ដោយៈ គង់ហេង/ កំពង់ចាម៖ បើគ្មានអ្វីប្រែប្រួលទេ គឺផ្លូវជាតិលេខ៧ ប្រភេទបួនគន្លងចាប់ពីស្គន់នៃស្រុកជើងព្រៃ មកកាន់ក្រុងកំពង់ចាមខេត្តកំពង់ចាម នឹងបើកការដ្ឋានស្ថាបនានៅដើមខែមករាឆ្នាំ២០២៣ខាងមុខនេះ។ពិធីនឹងរៀបចំឡើងនៅស្រុកព្រៃឈរក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការថ្លែងឱ្យដឹងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី ៩ ខែធ្នូនេះ។

នៅក្នុងការដឹកនាំជំនួបជាមួយម្ចាស់ជំនួយបរិក្ខាវេជ្ជសាស្រ្ត របស់ក្រុមសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយក្នុងមន្ទីរពេទ្យបង្អែកព្រៃឈរ លោកអភិបាលខេត្តកំពង់ចាមបានថ្លែងថាបញ្ហាប្រព័ន្ធលូរំដោះទឹកជំនន់ក្នុង មន្ទីរពេទ្យអង្អែកស្រុកព្រៃឈរនេះ គឺនឹងតភ្ជាប់ជាមួយប្រព័ន្ធលូតាមបណ្តោយផ្លូវជាតិលេខ៧ ប្រភេទបួនគន្លង។

លោក អ៊ុន ចាន់ដា បានថ្លែងទៀតថា ជុំវិញបញ្ហាប្រព័ន្ធលូតាមបណ្តោយផ្លូវជាតិមួយនេះ រដ្ឋបាលខេត្តកន្លងមកបានស្នើសុំប្រព័ន្ធលូនេះ ជម្រៅខាងក្រោមពីរម៉ែត្រ ទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជួន ហើយក្រសួងនេះបានឆ្លើយតបយល់ព្រមតាមសំណើ។ អីចឹងនៅពេលស្ថាបនាផ្លូវជាតិលេខ៧ប្រភេទបួនគន្លង ដូចគ្នានឹងផ្លូវជាតិលេខ៦ ភ្នំពេញ ស្គន់ សព្វថ្ងៃដែរ គឺទឹកជំនន់លែងលិចទៀត។ ពោលគឺនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ក៏នឹងលែងកង្វល់បញ្ហាទឹកលិចបន្តទៀតដូចគ្នា។

លោកអភិបាលខេត្តបន្តថាជាពិសេសយើងបានទទួលដំណឹងដ៏រីករាយគឺនៅថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣ ប្រមាណមួយ ខែទៀតនេះនឹងបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៧ប្រភេទបួន គន្លង ចាប់ពីស្គន់ ស្រុកជើងព្រៃ ដល់ក្រុងកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងស្រុកព្រៃឈរនេះ៕សរន

បើគ្មានអ្វីប្រែប្រួលទេ គឺផ្លូវជាតិលេខ៧ ប្រភេទបួនគន្លងចាប់ពីស្គន់នៃស្រុកជើងព្រៃ មកកាន់ក្រុងកំពង់ចាមនឹងបើកការដ្ឋានស្ថាបនានៅដើមខែមករាឆ្នាំ២០២៣ខាងមុខនេះ។ពិធីនឹងរៀបចំឡើងនៅស្រុកព្រៃឈរក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា។ នេះជាការថ្លែងឱ្យដឹងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី ៩ ខែធ្នូនេះ(រូបថត គង់ ហេង )