ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
វិញ្ញាសា
(វិញ-ញា-សា)
នាមសព្ទ
(បា. វិញ្ញា “កិរិយាដឹងច្បាស់, ការយល់ជាក់លាក់” + អាសា “បំណង, ប្រាថ្នា” ) បំណងដើម្បីដឹងឲ្យច្បាស់លាស់, ការពិសោធ, ការល្បងសាកមើលនូវរបស់អ្វីមួយ; ក្រដាសអក្សរផ្ដិតពុម្ពដែលត្រូវពិនិត្យកែ
ពិនិត្យវិញ្ញាសា, កែវិញ្ញាសាពុម្ព; ការងារដែលបំពេញជាលាយល័ក្ខណ៍អក្សរ ឬផ្ទាល់មាត់ក្នុងការប្រឡង : វិញ្ញាសាសរសេរ, វិញ្ញាសាសួរផ្ទាល់មាត់; សន្លឹកក្រដាសផែនទី ឬរូបថតដែលផ្តិតចម្លងចេញពីគំរូដើម ។ ( បារ. épreuve ) ។
វិសោធន
(–ធៈនៈ)
នាមសព្ទ
( បា. វិសោធន; សំ. វិឝោធន ) ការសម្អាត, ជម្រះ, រម្លីងសេចក្ដី; ការល្បងមើល, ការពិនិត្យឬសាកមើលឲ្យឃើញពិត ( ម. ព. ពិសោធ, ពិសោធន៍ ) ។ វិសោធនការណ៍ ហេតុនៃការពិសោធន៍, ហេតុដែលត្រូវពិសោធន៍ ។ វិសោធនកិច្ច កិច្ចដែលត្រូវពិនិត្យ, ដែលត្រូវសាកមើលឲ្យឃើញពិត ។ វិសោធនភាព ភាវៈឬបែបពិសោធន៍ ។ ល ។
វីមង្សា
(–ម័ង-សា)
នាមសព្ទ
( បា. វីមំសា; សំ. វីមាំសា អ.ថ. –ម៉ាម-សា ) ការពិចារណាដោយល្អិត; ប្រាជ្ញាសម្រាប់ស្រាល់ជ្រើសរើសរកឲ្យឃើញការណ៍ពិត, ការពិសោធ, ការល្បងមើល; ការប្រឡង ។ វីមំសាវិជ្ជា វិជ្ជាដែលកើតអំពីការពិចារណាឈ្លេចឈ្លីរក ឬវិជ្ជាដែលសម្រេចដោយការប្រឡងហើយ ។
សាក
កិរិយាសព្ទ
ចម្លងយកបែបឲ្យដូចភាពដើម
សាកយកក្បាច់ប្រាសាទបន្ទាយស្រី ។
ល្បងមើលឲ្យដឹង, ពិសោធមើល
សាកមើលឲ្យដឹងសិន, យករបស់នុះ មកសាកគ្នាមើល, ជាងសាកមាស ។
កិរិយាសព្ទ
កាត់សំបកមែកឈើក្រឡឹងជុំវិញប្រវែងប្រហែល ១ ធ្នាប់ឬយ៉ាងវែងត្រឹម ២ ធ្នាប់ ( លៃតាមទំហំមែកឈើ ) ហើយយកស្រកីដូងខ្ចោបដីក្ដោបរុំព័ទ្ធជុំវិញ ចងរឹតចុងរបុំខាងក្រោមខាងលើឲ្យតឹងណែន, ចោះគូទបំពង់ស៊កកំណាត់សំពត់ដែលត្របាញ់ឲ្យមូល ដាក់ទឹកក្នុងបំពង់ចងបន្តោកពីលើ ឲ្យទឹកស្រក់មកលើរបុំដី ឲ្យដីសើមជានិច្ចកុំឲ្យស្ងួត, លុះដល់មែកឈើនោះដុះឫសចាក់ទម្លុះរបុំស្រកីដូងចេញមកក្រៅ ឃើញថាឫសនោះចាស់ល្មមកាត់បានហើយ អ្នកសាកត្រូវកាត់ផ្ដាច់យកមកកប់នៅដីសើម, ត្រូវបំប៉នឲ្យដីនោះសើមជានិច្ច គឺផ្សាំឲ្យមែកសាករស់លាស់ស្រួលហើយសឹមយកទៅដាំ; ធ្វើបែបនេះហៅថា សាក គឺសាកមែកឈើឲ្យដុះឫស ។ មួយបែបផ្សេងទៀត បង្កប់មែកឬដើមឈើពួកខ្លះមានដើមម្លិះជាដើម ដែលងាយដុសឫសឲ្យកប់ទៅក្នុងដី លុះឈើនោះដុះឫសហើយ ក៏កាត់យកមកផ្សាំឬដាំសម្រេចតែម្ដង, ធ្វើបែបនេះក៏ហៅ សាក ដែរ ( បារ. Marcotter )
សាកមែកល្មុត, សាកមែកសែដា, សាកដើមម្លិះលា … ( ម. ព. បំបៅ និង ផ្សាំ ទៀតផង)។
នាមសព្ទ
( ស. សរសេរ ទ្រាក អ. ថ. សាក ) រូប, រាង, រូបរាង នៃមនុស្សសត្វដែលស្លាប់ហើយ ( ម. ព. តាយសាក ផង ) ។ សាកខ្មោច រូបបុគ្គលស្លាប់ ។ សាកឆ្អឹង រាងឆ្អឹង ។ សាកសព រូបរាងសព ។ សាកអសុភ រូបអសុភ ( រូបមនុស្សសត្វដែលស្លាប់ស្អុយ ) ។
ស្ទង់
កិរិយាសព្ទ
ដាក់គ្រឿងវាស់ឬគ្រឿងពិសោធ គ្រឿងលៃឲ្យដឹងជម្រៅ, ឲ្យដឹងភាគខ្ពស់ទាប, ឲ្យដឹងទម្ងន់; លៃប្រមាណមើល
ស្ទងទឹក, ស្ទង់ភាគផ្ទៃដី, ដាក់កែវស្ទង់ឲ្យដឹងខ្ពស់ទាប, ស្ទង់កម្ពស់ភ្នំ ។
លៃប្រមាណមើល ឬ ស្មានមើលឲ្យដឹង, ដង្វិនមើល
ស្ទង់ចិត្ត, ស្ទង់ប្រាជ្ញា, ស្ទង់ចំណេះមើល ។ ស្ទាបស្ទង់ ( ម. ព. ស្ទាប ) ។