ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ក្នុងសន្និសីទកាសែតជាមួយប្រធានស្ថាប័នសេដ្ឋកិច្ចធំៗកាលពីថ្ងៃសុក្រ នាយកគ្រប់គ្រងអង្គការរូបិយវត្ថុអន្តរជាតិ(IMF)បានសរសើរចំណាត់ការដាច់ណាត់របស់ចិនក្នុងការងាកចេញពីគោលនយោបាយសូន្យកូវីដដ៏តឹងតែងរបស់ខ្លួន។
រដ្ឋាភិបាលទីក្រុងប៉េកាំងកាលពីថ្ងៃពុធបានបន្ធូរបន្ថយវិធាការគ្រប់គ្រងកូវីដ១៩ ដោយបញ្ចប់ការបិទខ្ទប់ទ្រង់ទ្រាយធំនិងអនុញ្ញាតអោយអ្នកកើតកូវីដស្រាលៗខ្លះអាចធ្វើចត្តាឡីស័កនៅតាមផ្ទះ បន្ទាប់ពីផ្ទុះការតវ៉ាពាសពេលប្រទេសប្រឆាំងនឹងការអនុវុត្តវិធានការទប់ស្កាត់កូវីដតឹងរឹងនិងយូរជាងគេក្នុងលោក។
នាយកIMFលោកស្រី គ្រីស្តាលីណា ហ្សរហ្ស៊ីវ៉ា(Kristalina Georgieva)បាននិយាយថា«យើងស្វាគមន៍ខ្លាំងណាស់ចំណាត់ការប្រកាន់យកដោយអាជ្ញាធរចិន…ដើម្បីកែសម្រួលគោលនយោបាយកូវីដដោយសារវានឹងបង្កើតកំលាំងជំរុញកាន់តែប្រសើរសំរាប់ការរស់រាននៃកំណើនសេដ្ឋកិច្ចចិន»។
លោកស្រីបានបន្ថែមថា កិច្ចខិតខំជំរុញការចាក់វ៉ាក់សាំងនិងការព្យាបាលប្រឆាំងវីរុស«ល្អខ្លាំងណាស់សំរាប់ប្រជាជនចិន តែក៏សំខាន់សំរាប់អាស៊ីនិងផ្នែកផ្សេងទៀតនៃពិភពលោកដែរ។កំរិតប្រតិបត្តិរបស់ចិន មិនត្រឹមតែម៉ែត្រវាស់សំរាប់ចិន តែសេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ»។
នាយកIMFលោកស្រី គ្រីស្តាលីណា ហ្សរហ្ស៊ីវ៉ា
សូមបញ្ជាក់ថា សេដ្ឋកិច្ចសកលត្រូវធ្វើអោយកក្រើកនៅឆ្នាំនេះនៅពេលរុស្ស៊ីបើកប្រតិបត្តិការសឹកចូលអ៊ុយក្រែន បន្ថែមលើការរើបរើក្រោយកូវីដមិននឹងនរ រួមនឹងការចំណាយលើការរស់នៅកើនឡើងខ្ពស់នៅក្នុងប្រទេសជាច្រើន។
លោក ង៉ូហ្ស៊ី អូកូនចូ-អ៊ីវីឡា(Ngozi Okonjo-Iweala)អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកក៏បាននិយាយនៅក្នុងសន្និសីទកាសែតនេះថា ការដកចេញវិធានការសូន្យកូវីដ«នឹងជួយដកចេញភាពមិនប្រាកដប្រជាមួយ»នៅក្នុងលោកដែលកំពុងទន់ដៃជើងបណ្តាលមកពីផលនៃជំងឺឆ្លង សង្គ្រាមអ៊ុយក្រែននិងការប្រែប្រួលអាកាសធាតុ។
ចំណែកអគ្គលេខាអង្គការសំរាប់ការអភិវឌ្ឍនិងកិច្ចសហការសេដ្ឋកិច្ច(OECD)លោក ម៉ាធៀស ខ័រមែន( Mathias Cormann)បាននិយាយថា «ការកែសម្រួលវិធានការនេះនឹងគាំទ្រកម្លាំងរើបរើឡើងវិញទាំងនៅចិននិងសកលលោក»៕