ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ស្តេចបាល់ទាត់ប្រេស៊ីល ប៉េឡេ បានអបអរសាទរនីម៉ាសម្រាប់ការតាមស្មើកំណត់ត្រាគ្រាប់បាល់ស៊ុតបញ្ចូលទីសម្រាប់ជម្រើសជាតិរបស់គាត់កាលពីថ្ងៃសុក្រហើយបន្ទាប់មកបានសម្តែងការសោកស្តាយសម្រាប់កីឡាកររូបនេះចំពោះការខ្ទាតចេញពីវើលខាប់។
ប៉េឡេ ដែលកំពុងដេកនៅមន្ទីរពេទ្យដើម្បីព្យាបាលការឆ្លងមេរោគផ្លូវដង្ហើម បានបង្ហោះសាររបស់គាត់នៅលើ Instagram បន្ទាប់ពីប្រេស៊ីលចាញ់ក្រូអាស៊ីក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រក្នុងការស៊ុតបាល់ប៉េណាល់ទីនៅឯការប្រកួតនៅប្រទេសកាតា។
ប៉េឡេ អាយុ ៨២ ឆ្នាំបានសរសេរថា “ខ្ញុំបានឃើញអ្នករីកចម្រើន ខ្ញុំលើកទឹកចិត្តអ្នកជារៀងរាល់ថ្ងៃ ហើយទីបំផុតខ្ញុំអាចអបអរសាទរអ្នកសម្រាប់ការឈានដល់ចំនួនគ្រាប់បាល់ស្មើខ្ញុំជាមួយប្រេស៊ីល។ យើងទាំងពីរដឹងថា នេះគឺលើសពីតួលេខទៅទៀត។ កាតព្វកិច្ចដ៏ធំបំផុតរបស់យើងក្នុងនាមជាអត្តពលិកគឺការបំផុសគំនិត។ លើកទឹកចិត្តដល់មិត្តរួមក្រុមរបស់យើងនាពេលបច្ចុប្បន្ន ក្មេងជំនាន់ក្រោយ និងសំខាន់ជាងនេះទៅទៀត អ្នកទាំងអស់ដែលស្រឡាញ់កីឡារបស់យើង”។
លោកប៉េឡេបានបន្ថែមថា “គួរឱ្យស្តាយ នេះមិនមែនជាថ្ងៃរីករាយបំផុតសម្រាប់យើងទេ។ កំណត់ត្រារបស់ខ្ញុំត្រូវបានបង្កើតឡើងកាលពីជិត ៥០ ឆ្នាំមុន ហើយគ្មាននរណាម្នាក់អាចចូលទៅកៀកវាបានទេរហូតមកទល់ពេលនេះ។ អ្នកទៅដល់ទីនោះហើយ កូនប្រុស។ នោះបង្ហាញថាតើសមិទ្ធផលរបស់អ្នកអស្ចារ្យកម្រិតណា”។
នីម៉ាបានស៊ុតបញ្ចូលទីតែមួយគ្រាប់គត់សម្រាប់ប្រេស៊ីលទល់នឹងក្រូអាស៊ីនៅកីឡដ្ឋាន Education City ដែលផ្តល់ឱ្យគាត់នូវគ្រាប់ទី ៧៧ សម្រាប់ក្រុមជម្រើសជាតិ។ ក្រោយមក ក្រូអាស៊ីបានតាមស្មើវិញនិងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយឈ្នះការស៊ុតបាល់បញ្ចូលទី ៤-២ បន្ទាប់ពីស្មើ ១-១ ក្នុង ១២០ នាទី។
នីម៉ាយំក្រោយប្រេស៊ីលធ្លាក់ពីវើលខាប់
ទន្ទឹមនេះ កីឡាករលូកា ម៉ូឌ្រិក (Luka Modric) អាយុ ៣៧ ឆ្នាំរបស់ក្រូអាស៊ី ដែលគេយល់ថាអស់សមត្ថភាពក្នុងការជួយជម្រើសជាតិហើយនោះ បែរជាក្លាយជាតារារះក្នុងក្រុមតាមរយៈក្បាច់ញាក់ ការប៉ះសេច្បាស់ៗ និងការគ្រប់គ្រងបាល់ដ៏ឆ្លាតវៃដើម្បីរក្សាស្ថានភាពលើទីលានឱ្យស្ងប់ស្ងាត់ទៅតាមជំនោរសាច់បាល់របស់ក្រូអាស៊ី។
ការគ្រប់គ្រងទាំងស្រុងលើតំបន់បម្រើបានជួយឱ្យក្រូអាស៊ីបញ្ចប់ការលេងដ៏ស៊ីចង្វាក់របស់ប្រេស៊ីល និងបានទម្លាក់ក្រុមដែលគេរំពឹងលើកពានចេញពីវើលខាប់មួយនេះ។
គ្រូបង្វឹកក្រូអាស៊ីលោក ស្លាត់កូ ដាលីក (Zlatko Dalic) បាននិយាយថា “វាពិតជាពិបាកណាស់ក្នុងការស្វែងរកនរណាម្នាក់នៅអាយុ ៣៧ ឆ្នាំជាមួយនឹងសមត្ថភាពលេងបែបនេះជាមួយនឹងភាពខ្លាំងបែបនេះនៅពេលដែលគាត់លេងឱ្យក្រុម Real Madrid និងក្រុមជម្រើសជាតិ ហើយលូកា ម៉ូឌ្រិកបានបង្ហាញពីគុណភាពរបស់គាត់។ នៅពេលដែលគាត់មកដល់វើលខាប់មនុស្សបានចាប់ផ្តើមផាត់គាត់ចេញ ហើយបន្ទាប់មកគាត់បានត្រឡប់មកវិញយ៉ាងត្រចះត្រចង់បំផុតនៃការប្រកួតរបស់គាត់ហើយគាត់បាននាំក្រូអាស៊ីចូលទៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ”៕
ម៉ូឌ្រិកគឺជាក្បាលម៉ាស៊ីននៅតំបន់បម្រើសម្រាប់ក្រូអាស៊ី