ដោយ​: សុផល​/​ព្រះសីហនុ​: កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សាកលលោក ដែលមាន​ចំនួន​សរុប​ប្រមាណ​១៣០​នាក់ ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្រះសីហនុ និង​ទីតាំង​សំខាន់ៗ​មួយចំនួនទៀត ដើម្បី​ស្វែងយល់​បន្ថែម​ពី​ភាព​រីកចម្រើន​នៃ​តំបន់​ឆ្នេរសមុទ្រ​នៅ​កម្ពុជា ក្នុងឱកាស​សន្និបាត​លើក​ទី​១៦​របស់​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សាកលលោក​។​

​ដំណើរ​ទស្សនកិច្ច​ក្នុង​ទីក្រុង​នេះ​ធ្វើ​ឡើ​នា​រសៀល​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២២ ក្រោម​បទឧទ្ទេសនាម​ដោយ​លោក លី រស្មី រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែន នគរូបនីយកម្ម និង​សំណង់ អមដោយ​លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍​។​

​គណៈប្រតិភូ​ក្លិប​ឆ្នេរ​ខាងលើ​បាន​ទៅ​ទស្សនកិច្ច​នៅ​ទីតាំង​អាង​ចម្រុះ​ទឹក​កខ្វក់​ក្នុង​ក្រុង ឆ្នេរ​អូរ​ឈើទាល ដើរ​ទស្សនា​ឆ្នេរសមុទ្រ​នៅ​ពយ​ជំទាវ​ម៉ៅ ឆ្នេរ​អូរត្រេះ រួចហើយ​បន្តទៅ​ដើមឈើ​ចាំ​ស្នេហ៍ បដិមា​ព្រះថោង​នាងនាគ ព្រមទាំង​ទស្សនា​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ផ្លូវ និង​ការតុបតែង​លម្អ​ទីក្រុង​នាពេល​រាត្រី​ផងដែរ​។​

​លោក ជុក ជំនោរ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ការរៀបចំ​ឱ្យមាន​ទស្សនកិច្ច​ជូន​គណៈប្រតិភូ​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សាកលលោក​នេះ គឺ​ដើម្បីឱ្យ​ប្រតិភូ​ក្លិប​ឆ្នេរ​បាន​សិក្សា​ស្វែងយល់ថា កម្ពុ​ជាមាន​ការគិតគូ​រ​ច្បាស់លាស់​ក្នុងការ​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​របស់​ខ្លួន ដែល​ស័ក្តិ​សមជា​សមាជិកភាព​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​នៅលើ​សាកលលោក បន្ទាប់​បាន​ចូល​ជា​សមាជិក​ក្លិប​ឆ្នេរ​រយៈពេល​១០​ឆ្នាំ​។​

​ជាមួយគ្នា​នោះដែរ កម្ពុជា​ក៏​ចង់​ចែករំលែក​បទពិសោធន៍​នៃ​ការអភិវឌ្ឍ​ទាំងនេះ​ទៅកាន់​ប្រតិភូ​ក្លិប​ឆ្នេរ​ផងដែរ ហើយ​សង្ឃឹមថា​ប្រតិភូ​ក្លិប​ឆ្នេរ​នឹង​ទទួល​បានជា​បទពិសោធ​ន៍ ចំណេះដឹង និង​យក​ជា​គំរូ​ក្នុងការ​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់ឆ្នេរ​របស់​ពួកគេ​។​

​គួរ​ជម្រាប​ថា ប្រតិភូ​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​នេះ​មាន​ចំនួន​សរុប​ប្រមាណ​១៣០​រូប តំណាងឱ្យ​ឆ្នេរសមុទ្រ​ចំនួន​៣៤​ឆ្នេរ មកពី​ប្រទេស​ចំនួន​២១​ជុំវិញ​ពិភពលោក​។ ប្រតិភូ​ដែល​អញ្ជើញ​ចូលរួម​នេះ​មាន​មកពី​វៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៊ីស្រាអែល តួ​ក​គី បារាំង អេ​ស្ប៉ា​ញ ព័រទុយហ្កាល់ កាណាដា ប្រេ​ស៉ី​ល ម៉ា​ទី​និក (​នៅ​សមុទ្រ​ការី​បង់​) ម៉ា​រ៉ុ​ក ម៉ូ​សំ​ប៊ិក សេ​ណេ​ហ្កា​ល់ អង់​ហ្គោ​ឡា​។ ក្រៅពីនេះ ក៏មាន​ប្រតិភូ​តំណាងឱ្យ​ឆ្នេរ​សង្កេតការណ៍​៣​ទៀត មកពី​ម៉ាឡេស៊ី ហ្វាំ​ង​ឡង់ និង​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​៕​/R