យជម្នះ ៦-២ លើអ៊ីរ៉ង់ក្នុងការប្រកួតបើកឆាករបស់អង់គ្លេស។
ប៉ុន្តែរូបគេនឹងប្រជែងយកកន្លែងមួយក្នុងជម្រើសដំបូងជាមួយ ប៊ូកាយ៉ូ សាកា (Bukayo Saka) និង ម៉ាកូស រ៉ាស្វត (Marcus Rashford) ដែលស៊ុតបញ្ចូលទីបានបីគ្រាប់នៅកាតាក៏ដូចជា ហ្វីល ហ្វូដិន (Phil Foden) ផងដែរ។
ប្រសិនបើអង់គ្លេសឆ្លងផុត នោះពួកគេនឹងលេងវគ្គ៤ក្រុមចុងក្រោយជាមួយព័រទុយហ្គាល់ឬម៉ារ៉ុក៕
ស្ទើលីងត្រឡប់មកជំរំហ្វឹកហាត់របស់អង់គ្លេសមុនជំនួបវគ្គ៨ក្រុមចុងក្រោយជាមួយបារាំង