ដោយៈប.ខុន /ភ្នំពេញៈ ទស្សនីយភាពល្ខោនភ្លេងការរឿងព្រះថោងនាងនាគត្រូវបានគេយកមកបង្ហាញក្នុងរាត្រីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដែលជាខេត្តមានរូបសំណាកព្រះ ថោងនាងនាគធ្វើអំពីស្ពានដ៏ធំនិងខ្ពស់ដែលកន្លងទៅធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវដែលបានទៅលេងខេត្តព្រះសីហនុ ដោយនរណាក៏ថតរូបអនុស្សាវរីយ៍ជាមួយនឹងរូបព្រះថោងនាងនាគនេះដែរ។

លោក ហួត ហ៊ុយ នាយករដ្ឋបាលសាលាខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ថានៅយប់ថ្ងៃបើកពិធីបុណ្យសមុទ្រជាផ្លូវការនាល្ងាច ថ្ងៃទី១០ខែធ្នូ បន្ទាប់ពីចប់ការថ្លែងសុន្ទរកថាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសបើកជាផ្លូវការពិធីបុណ្យលោកទី៩ជុំទី៣ឆ្នាំ២០២២រួច មានការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ជុំទី៣ឆ្នាំ២០២២ហើយមានការសម្តែងទស្សនីយភាពសិល្បៈចម្រុះ ដោយនៅក្នុងទស្សនីយភាពសិល្បៈចម្រុះនោះក៏មាន ទស្សនីយភាពសិល្បៈល្ខោនភ្លេងការរឿង ព្រះថោងនាងនាគផងដែរ។ ល្ខោនភ្លេងការនេះកន្លងទៅមានសម្តែងខ្លីតែនៅក្នុងពិធីមង្គលការត្រឹមឈុតព្រះថោងតោងស្បៃ គឺមិនដែលមានការសម្តែងជារឿងឡើយ។

នៅខេត្តព្រះសីហនុ ពេលនេះមានរូបសំណាកព្រះថោងនាងនាគ ដែលបានកសាងឡើងនៅរង្វង់មូលប្រសព្វរវាងមហាវិថីជំទាវម៉ៅនិងមហាវិថីឆ្នេររាមអំពីស្ពានដ៏ខ្ពស់ស្កឹមស្កៃធ្វើឱ្យអ្នកណាក៏មានការចាប់អារម្មណ៍ពេលបានមកដល់ខេត្តព្រះសីហនុ។ ផ្តើមចេញពីហេតុផលនេះហើយដែលនាំឱ្យលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុផ្តួចផ្តើមគំនិតឱ្យមានការសម្តែងល្ខោនភ្លេងការរឿងព្រះថោងនាងនាគនេះឡើងនៅក្នុងពិធីបុណ្យសមុទ្រលើកទី៩ជុំទី៣នៅខេត្តព្រះសីហនុ ដោយនៅក្នុងកម្មវិធីមានរយៈពេល១៥នាទី។ ល្ខោនភ្លេងការរឿងព្រះថោងនាងនាគដែលត្រូវសម្តែងនៅរាត្រីថ្ងៃទី១០ធ្នូបានសម្តែងសាកល្បងជូនលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រីម៉ិញ កុសុនី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង លោក គួច ចំរើន ទស្សនារួចម្តងហើយកាលពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២២ នៅ សាល មហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព។ លោក ហួត ហ៊ុយ បានបញ្ជាក់ថាទស្សនីយភាពល្ខោនភ្លេងការរឿងព្រះថោងនាងនាដែលត្រូវបានយកមកសម្តែងនៅក្នុងពិថីបុណ្យសមុទ្រនេះ ជាការផ្តួចផ្តើមគំនិតរបស់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ៕/R