ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ មុខតំណែងប្រធានរតនាគារ ខេត្តបន្ទាយមានជ័យ មកទល់ពេលនេះ ប្រធានចាស់ ដល់អាយុវ័យ បានចូលនិវត្តន៍ ឯអនុប្រធាន ដែលនៅវ័យក្មេង ក៏បានឡើងជំនួស ដោយបានរៀបចំពិធីប្រកាសតែងតាំង មុខតំណែង និងចូលកាន់ភារកិច្ច នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំធំ សាលាខេត្ត។
លោក យុត ស្វីនី ប្រធានរតនាគារ ខេត្តបន្ទាយមានជ័យ ដែលត្រូវចូលនិវត្តន៍ បានឱ្យដឹងថាៈ រតនាគារ ជាគណនេយ្យករផ្ទាល់ ចំណុះអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានភារកិច្ចត្រួតពិនិត្យ និងប្រតិបត្តិការចំណូល -ចំណាយ ថវិកា ហើយមានបេសកកម្មជាបេឡា និងក៏ជាគណនេយ្យករ សាធារណៈ របស់រាជរដ្ឋាភិបាល គ្រប់គ្រងប្រាក់កាសរបស់រដ្ឋ គណនីពិសេស នៃរតនាគារ និងធ្វើតុល្យភាពសាច់ប្រាក់ ។ ឯរចនាសម្ព័ន្ធគ្រប់គ្រង អង្គភាពខេត្តមួយនេះ មានមន្ត្រីតែ ១៨ នាក់ប៉ុណ្ណោះ គឺប្រធាន១ អនុប្រធាន ៣ និងការិយាល័យ ៣ ប៉ុន្តែបំពេញការងារ ខាងចំណូល ចំណាយសាច់ប្រាក់ និងថវិការដ្ឋថ្នាក់ក្រោមជាតិ (ខេត្ត ស្រុក ក្រុង និង ឃុំ សង្កាត់) ធំធេងក្នុងខេត្ត ។ល។ ឯលទ្ធផលការងារ គឺបានល្អប្រសើរ ។
យោងតាមលោក ប៊ិន កក្កដា ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអានសេចក្តីប្រកាស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៨៥១ សហវ. ប្រក ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ចុះហត្ថលេខា ដោយលោកអគ្គបណ្ឌិតសភាចារ្យ អួន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចតែងតាំង ១- លោក អឿន ច័ន្ទវីសុទ្ធ ពីអនុប្រធានរតនាគារ ខេត្តបន្ទាយមានជ័យ ទៅជាប្រធាន ជំនួសលោក យុត ស្វីនី ដែលត្រូវចូលនិវត្តន៍។
២- លោកស្រី សាយ ស្រីណុច ពីប្រធានការិយាល័យគណនេយ្យ ថវិកាថ្នាក់ក្រោមជាតិ ជាអនុប្រធាន ជំនួសលោក អឿន ច័ន្ទវិសុទ្ធ អនុប្រធាន ដែលឡើងជា ប្រធានរតនាគារខេត្ត។
៣-លោក ក្លិន កុយ អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក ជាប្រធានការិយាល័យ រដ្ឋបាល និងបុគ្គលិក ជំនួសលោក ស៊ុំ សុជាតិ ប្រធានចាស់ ។
៤-លោកស្រី សំ សៅឌី ពីអនុប្រធានការិយាល័យ ឡើងជា ប្រធានការិយាល័យ គណនេយ្យថវិកាថ្នាក់ក្រោមជាតិ ជំនួសលោកស្រី ប្រធានចាស់ ។
៥-លោក លឹម រ៉ានី ពីមន្ត្រីការិយាល័យរដ្ឋបាល និងបុគ្គលិក ឡើងជាអនុប្រធាន ការិយាល័យនេះ ។
៦- លោក មែ សុភារម្យ ពីមន្ត្រីការិយាល័យគណនេយ្យ ថវិកាថ្នាក់ក្រោមជាតិ ឡើងជាអនុប្រធានការិយាល័យនេះ ….។
លោក អឿន ច័ន្ទវីសុទ្ធ ប្រធានថ្មី នៃរតនាគារ ខេត្តបន្ទាយមានជ័យបានឡើងចាប់ អារម្មណ៍ និងប្តេជ្ញាចិត្តថា នឹងបន្តខិតខំបំពេញតួនាទី ភារកិច្ចដោយមនសិការ សម្បជ្ជញ្ញ: ឱ្យបានលទ្ធផលល្អ មានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ ។
នាឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានវាយតម្លៃពីការខិតខំ ប្រឹងប្រែងបម្រើការងារបានល្អ របស់លោកប្រធានចាស់ ដែលបានបំពេញការងាររហូត ចូលនិវត្តន៍ និងបានផ្តាំផ្ញើលោក ប្រធានរតនាគារថ្មី បន្តខិតខំលើកកម្ពស់សមត្ថភាព ប្រមូលផ្តុំ សាមគ្គីភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការងារសង្គមបម្រើសេវា ដើម្បីឆ្លើយតប ទៅនឹងតម្រូវការងារសង្គម។ បម្រើសេវាសាធារណៈ ផ្នែកខាងចំណូល ចំណាយសាច់ ប្រាក់និងថវិការដ្ឋ ថ្នាក់ក្រោមជាតិ នៃហិរញ្ញវត្ថុ រួមរួមចំណែកអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ ព្រមទាំងផ្ដាំផ្ញើដល់ប្រធានថ្មី បន្តខិតខំដឹកនាំ មន្ត្រីក្រោមឱវាទ និងកិច្ចសហប្រតិបត្តិការ សាមគ្គីភាព ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ប្រកបដោយ គុណភាព និងគុណផល បន្តរួមចំណែកជាមួយរដ្ឋបាលខេត្ត លើកិច្ចការទូទាត់ ហិរញ្ញវត្ថុ សាធារណៈ ប្រកបដោយប្រសិទ្ធភាព។
ចុងបញ្ចប់ លោក ប៉ូ រតនា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ កោតសរសើរស្នាដៃ លោកប្រធានចាស់ ក្នុងរយៈពេលបំពេញការងារ រួមចំណែកលើវិស័យហិរញ្ញវត្ថុរបស់ជាតិ បាននាំមកនូវសមិទ្ធផលសំខាន់ៗជាច្រើន សម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា អាជ្ញាធរខេត្តបន្ទាយមានជ័យ នាពេលកន្លងមក។
លោកបានផ្ដាំផ្ញើដល់លោកប្រធាន រតនាគារខេត្តបន្ទាយមានជ័យថ្មី ត្រូវអនុវត្តន៍តួនាទី ឱ្យបានខ្ជាប់ខ្ជួនរាល់ផែនការ សកម្មភាព របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេស ការអនុវត្តអភិក្រម ៤ របស់លោកអគ្គបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌបង្កើនសមត្ថភាពការងារ កាន់តែល្អថែមទៀត គឺៈ ទី១. អនុវត្តន៍ ការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌, ទី២.អនុវត្តន៍ការងារជាក្រុម, ទី៣. អនុវត្តន៍ការងារប្រកាន់ភ្ជាប់ស្មារតីបុរេ សកម្ម នៃកំណែទម្រង់សាធារណៈ និងកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, និងទី៤. មិនត្រូវមើលរំលងកំហុសរបស់ខ្លួន ហើយ អភិក្រមទាំង ៤ នេះ ជាគោលដៅ ក្នុងការអភិវឌ្ឍការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕/V