ដោយៈម៉េងឆៃ/ភ្នំពេញ៖អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក)បានរៀបចំពិធីបង្សុកូលនិងរាប់បាត្រឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហមដែលបានស្លាប់បាត់បងជីវិត។ពិធីបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី៩ ខែធ្នូនេះនៅបរិវេណ អ.វ.ត.ក ក្រោមអធិបតីភាពលោក ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានការិយាល័យរដ្ឋបាលស្តីទីនៃ អ.វ.ត.ក និងលោក ឃ្នុត រ៉ូហ្សិនហក អនុប្រធានការិយាល័យរដ្ឋបាលនៃអ.វ.ត.កដោយមានការអញ្ជើញចូលរួមពីជនរងគ្រោះនៃរបបខ្មែរក្រហមដែលជាដើមបណ្តឹងរដ្ឋប្បវេណី ព្រមទាំងមន្ត្រីបុគ្គលិកគ្រប់ជាន់ថ្នាក់​នៃសាលាក្តីខ្មែរក្រហម។

ជាកម្មវិធីសាសនាដែលជនរងគ្រោះជាដើមបណ្តឹងរដ្ឋប្បវេណីសម្តែងនូវការពេញចិត្តនិងសូមថ្លែងអំណរគុណចំពោះសាលាក្តីខ្មែរក្រហមដែលបានផ្តួចផ្តើមនិងរៀបចំឡើងដើម្បីអនុញ្ញាតឱ្យជនរងគ្រោះនិងមន្ត្រីបុគ្គលិកទាំងអស់ចូលរួមរំឭកវិញ្ញាណក្ខន្ធនិងធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកដែលបានចែកឋានទៅ។

លោក ក្រាញ់ តូនី បានថ្លែងអំណរគុណចំពោះក្រុមគ្រួសារនៃជនរងគ្រោះនៃរបបខ្មែរក្រហមទាំងអស់ដែលបានអញ្ជើញចូលរួមពិធីបង្សុកូលនិងរាប់
បាត្រនេះដែលជាឱកាសមួយដ៏សំខាន់ក្នុងការធ្វើពិធីបុណ្យរួមគ្នាឧទ្ទិសកុសលជនរងគ្រោះ។ ជាមួយគ្នានេះ លោកប្រធានការិយាល័យរដ្ឋបាលស្តីទីក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ជនរងគ្រោះក្នុងដំណើរការនីតិវិធីជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបខ្មែរក្រហមក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណីដោយលោកគូសបញ្ជាក់ថា៖ «តួនាទីរបស់ដើមបណ្តឹងរដ្ឋប្បវេណីពិតជាមានសារៈសំខាន់ក្នុងដំណើរការស្វែងរកការពិតនិងយុត្តិធម៌ចំពោះឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម»។

ក្នុងពិធីបាត្រឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហមដែលបានស្លាប់បាត់បងជីវិត មានការនិមន្តព្រះសង្ឃចំនួន ៧៩ អង្គដែលតំណាងឱ្យថ្ងៃរំដោះ៧មករា១៩៧៩និងមានការអញ្ជើញចូលរួមពីសំណាក់ដើមបណ្ដឹងរដ្ឋប្បវេណីនិងមន្ត្រីបុគ្គលិកនៃសាលាក្តីខ្មែរក្រហម។ ដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់មានសេចក្តីសប្បាយរីករាយនិងបុណ្យកុសលនេះ។ ជាមួយគ្នានេះលោក ក្រាញ់ តូនី និងលោក ឃ្នុត រ៉ូហ្សិនហក បានជួបសំណេះសំណាលជាមួយមន្ត្រីបុគ្គលិកនៃសាលាក្តីខ្មែរក្រហមនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមបម្រើការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវជូនសាលាក្តីខ្មែរក្រហមរយៈពេល ១៦ ឆ្នាំមកនេះ៕សរន

 

 

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានរៀបចំពិធីបង្សុកូលនិងរាប់បាត្រឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហម(រូបថត អ.វ.ត.ក)