ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
អន្តរដ្ឋកា
(អន់-តៈរ៉ាត់-ឋៈកា)
នាមសព្ទ
( បា. អន្តរ + អដ្ឋកា > អន្តរដ្ឋកា; សំ. អន្តរ៑ + អស្ដកា > អន្តរស្ដកា ) រាត្រីក្នុងរវាង ៨ យប់ គឺត្រង់យប់ ១១-១២-១៣-១៤ រោច ខែមាឃ និងយប់ ១- ២- ៣- ៤ កើតខែផល្គុន, រាត្រីទាំង ៨ នេះ មានទឹកសន្សើមល្អិត ត្រជាក់ជ្រៅជាងរាត្រីឯទៀតៗ ក្នុងហេមន្តរដូវ ( ចាស់ទុំថា ត្រជាក់ឆ្ងាញ់ ) ។ ក្នុងរាត្រីឈ្មោះ អន្តរដ្ឋកា នេះហើយដែលមានសេចក្ដីចែងក្នុងវិនយបិដក ចីវរក្ខន្ធកៈថា ព្រះសក្យមុនីសម្ពុទ្ធ ទ្រង់ស្ដេចចេញគង់ក្នុងទីវាលនាវេលាយប់ ដើម្បីពិសោធរងាមើល, ព្រះអង្គដណ្ដប់ចីវរល្បងរងាមើលតាំងពីចីវរមួយដល់ចីវរបួន តាមលំដាប់ពេល, តាំងពីព្រលប់ដល់អរុណរះបំព្រាង, ព្រះអង្គអាចធន់ទ្រាំរងាបានតាមពេល, ទ្រង់មានព្រះហឫទ័យនឹកសង្វេគ, ទើបទ្រង់អនុញ្ញាតឲ្យពួកភិក្ខុធ្វើសង្ឃាដី ២ ជាន់, ចីពរ ១ ជាន់, ស្បង់ ១ ជាន់; បើសំពត់ស្ដើងឬសំពត់ជំនំ ឲ្យធ្វើសង្ឃាដី ៤ ជាន់, ចីពរ ២ ជាន់, ស្បង់ ២ ជាន់, ដើម្បីទប់ទល់នឹងរងាក្នុងហេមន្តរដូវ ( ន័យដែលថ្លែងនេះ ចំពោះរាត្រីក្នុងជម្ពូទ្វីប ( ប្រទេសឥណ្ឌា ), ប៉ុន្តែទោះបីក្នុងប្រទេសកម្ពុជាយើង ក៏គង់មាន អន្តរដ្ឋកា នេះដែរ, បើយើងល្បងមើល ក៏គង់អាចដឹងបាន ) ។ ល ។
អាវ៉ូកាចេរ
នាមសព្ទ
( បារ. Avocatier ) ឈ្មោះឈើជាដំណាំមួយប្រភេទ មានដើមធំ ស្លឹកមានទ្រង់ទ្រាយ ស្រដៀងនឹងស្លឹកសាលព្រឹក្ស ប៉ុន្តែស្ដើងទន់, ផ្លែវាហៅ អាវ៉ូកាត៍ ( បារ. Avocat ), ផ្លែមានសណ្ឋានទ្រវែង មានទំហំប៉ុនផ្លែព្នៅ ខ្នាតជំទើរខ្លះ ប៉ុនផ្លែត្រឡាចស្រូវ គឺត្រឡាចខ្នាតតូចខ្លះ ខាងលើតូច ខាងក្រោមធំ, ផ្លែទុំមានសាច់ទន់ជ្រាយ ស្រដៀងនឹងត្រសក់ស្រូវខ្មែរ, មានគ្រាប់តែមួយធំ មានស្រោមសាច់ទន់ឱបគ្រាប់, ទំហំគ្រាប់ស្រដៀងនឹងគ្រាប់ផ្លែទុរេន, បណ្ដុះបានដោយងាយ, ផ្លែទុំសម្រាប់ប្រើជា ខាទនីយាហារ, មុននឹងបរិភោគ ត្រូវចិតយកសំបកស្ដើងចេញ ហើយកាត់សាច់ផ្លែនោះ ជាដុំៗ ដូចត្រសក់ស្រូវដែរ រួចលាយស្ករ-សសុទ្ធក៏បាន លាយទឹកដោះគោកំប៉ុងក៏បាន លាយខ្ទិះដូងឆៅផ្អែមក៏បាន, មានឱជារសស្រដៀងនឹងត្រសក់ស្រូវទុំ ប៉ុន្តែមិនភ្លាវទេ ឆ្ងាញ់ជាងត្រសក់ស្រូវខ្មែរ ។ អាវ៉ូកាចេរ នេះជាឈើដំណាំមានពូជមកពី ប្រទេសបារាំងសែស ប្រភពដើមមកពីប្រទេសអាមេរិគ, ដាំនៅប្រទេសកម្ពុជាយើងកើត, យ៉ាងយឺតណាស់ត្រឹមប្រាំឆ្នាំក៏អាចមានផ្លែ, គេបានដាំពិសោធមើលរួចទៅហើយ ឃើញកើតមានផ្លែដូចនៅប្រទេសបារាំងដែរ ។ គួរប្រជាពលរដ្ឋខ្មែរយើង ពេញចិត្តដាំដំណាំនេះ ឲ្យមានបរិបូណ៌ឡើង ព្រោះជាសេដ្ឋកិច្ចមួយប្រភេទ ដែលចាប់កំណើតមានជាដំបូង ក្នុងសម័យសង្គមរាស្ត្រនិយម ព្រះពុទ្ធសាសនា, ក្នុងស្រុកភូមិនិងវត្តនីមួយៗ គួរដាំហើយថែទាំបំប៉នជីសាប កុំប្រើជីប្រៃ, រដូវប្រាំងត្រូវចាក់ទឹកស្រោចជួយខ្លះផងកុំឲ្យវាងាប់, លុះឈើនេះមានដើមធំហើយ ក៏អាចរស់បានឯងៗ ដូចឈើដំណាំប្រភេទឯទៀតៗនោះដែរ (បើមិនហៅ អាវ៉ូកាចេរ តាមបារាំង, យើងអាចហៅថា ដើមអាវ៉ូកាត៍ តាមឈ្មោះផ្លែវាក៏បាន) ។
ឥទ្ធិបាទ
(–បាត)
នាមសព្ទ
( បា. ឬ សំ.; ព. ពុ. ) គុណធម៌ប្រៀបដូចជាជើងឬដូចជាជំហាននៃសេចក្ដីសម្រេច, នៃសេចក្ដីចម្រើន; មាន៤យ៉ាងគឺ ១. ឆន្ទ : បំណង; ២- វិរិយ : ព្យាយាម; ៣- ចិត្ត : គំនិត ( ចេះតែរស់រវើក ); ៤- វីមំសា ការពិចារណា, ល្បងមើល, ពិសោធមើល; ប្រឡង ។ ឥទ្ធិបាទទាំង៤ នេះជាធម៌សំខាន់បំផុតរបស់សត្វលោក ( ទាំងផ្លូវលោកទាំងផ្លូវធម៌ ) ។ ព. កា. ថា យើងគួរសង្វាត បំពេញឥទ្ធិបាទ ឲ្យបានគ្រប់គ្រាន់ គង់នឹងសម្រច ប្រយោជន៍ឃើញទាន់- ភ្នែកនាបច្ចុប្បន្ន ពុំដែលឃ្វាងឡើយ ។
ពិស្ណុលោក
(ពិស-ស្ណុ-, ឬ ត. ទ. ស្រ. ពឹស–)
នាមសព្ទ
ឋានន្តរសម្រាប់ចៅហ្វាយស្រុកខែត្រទ្រាំង, ក្នុងសម័យរាជ្យពីដើមជាមន្ត្រីទីស្ដេចត្រាញ់, តែសម័យបច្ចុប្បន្ននេះ ជាទីអភិបាលខែត្រដែលរួមហៅថា ខែត្រតាកែវ (ម. ព. ពិស្ណុ និង លោកផង) ។
ពិស
(ច្រ. និ. ពឹស)
នាមសព្ទ
( បា. វិស; សំ. វិឝ )
ចំហាយឬកម្សួលកាចដែលកើតមាននៅចង្កូមសត្វពួកទីឃជាតិឬមាននៅទ្រនិចនៃសត្វល្អិតពួកខ្លះមានខ្ទួយជាដើម
ពិសពស់, ពិសខ្ទួយ ។
ឈ្មោះរោគពងដោរនៅសាច់បណ្តាលឲ្យឈឺចាប់ពើតឬក្រហាយខ្លាំង
កើតពិស ។
ឈ្មោះរោគគ្រុនក្ដៅខ្លាំងបណ្ដាលអំពីសួតពិការជាដើម
គ្រុនពិស ។
ថ្នាំពិស ថ្នាំពុល, គ្រឿងពុល
លេបថ្នាំពិស, ត្រូវថ្នាំពិស ។
ជ័រឆក់ក៏ហៅ ថ្នាំពិស ដែរ
ព្រួញលាបថ្នាំពិស ។
ព. ប្រ. មនុស្សមានពិស មនុស្សអ្នកមានអំណាចខ្លាំងឬអ្នកប្រើអំណាចហួសហេតុ ។