ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នៅថ្ងៃសុក្រទី៩ធ្នូនេះចិនបានប្រកាសពីការប្រគល់យន្តហោះដឹកអ្នកដំណើរថ្មីដែលផលិតក្នុងស្រុកជាលើកដំបូងដោយយន្តហោះនេះត្រូវគេរំពឹងថានឹងបង្ហាញខ្លួនក្នុងវិស័យដឹជញ្ជូនពាណិជ្ជកម្មជាលើកដំបូងនៅដើមឆ្នាំក្រោយ។
រដ្ឋាភិបាលក្រុងប៉េកាំងសង្ឃឹមថា យន្តហោះពាណិជ្ជកម្ម C919 នឹងប្រកួតប្រជែងជាមួយយន្តហោះម៉ូដែលបរទេសដូចជា Boeing 737 MAX និង Airbus A320ទោះបីជាគ្រឿងបន្លាស់(គ្រឿងបង្គំ)ភាគច្រើនរបស់វាមានប្រភពមកពីបរទេសក៏ដោយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ម៉ូដែលទីមួយនៃយន្តហោះតួតូច ដែលផ្ទុកអ្នកដំណើរ ១៦៤ នាក់ ត្រូវបានប្រគល់ជាផ្លូវការឱ្យទៅក្រុមហ៊ុនអាកាសចរណ៍ China Easternក្នុងពិធីមួយនៅឯអាកាសយានដ្ឋានក្នុងទីក្រុងសៀងហៃ។
ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា ការប្រគល់នេះកត់សម្គាល់នូវ “ព្រឹត្តិការណ៍ដ៏សំខាន់” នៅក្នុងដំណើរនៃឧស្សាហកម្មយន្តហោះរបស់ចិន។
វីដេអូដែលចាក់ផ្សាយនៅថ្ងៃសុក្រនេះដោយ CCTV បានបង្ហាញយន្តហោះនេះសរសេរអក្សរ China Eastern ពីលើ ហើយបានបង្ហាញឱ្យឃើញផ្នែកខាងក្នុងនៃកាប៊ីនយន្តហោះ។
ទូរទស្សន៍ CCTV បានរាយការណ៍ថា ក្រុមហ៊ុនយន្តហោះពាណិជ្ជកម្មចិន (COMAC) ដែលជារបស់រដ្ឋ បានហុចសោយន្តហោះ C919 ដំបូងបង្អស់របស់ពិភពលោកដល់ក្រុមហ៊ុនអាកាសចរណ៍ខាងលើ។
ក្រុមហ៊ុន COMAC បាននិយាយនៅក្នុងកម្មវិធីតាំងពិព័រណ៌យន្តហោះកាលពីខែមុនថា ខ្លួនបានទទួលការបញ្ជាទិញសម្រាប់យន្តហោះ C919 ចំនួន៣០០គ្រឿង ប៉ុន្តែមិនបានបញ្ជាក់ពីថាតើការបញ្ជាទិញទាំងនោះត្រូវបានបញ្ជាក់ពេញលេញឬយ៉ាងណា ហើយមិនបានផ្តល់ព័ត៌មានលម្អិតអំពីតម្លៃនៃកិច្ចព្រមព្រៀងឬកាលបរិច្ឆេទចែកចាយនោះទេ៕
យន្តហោះ C919 ទីមួយត្រូវបានប្រគល់ជូនក្រុមហ៊ុនអាកាសចរណ៍ China Eastern នៅថ្ងៃសុក្រនេះ