ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋបាលលោកបៃដិនកំពុងចោទប្រកាន់រុស្ស៊ីថាងាកទៅរកការផ្តល់ជំនួយយោធាកម្រិតខ្ពស់ដល់អ៊ីរ៉ង់ រួមទាំងប្រព័ន្ធការពារដែនអាកាស ឧទ្ធម្ភាគចក្រនិងយន្តហោះចម្បាំង ដែលជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈរដ្ឋាភិបាលក្រុងតេអេរ៉ង់ផ្តល់ដ្រូនដើម្បីគាំទ្រការលុកលុយរបស់លោកវ៉ា្លឌីមៀ ពូទីន នៅអ៊ុយក្រែន។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក ចន កឺប៊ី (John Kirby) កាលពីថ្ងៃសុក្របានដកស្រង់ការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិកសម្រាប់ការចោទប្រកាន់នេះ ដោយនិយាយថា រុស្ស៊ីកំពុងផ្តល់ឱ្យអ៊ីរ៉ង់នូវ “កម្រិតមិនធ្លាប់មានពីមុនមកនៃការគាំទ្រផ្នែកយោធានិងបច្ចេកទេស ដែលកំពុងផ្លាស់ប្តូរទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូការពារពេញលេញ”។
លោកកឺប៊ីបាននិយាយថា រុស្ស៊ីនិងអ៊ីរ៉ង់កំពុងពិចារណាដំឡើងរោងចក្រផលិតដ្រូននៅក្នុងប្រទេសរុស្ស៊ីសម្រាប់ជម្លោះអ៊ុយក្រែន ខណៈរុស្ស៊ីកំពុងបណ្តុះបណ្តាលអាកាសយានិកអ៊ីរ៉ង់លើយន្តហោះចម្បាំង Sukhoi Su-35 ហើយអ៊ីរ៉ង់អាចទទួលយន្តហោះក្នុងឆ្នាំនេះ។
លោកកឺប៊ីបាននិយាយថា “យន្តហោះចម្បាំងទាំងនេះនឹងពង្រឹងកម្លាំងទ័ពអាកាសរបស់អ៊ីរ៉ង់យ៉ាងសំខាន់ទាក់ទងទៅនឹងប្រទេសជិតខាងក្នុងតំបន់”។
ការចោទប្រកាន់របស់សហរដ្ឋអាម៉េរិកគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដោយចេតនារបស់អាម៉េរិកដើម្បីជំរុញឱ្យរុស្ស៊ីមានភាពឯកោជាសកលក្នុងករណីនេះគឺផ្តោតលើបណ្តាប្រទេសអារ៉ាប់ដែលមើលទៅនាំគ្នាទប់ទល់នឹងភាពទុច្ចរិតក្នុងតំបន់របស់អ៊ីរ៉ង់ តែមិនប្រកាន់ជំហររឹងមាំប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
មុននេះ រដ្ឋបាលលោកបៃដិនបានចោទប្រកាន់អារ៉ាប៊ីសាអូឌីតថាបានចូលដៃជាមួយរុស្ស៊ីក្នុងជម្លោះដោយដឹកនាំការកាត់បន្ថយការផលិតប្រេងដោយក្រុម OPEC+ ដើម្បីបង្កើនតម្លៃប្រេងដែលមានសារៈសំខាន់ក្នុងការផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រដ្ឋាភិបាលក្រុងមូស្គូ។ អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់គឺប្រឆាំងគ្នាក្នុងសង្គ្រាមដោយក្រុមតំណាងរបស់គេអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងប្រទេសយេម៉ែន៕
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក ចន កឺប៊ី