ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ (Kun Khmer Sea Championship 2022) យប់ថ្ងៃទី៩ ខែធ្នូ អ្នកប្រដាល់កម្ពុជាបីរូបបានទទួលជ័យជំនះលើគូប្រកួត។ ការប្រកួតនេះធ្វើនៅក្នុងកម្មវិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នាខេត្តព្រះសីហនុ។
កីឡាករ ហ៊ីម គឹមរៀង បានយកឈ្នះអ្នកប្រដាល់ម៉ាឡេស៊ី Iskandar Zulqarnain នៅក្នុងទឹកទី១ ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។ ជ័យជម្នះនេះធ្វើឲ្យកីឡាករម្ចាស់ផ្ទះកម្ពុជារូបនេះត្រូវជួបកីឡាករវៀតណាម Duong Hoang Tuan នៅវគ្គបន្ដ បន្ទាប់ពីកីឡាករវៀតណាមរូបនេះ បានយកឈ្នះកីឡាករមីយ៉ាន់ម៉ា Aye Kozin ដោយពិន្ទុ ។
ដោយឡែកអ្នកប្រដាល់កម្ពុជា ឡៅ ចិត្រា បានបង្ខំឲ្យអ្នកប្រដាល់វៀតណាមវៀតណាម Ngo Vuong Dat ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី១ ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម ។ រីឯកីឡាការិនី ខា ចាន់ដេង វិញ បានយកឈ្នះកីឡាការិនីមីយ៉ាន់ម៉ា Maiy Thazin Htoo ដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ៤៨ពិន្ទុ ។
ចំពោះការជួបគ្នារវាងអ្នកប្រដាល់បរទេសជាមួយអ្នកប្រដាល់បរទេសវិញនោះកីឡាករវៀតណាម Luong Thanh Phuc ផ្ដួលកីឡាករឥណ្ឌូនេស៊ី Anshari Marif និងកីឡាករមីយ៉ាន់ម៉ា Saw Mya Moe ផ្ដួលកីឡាករហ្វីលីពីន Bassig Gerald ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី១ ដូចគ្នា ។ ទាំងពីរគូនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
អ្នកប្រដាល់មីយ៉ាន់ម៉ា Saw Hlawin Soe បានយកឈ្នះកីឡាករវៀតណាម Tran Nguyen Loc និងកីឡាករម៉ាឡេស៊ី Muhammad Akashabin យកឈ្នះកីឡាករហ្វីលីពីន Brioso Arnie ដោយពិន្ទុដូចគ្នា ក្នុងប្រភេទទម្ងន់ ៦៣គីឡូក្រាម និងកីឡាការិនីវៀតណាម Nguyen Thanh Hang យកឈ្នះកីឡាការិនីម៉ាឡេស៊ី Nurhuda Fakhira ដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម ។
ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍នេះមានកីឡាករកីឡាការិនីចូលរួមជាង ១៤០នាក់ មកពី ៧ប្រទេស ក្នុងតំបន់អាស៊ាន ដែលត្រូវបានចាត់ទុកជាការប្រកួត Pre-SEA Games សម្រាប់កីឡាប្រដាល់គុនខ្មែរ ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ៕/R