ដោយ​៖ រ៉ា​ម៉ន​/​ភ្នំពេញ​៖ ជន​មាន​ពិការ​ក្រីក្រ ចំនួន​៦២៤​នាក់ រស់នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ទទួលបាន​របប​គោលនយោបាយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ក្នុង​ពិធី​បើក​-​ផ្ដល់ប្រាក់​ឧបត្ថម្ភ​រប​ប​គោលនយោបាយ​ផ្នែក​ពិនិត្យ ព្យាបាល និង​ថែ​ទាំង​សុខភាព ជូន​ជនពិការ ក្រីក្រ ចំនួន ៦២៤​នាក់ នៅតាម​សហគមន៍ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២២​នេះ ដែល​រៀបចំ​ដោយ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​រដ្ឋបាល​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ក្រោម​វត្តមាន​លោក សម សុខា រដ្ឋលេខាធិការ និង​ជា​តំណាង​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។ ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ធឹ​ម សំអាន អភិបាលខណ្ឌ​ព្រែក​ព្នៅ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ​, លោក ហួរ ហួត អភិបាលរងខណ្ឌ​ព្រែក​ព្នៅ និង​លោក សន ស៊ិន ចៅសង្កាត់​គោក​រការ ព្រមទាំង​មន្ត្រី​ពាក់​ព័​ន្ឋ និង​ជន​មាន​ពិការ​ជាច្រើន​ផងដែរ​។ បានបង្ហាញ​ឱ្យឃើញថា ជាការ​ខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​ក​ម្រិ​ត​ជីវភាព​រស់នៅ និង​គុណភាព​ជីវិត​របស់​បងប្អូន​ជន​មាន​ពិការភាព​។​

​នេះ​ជា​លើក​ទី​១​ហើយ ដែល​នឹងត្រូវ​បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​របប​គោលនយោបាយ ផ្នែក​ពិនិត្យ ព្យាបាល និង​ថែ​ទាំង​សុខភាព ជូន​ជន​មាន​ពិការ​ក្រីក្រ តាម​សហគមន៍ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ សរុប​ចំនួន​៦២៤​នាក់ (​ស្រី​៣០១​នាក់​) ក្នុង​ជនពិការ​កម្រិត​ស្រាល ចំនួន​២៣​នាក់ កម្រិតធ្ងន់​ចំនួន ៦០១​នាក់ សរុប​ថវិកា​ចំនួន​១៨.៧២០.០០០​រៀល ដែល​បាន​អញ្ជើញ​មកពី​សង្កាត់​ទាំង​ប្រាំ​ដូចជា​៖
​ទី​១៖ សង្កាត់​គោក​រកា ចំនួន ៥១៥​នាក់​, ទី​២៖ សង្កាត់​ពញា​ពន់ ចំនួន ៣៤​នាក់​, ទី​៣៖ សង្កាត់​ព្រែក​ព្នៅ ចំនួន ៤៧​នាក់​, ទី​៤៖ សង្កាត់​ព​ន្សាំ​ង ចំនួន ២៣​នាក់ និង​ទី​៥៖ សង្កាត់​សំរោង ចំនួន ០៥​នាក់ ។​

​នាឱកាស​នោះ លោក ធឹ​ម សំអាន បាន​លើកឡើងថា ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ អោយមាន​ប្រសិទ្ធភាព​រដ្ឋបាល​សង្កាត់​នីមួយៗ ត្រូវ​ព្យាយាម យកចិត្តទុកដាក់​លើ​ប្រជាពលរដ្ឋ​ក្រីក្រ និង បងប្អូន​មាន​ពិការភាព ដើម្បី​ទទួលបាន​នូវ​ការ​គំ​ពារ ជាពិសេស​ទទួល បាន​នូវ​ការផ្ដល់ប្រាក់​ឧបត្ថម​របប​គោលនយោបាយ ផ្នែក​ពិនិត្យ ព្យាបាល និង​ថែទាំ​សុខភាព​ជូន​ជន​មាន ពិការ​ក្រីក្រ​តាម​សហគមន៍ និង​ដើម្បី​ឆ្លើយតប ទៅនឹង​ប្រសាសន៍​ដឹកនាំ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ណែ​នាំឱ្យ​រដ្ឋបាល​ខណ្ឌ សង្កាត់ ផ្តោត​ការយកចិត្ត ទុកដាក់ ជន​ងាយ​រងគ្រោះ និង​ជន​មាន​ពិការ​ក្រីក្រ​តាម​សហគមន៍ ។​

​ចំណែក​លោកស្រី មុំ ចាន់​ដា​នី បានឱ្យដឹងថា គោលដៅ​ដ៏​ចម្បង​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ការកាត់បន្ថយ​ភាពក្រីក្រ ការលើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ និង​គុណភាព​ជីវិត​របស់​ប្រជាជន ដែល​កំពុងមាន​កំណើន​យ៉ាង​ឆាប់រហ័ស​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុកថា ភាពក្រីក្រ គឺជា​ការខាតបង់​តម្លៃ​ធនធានសេដ្ឋកិច្ច ដែល​មិន​ត្រឹមតែ​មិនអាច​ទទួលយកបាន​ខា​ង​ផ្នែក​ផ្លូវចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​បណ្តាលឱ្យ​មានការ​បែកខ្ញែក និង​អស្ថិរភាព ក្នុងសង្គម​ថែមទៀត​។​

​លោកស្រី មុំ ចាន់​ដា​នី បានបញ្ជាក់​ទៀតថា កន្លងទៅ​ក្រសួង ក៏ដូចជា​រដ្ឋបាល​រាជធានី​ភ្នំពេញ មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ រួមទាំង​មន្ទីរ អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាលខណ្ឌ បាន​យកចិត្តទុកដាក់​ខ្លាំង និង​ជួយ​ដល់​បងប្អូន​ជន​មាន​ពិការភាព របស់​យើង​រាល់​សកម្មភាព​ផងដែរ​។​

​លោកស្រី មុំ ចាន់​ដា​នី បាន​ថ្លែងថា ក្នុង​បរិបទ​កូ​វីដ​-១៩ ដែលជា​វិបត្តិ​សកល រាជធានី​ភ្នំពេញ ក៏បាន​ប្រឈម​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ​ក៏មាន​បងប្អូន​ជន​មាន​ពិការភាព​មួយចំនួន បាន​ទទួលរង​ផលប៉ះពាល់​វិជ្ជមាន​កូ​វីដ​-១៩ ផងដែរ​។ ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់បំផុត ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការថែទាំ​ព្យាបាល និង​ការទប់ស្កាត់​ព្រមទាំង​យុទ្ធនា​ការចាក់​វាក់​សាំង​បង្ការ និង​ទប់ស្កាត់​កូ​វីដ​-១៩ ក្របខណ្ឌ​ទូទាំងប្រទេស​ដល់​ប្រពល​រដ្ឋ​ជាមួយគ្នានេះ​បងប្អូន​ជន​មាន​ពិការភាព​ទូទាំងប្រទេស ក៏​ដូច​បងប្អូន​ជន​មាន​ពិការភាព​រាជធានី​ភ្នំពេញ ក៏​ទទួលបាន​ការចាក់​វ៉ាក់សាំង ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ​ក្នុង​ការការពារ​អាយុជីវិត​ផងដែរ​។​លោកស្រី​បន្ថែមថា ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ស្ថានភាព​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ជាពិសេស​បងប្អូន​ដែលមាន​ពិការភាព ដើម្បី​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា និង​ដើម្បី​លើកកម្ពស់ ជីវភាព​ប្រជាពលរដ្ឋ ដែល​ទទួលរង​ផលប៉ះពាល់ រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ចេញ​ថវិកា​រាប់រយ​លាន​ដុល្លារ សម្រាប់​ឧបត្ថម្ភ​ជូន​ដល់​គ្រួសារ​ក្រីក្រ ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដែលមាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ដឹកនាំ​ចង្អុលបង្ហាញ និង​គាំទ្រ​ផ្នែក​បច្ចេកទេស សម្របសម្រួល និង​ត្រួតពិនិត្យ​ដាក់ចេញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ចូលរួម​អនុវត្ត​កម្មវិធី​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​តម្លាភាព សំដៅ​ផ្តល់​ផលប្រយោជន៍​ដល់​ក្រុម​គោលដៅ​រងគ្រោះ និង​ងាយ​រងគ្រោះ​បាន​តាម​ការរំពឹងទុក​៕/R​