ដោយ : ប.ជ័យ / បន្ទាយមានជ័យ:បន្ទាប់ពីមានសកម្មភាពដាក់ដុំថ្ម ដាំបង្គោលនិងរាយលួសបន្លាព័ទ្ធយកដីភ្នំរដ្ឋនិងដីពលរដ្ឋនភភូមិសាស្ត្រភូមិពង្រសង្កាត់កំពង់ស្វាយក្រុុងសិរីសោភ័ណដែលប្រជាពលរដ្ឋចោទថា ក្រុមហ៊ុនរបស់កូ ណៃ បិទផ្លូវសម្រាប់ដឹកកសិផលនិងចេញ ចូលចម្ការនោះ ភ្នាក់ងារភូមិនិងមន្ត្រីសង្កាត់បានចុះទៅពិនិត្យ និងរាយការណ៍ថា លោក កូ ណៃ ពិតជាបានបិទផ្លូវដូចពលរដ្ឋចោទប្រកាន់នោះមែន ។

លោកកូ ណៃបានបកស្រាយថា ការបិទផ្លូវនោះគឺដើម្បីការពារដើមអម្ពិលផ្អែមរបស់លោកតែប៉ុណ្ណោះ មិនមានមហិច្ឆតាឬគោលដៅហ៊ុមព័ទ្ធយករណ្តៅដីភ្នំដែលកាយរួចនិងដីភ្នំរបស់រដ្ឋនិងបិទខ្ទប់ដង្ហើមជីវភាពប្រជាកសិករឡើយ។

ប្រភពព័ត៌មានមួយចំនួនបានបង្ហើបឱ្យដឹងកាលពីថ្ងៃទី៩ខែធ្នូថា កាលពីថ្ងៃទី០៨ខែធ្នូភ្នាក់ងារភូមិពង្រនិងមន្ត្រីសង្កាត់កំពង់ស្វាយបានទៅពិនិត្យស្រាវជ្រាវករណីលោកកូ ណៃ យកផ្ទាំងថ្មធំៗទៅបិទផ្លូវ ដាំបង្គោលរបងនិងរាយលួសបន្លានៅច្រកចូលភ្នំកងវ៉ា ក្នុងភូមិសាស្ត្រភូមិពង្រសង្កាត់កំពង់ស្វាយ។ពេលឡើងទៅពិនិត្យនោះ លោកកូ ណៃ មិនមានវត្តមាននៅនឹងទីតាំងទេ ។ ប៉ុន្តែភ្នាក់ងារបានហៅទូរស័ព្ទទៅលោកកូ ណៃដើម្បីសុំឲ្យបើកផ្លូវនោះ បានប្រើប្រាស់ធម្មតាវិញ ។

ប៉ុន្តែលោកកូ ណៃបានប្រាប់ពីចម្ងាយមកថា នោះជាផ្លូវរទេះគោ កន្លងមកដែលមានសភាពលក្ខណ:តូច គន្លងចង្អូរជ្រៅ ពិបាកធ្វើដំណើរ ។ក្រោយពេលដែលលោកបានទិញដីម្តុំនោះបាន(រណ្តៅដីកាយអាចម៍ដីនិងដីជើងភ្នំរបស់លោកតួ ធានទឺ ទីប្រឹក្សានៅក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍កសិកម្មនិងជនបទ) គាត់ចាប់ផ្តើមឈូសឆាយ ចាក់ដីពង្រីកផ្លូវអស់ដី២០០ឡានដី ដើម្បីអោយវាមានសភាពល្អដូចពេលនេះ ។

ដីនោះ នៅចុងខាងលិចជាប់បន្ទាយទីបញ្ជាការកងក្រោះ(យោធភូមិភាគ៥ ទិសបន្ទាយមានជ័យ) ទើបលោកបានសុំគេបើកផ្លូវដោយចំណាយថវិកាមួយចំនួន ទើបគេឲ្យបើក។

លោកកូ ណៃ បានបកស្រាយទៀតថា នាបច្ចុប្បន្ន ផ្លូវនេះពុំមានអ្នកប្រើប្រាស់ទេ ដោយដីចម្ការនៅចំណុចនោះ ពលរដ្ឋម្ចាស់ដីបានលក់អស់បាត់ទៅហើយ ។
ចំណែកការដឹកជញ្ជូនអាចម៍ដីកាយដីភ្នំរបស់លោកសាំង គង់ (មន្ត្រីសាលាខេត្តបន្ទាយមានជ័យនិងជាអាជីវករកាយដី) ក៏មិនបានប្រើប្រាស់ផ្លូវនោះទៀតដែរ ។

លោកកូ ណៃ បានបញ្ជាក់ថា ការបិទផ្លូវនេះ គឺសម្រាប់ការពារចម្ការអម្ពិលផ្អែម របស់គាត់តែប៉ុណ្ណោះ។

ទោះជាយ៉ាងណា ក្រោយពិនិត្យជាក់ស្តែង ការ ស្រាវជ្រាវបឋមភ្នាក់ងារភូមិនិងមន្ត្រីសង្កាត់នោះបានសន្និដ្ឋានថា ក្រោយមន្ត្រីបានចុះដល់ទីតាំង ឃើញថា លោកកូ ណៃពិតជាមានការបិទផ្លូវសាធារណ:នោះពិតមែន។

ចំណែកពលរដ្ឋមួយចំនួនដែលមានដីចម្ការនៅម្តុំនោះ(ខ្លះបានលក់និងខ្លះមិនទាន់លក់) បានបង្ហើបឱ្យដឹងថា ទីតាំងដែលបិទនោះ ជាផ្លូវថ្មើរជើង ផ្លូវក្រាលដីសម្រាប់ចេញ ចូលចម្ការ ដឹកកសិផលនិងឃ្វាលគោលើដីសាធារណ: ហើយក៏មានជារណ្តៅដីដែលធ្លាប់កាយដីភ្នំ ជាកន្លែងបាញ់គ្រាប់ពិត…តែក៏ត្រូវអ្នកធំ អ្នកតូច អ្នកមាន បាននាំគ្នាទៅទិញអស់ភាគច្រើនដែរ ៕សរន