​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​,​បំណង (​ដេល្លី​ម៉េល​,​ស៊ីន​ហួរ​) ៖ ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង នឹង​ជួប​មេដឹកនាំ​អារ៉ាប់​នៅ​រាជធានី​របស់​អា​រ៉ាប៊ីសាអូឌីតនៅ​ថ្ងៃ​សុក្រ​ទី​៩​ធ្នូ​នេះ​សម្រាប់​កិច្ចប្រជុំ​កំពូល​​ដែល​លោក​ពណ៌នា​ថា​ជា “​ព្រឹត្តិការណ៍​ដ៏​សំខាន់​” នៅ​គ្រា​ដែល​មាន​ភាពមិនប្រាកដ​ប្រជា​ផ្នែក​សេដ្ឋកិច្ច​និង​ការ​តម្រឹម​ភូមិសាស្ត្រ​នយោបាយ​ឡើងវិញ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​បី​និង​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ស៊ី​ទៅកាន់​ប្រទេស​អា​រ៉ាប៊ីសាអូឌីត ចាប់តាំងពី​ឆ្នាំ​២០១៦​ហើយ​គ្រាន់តែ​ជា​ដំណើរ​ក្រៅ​ប្រទេស​លើក​ទី​បី​របស់​លោក​​ចាប់តាំងពី​ជំងឺ​រាតត្បាត​បានចាប់ផ្តើម​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​បាន​ចូល​គាល់​ស្តេច​សាល់​ម៉ាន់ (Salman)​និង អ្នកគ្រប់គ្រង​ជាក់ស្តែង​របស់​អា​រ៉ាប៊ីសាអូឌីត គឺ​ព្រះអង្គម្ចាស់ ម៉ូ​ហា​ម៉េត ប៊ីន សាល់​ម៉ាន់ (Mohammed bin Salman) ដោយ​បាន​ប្រកាស​អំពី​កិច្ច​ព្រមព្រៀង​លើ​អ្វីៗ​គ្រប់យ៉ាង​រាប់​ចាប់ពី​ថាមពល​អ៊ីដ្រូសែន​រហូត​ដល់​វិស័យ​លំនៅឋាន ត្បិត​មានតែ​ព័ត៌មាន​លម្អិត​មួយចំនួន​ត្រូវ​បាន​ចេញផ្សាយ​។​

​របៀបវារៈ​នៅ​ថ្ងៃ​សុក្រ​ត្រូវ​គេ​រំពឹងថា​នឹង​រួមបញ្ចូល​កិច្ចប្រជុំ​កំពូល​ជាមួយ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ពែ​ក្ស​ដែល​មាន​សមាជិក​ប្រាំមួយ​ក៏ដូចជា​កិច្ចប្រជុំ​កំពូល​ចិន​-​អារ៉ាប់​ផងដែរ​។​

​ប្រធានាធិបតី​អេ​ហ្ស៊ី​បលោក អាប់ឌែល ហ្វាត​តា អាល់​ស៊ី​ស៊ី (Abdel Fattah al-Sisi) និង​ប្រធានាធិបតី​ទុយ​នេ​ស៊ី លោក កា​អ៊ី​ស សៃ​អេត (Kais Saied)​បាន​ស្ថិតក្នុង​ចំណោម​ប្រមុខ​​រដ្ឋ​ដែល​បាន​មក​ដល់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​មាន​មេដឹកនាំ​មកពី​ប្រទេស​កាតា លី​បង់ អ៊ីរ៉ាក់ និង​ប្រទេស​ផ្សេង​ទៀត​ក៏​គ្រោង​នឹង​ចូលរួម​ផងដែរ​។​

​លោក​ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ផ្សាយ​ដោយ​ទូរទស្សន៍ CCTV ថា​”​ចិន​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​អា​រ៉ាប៊ីសាអូឌីត​និង​បណ្តា​ប្រទេស​អារ៉ាប់​ដើម្បី​ធ្វើឱ្យ​កិច្ចប្រជុំ​កំពូល​ទាំង​ពីរ​ក្លាយជា​ព្រឹត្តិ​​ការណ៍​ដ៏​សំខាន់​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​ចិន​-​អារ៉ាប់ និង ទំនាក់ទំនង​ចិន​-GCC”​។​

​បណ្តា​ប្រទេស​ឈូង​សមុទ្រ​ពែ​ក្ស ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កំពុង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន ដែល​ជា​ផ្នែក​នៃ​ការងា​ក​ឆ្ពោះទៅ​ទិស​ខាងកើត ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ឥន្ធនៈហ្វូស៊ីល​របស់​ពួកគេ​។​

​ទន្ទឹមនឹងនេះ ចិន​កំពុង​ព្យាយាម​ពង្រីក​វិសាលភាព​នៃ​ឥទ្ធិពល​របស់​ខ្លួន ជា​ពិសេស​តាមរយៈ​គំនិត​ផ្តួចផ្តើម​ក្រវាត់​និង​ផ្លូវ​របស់​ខ្លួន​ដែល​ក្នុងនោះ​ចិន​កំពុងផ្តល់​មូលនិធិ​សម្រាប់​គម្រោង​ហេ​ដ្ឋា​រចនា​​សម្ពន្ធ​ជុំវិញ​ពិភពលោក​។​

​ស្តេច​សាល់​ម៉ាន់ បាន​ចុះហត្ថលេខា​លើ​«​កិច្ចព្រមព្រៀង​ភាព​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​មួយ​»​ជាមួយ​លោក​ស៊ីកាលពីថ្ងៃសុក្រ

លោកស៊ី ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសសកលវិទ្យាល័យKing Saud ពីស្តេចសាល់ម៉ាន់

​អា​រ៉ាប៊ីសាអូឌីត​និងចិន​បានបង្ហាញ​ទំនាក់ទំនង​កាន់តែ​ស៊ីជំរៅ​តាមរយៈ​ការចុះហត្ថលេខា​យុទ្ធសាស្ត្រ​មួយ​ចំនួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី​។​វា​រួម​មាន​កិច្ចព្រមព្រៀង​​មួយ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហួ​វ៉េ​(Huawei)​ដែល​ឥទ្ធិពល​របស់​វា​នៅក្នុង​តំបន់​ឈូង​សមុទ្រ​បាន​បង្ក​ការព្រួយបារម្ភ​សន្តិសុខ​ពី​អាម៉េរិក​។​

​ស្តេច​សាល់​ម៉ាន់ បាន​ចុះហត្ថលេខា​លើ​«​កិច្ចព្រមព្រៀង​ភាព​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​មួយ​»​ជាមួយ​លោក​ស៊ី ។​

​សូមបញ្ជាក់​ថា រថយន្ត​របស់​លោក​ស៊ី​ត្រូវ​អម​ការពារ​ទៅកាន់​វាំង​ស្តេច​ដោយ​កង​ឆ្នាំ​រាជវាំង​អា​រ៉ាប៊ីសាអូឌីត ដែល​ជិះ​លើ​ខ្នង​សេះ​អារ៉ាប់​និង​ដោត​ទង់ជាតិ​ចិន​និង​អា​រ៉ាប៊ីសាអូឌីត​។​លោក​ស៊ី​ក្រោយមក​​បាន​ចូលរួម​ក្នុង​ពិធី​លាង​សាយភោជន៍​មួយ​។​

​ពេល​ជិះ​យន្តហោះ​ចូល​ដែនអាកាស​អា​រ៉ាប៊ីសាអូឌីត យន្តហោះ​ប្រធានាធិបតី​ចិន​ក៏​ត្រូវបាន​យន្តហោះ​ប្រយុទ្ធ​អា​រ៉ាប៊ីសាអូឌីត​អមការ​ពារ​បួន​ប្រាំ​គ្រឿង ដែល​នេះ​បានបង្ហាញ​ទំហំ​ស្វាគមន៍​ខុសគ្នា​ស្រឡះ​​ដែល​ប្រទេស​អារ៉ាប់​មួយ​នេះ​ទទួល​ស្វាគមន៍​ប្រធានាធិបតី​អាម៉េរិក​កាលពី​ខែ​កក្កដា​៕