ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ចង្កុលណី
(ចង់-កុល-ល៉ៈណី)
នាមសព្ទ
ឈ្មោះវារិជជាតិមួយប្រភេទ ពួកឈូក, មានកេសរផ្កាច្រើនស្រទាប់, ផ្កាបែកជាខ្នែងតពីគ្នាជាបី ឬ ជាបួនទៅទៀតក៏មាន ។
ចង្កៀលខ្យង
នាមសព្ទ
ឈ្មោះសត្វស្លាប មានចំពុះវែងកោងខុប តែងរកស៊ីក្នុងវាលស្រែ ក្នុងបឹងស្រែជាដើម ។
ជនក
(ជៈនៈកៈ ឬ ជៈនក់)
នាមសព្ទ
( សំ. បា. ) បុរសអ្នកបង្កើតកូន ( បិតា ); ច្រើនប្រើជារាជសព្ទ
ព្រះជនក, សម្ដេចព្រះជនក។
ឈ្មោះរឿងជាតកមួយក្នុងមហាជាតកទាំង ១០ ( ម. ព. ជាតក ផង ) ។
ជន្លង់
(ជន់-លង់)
នាមសព្ទ
ឈើឬឫស្សី ដែលគេជីកដាំបញ្ឈរដូចជាសសរសម្រាប់ឲ្យម្លូឬម្រេចវាតោងឡើង
ជន្លង់ម្លូ, ជន្លង់ម្រេច ។
ឈ្មោះវល្លិឡើងទ្រើងមួយពួក, ច្រើនដាំជាប្រយោជន៍ប្រើធ្វើថ្នាំត្រជាក់, ធ្វើជាបន្លែឬស្រុសធ្វើជាអន្លក់ក៏បានខ្លះ
វល្លិជន្លង់, ស្លឹកជន្លង់ ។
ឆ្វេះ
នាមសព្ទ
ឈ្មោះជ័រមានពិសសម្រាប់ដាក់ចុងប្រួញ គឺជ័រឆក់ ( ហៅតាមទម្លាប់ដោយស្រុក ) ។
ឧទានសព្ទ
សូរអ្វីៗដែលរង្គោះជ្រុះ ។