ដោយ៖ដេប៉ូភ្នំពេញ៖ ពិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ដែលសរុបមានស្តង់រហូតទៅដល់ ១៩៧ស្ដង់កំពុងទទួលបានការចាប់អារម្មណ៍និងទាក់ទាញអ្នកអានរាប់ពាន់នាក់បានចូលទិញ និងទស្សនា។គួរបញ្ជាក់ថាការរៀបចំកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៩នេះឡើង គឺក្នុងគោលបំណងផ្សព្វផ្សាយនូវវប្បធម៌នៃការអានសៀវភៅក្នុងសង្គមខ្មែរ ជាពិសេសយុវជន យុវនារីខ្មែរក្នុងស្រទាប់អ្នកអានសៀវភៅ។


ពិព័រណ៍សៀវភៅថ្នាក់ជាតិដែលបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ៩ដល់ថ្ងៃទី១១ខែធ្នូ ឆ្នាំ ២០២២នាបណ្តាល័យជាតិ ក្នុងរាជធានីភ្នំពេញ។ក្នុងពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៩នេះក្រោមប្រធានបទ”មួយថ្ងៃអាន មួយថ្ងៃដឹង” ហើយគេរំពឹងថាយ៉ាងហោចណាស់មាននុស្សជាង១០ម៉ឺននាក់ចូលរួម។
លោក គឹម ពិន នន់ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ឱ្យដឹងនាកន្លងមកថា៖ ក្នុង ពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៩នេះដែរមានចំនួន ៧សកម្មភាពគឺ៖ការដាក់តាំងសៀវភៅ ,បើកវេទិការស្តីពីការពុម្ពសៀវភៅផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក,ធ្វើបទបង្ហាញនានាទាក់ទិននឹងអក្សរសាស្រ្ត និង អក្សរសីលខ្មែរ ហើយនិង វិទ្យាសាស្រ្ត ,ការនិពន្ធសៀវភៅទៅជាខ្សែភាពយន្ត និងអភិវឌ្ឍន៍ជំនាញការអានចាប់ផ្តើមអំណានតំណាក់កាលដំបូងនៃជីវិត,ជួបពិភាក្សា ដែលជាការទទួលយកបទពិសោធន៍ពីអ្នកនិពន្ធល្បីៗ និង ការចុះហត្ថលេខា ពីអ្នកនិពន្ធ និង វិចិត្រករ,ការអានរឿង និងល្បែងសិក្សាសម្រាប់កុមារ ,ការប្រគុំតន្រ្តី និងសំណួរចម្លើយចាប់យករង្វាន់ជាដើម។
លោក ហុកសិទ្ធិ ប្រធានសមាគមបណ្តារក្ស និងឯកសារវិទូររបស់កម្ពុជា បានបញ្ជាក់ឱ្យដឹងថា៖ជារៀងរាល់ឆ្នាំក្នុង ពិព័រណ៍សៀវភៅ គេឃើញថាក្នុងចំណោមសៀវភៅទាំងអស់ដែលបានដាក់លក់ឃើញថាសៀវភៅស្តីពីការអភិវឌ្ឍន័ខ្លួន និងសៀវភាពប្រលោមលោកបែបកម្សាន្តស្ថិតនៅក្នុងចំណោមសៀវភាពលក់ដាច់ជាងគេ។
គួររំលឹកថាកម្មវិធីពិព័រណ៍សៀវភៅនេះបានប្រារព្ធឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ (ម៉ោង៧ព្រឹក ដល់ ៧ល្ងាច)៕ N