ដោយ:បូកគោ/កំពត៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានក្រើនរំលឹកដល់អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវលុបបំបាត់ឲ្យខាងតែបាននូវការចរាចរគ្រឿងញៀន ការជួញដូរមនុស្ស និងល្បែងស៊ីសងគ្រប់ប្រភេទ។ នេះជាការណែនាំរបស់លោក អ៊ំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនៅសាលប្រជុំសាលាខេត្តកំពតក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។

លោករដ្ឋលេខាធិការបានមានប្រសាសន៍ថាប្រជាពលរដ្ឋមានក្តីសុខសាន្តអាស្រ័យលើសមត្ថភាពដឹកនាំរបស់រដ្ឋបាលដែនដី។ ដើម្បីឆ្លើយតបនិងអនុវត្តប្រកបដោយប្រសិទ្ធភាពអំពីគោលនយោបាយភូមិឃុំសុវត្ថិភាពអាជ្ញាធរត្រូវខិតខំបន្ថែមទៀតនូវការលុបបំបាត់ឲ្យអស់ចំពោះរូបភាពអសកម្មបីចំណុច រួមមាន ការចរាចរគ្រឿងញៀន ការជួញដូរមនុស្ស និងល្បែងស៊ីសងគ្រប់ប្រភេទ។

លោកអ៊ំ ម៉ារ៉ា បានបន្តថាក្នុងនាមក្រសួងមហាផ្ទៃលោកក៏សូមកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តកំពតដែលអំឡុងពេលប៉ុន្មានឆ្នាំ
ចុងក្រោយនេះមានការអភិវឌ្ឍស្ទើរគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សុវត្ថិភាពជាទីទុកចិត្តសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគទាំងឡាយ។

លោកម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថាកត្តាសុខសន្តិភាពជាបញ្ហាចម្បងដើម្បីឈានឆ្ពោះទៅអភិវឌ្ឍ ឬបង្កើតគ្រប់សមិទ្ធផលនានាក្នុងសង្គម។ ដោយសារកិច្ចខិតខំរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅបានធ្វើឲ្យខេត្តកំពតប្រែមុខមាត់ថ្មីទាំងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសន្តិសុខ សណ្តាប់ធ្នាប់សង្គម។ លោកអភិបាលខេត្តបានបន្តថាផ្អែកលើកត្តាទាំងនោះហើយ ទើបការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកកន្លងទៅថ្មីៗនេះ ខេត្តកំពតទទួលបានជោគជ័យដោយមានភ្ញៀវជិតឆ្ងាយចូលមកកម្សាន្តរហូតដល់ជិត៦០ម៉ឺននាក់។

លោកអភិបាលខេត្តបានប្តេជ្ញាថា តាមរយ:ការក្រើនរំលឹករបស់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តកំពតនឹងប្រឹងប្រែងបន្ថែមទៀតដើម្បីភាពសុខសាន្តសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាការបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ ពិសេសអ្នកវិនិយោគឲ្យតម្រង់ទិសឆ្ពោះមកកាន់ខេត្តភាគនិរតីពោរពេញដោយសក្តានុពលមួយនេះ៕សរន / N