ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១០ ធ្នូ នេះ គឺជាថ្ងៃទី២ នៃកម្មវិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ នាខេត្តព្រះសីហនុ។ ថ្ងៃនេះក៏ជាថ្ងៃដែលសហព័ន្ធកីឡាទោចក្រយាន រៀបចំព្រឹត្តិការណ៍ប្រណាំងកង់ ជាលក្ខណៈកម្សាន្ដ ដើម្បីអបអរសាទរ ពិធីបុណ្យសមុទ្រនេះដែរ។

ពិធីប្រណាំងកង់បុណ្យសមុទ្រ ឬ Sea Festival’s Bike Race ព្រឹកនេះ ធ្វើឡើងក្រោមអធិបតីភាពលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។ ការប្រកួត មាន ៣ វិញ្ញាសា គឺជិះចម្ងាយ ៤០ គីឡូម៉ែត្រ, ២០ គីឡូម៉ែត្រ និង ១៥ គីឡូម៉ែត្រ ដែលមានអ្នកចូលរួមប្រមាណ ១០០ នាក់ ទាំងអ្នកជិះកង់ជំនាញ និងមហាជនទូទៅ ដោយសហព័ន្ធ បានចាត់ទុកព្រឹត្តិការណ៍នេះ ជាការរួមចំណែកផ្សព្វផ្សាយ ពីព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជា ការត្រៀមរៀប ចំឡើងវិញ នូវព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា (Cambodia Bay Cycling Tour) នាចុងឆ្នាំ២០២៣ ផងដែរ។

ការរៀបចំប្រណាំងកង់ អបអរពិធីបុណ្យសមុទ្រនេះ គឺជាផ្នែកមួយ នៃការផ្សព្វផ្សាយ ដំណើររឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយក៏ជាការត្រៀមរៀបចំ ក្នុងកម្មវិធីផ្សេងៗទៀត នៅខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៣ ខាងមុខ ក្នុងនោះ យើងក៏នឹងមានព្រឹត្តិការណ៍ Cambodia Bay Cycling Tour ដែលយើងគ្រោងរៀបចំជាលើកទី២ នាចុងឆ្នាំ២០២៣ បន្ទាប់ពីជំងឺកូវីដ-១៩ ធូរស្រាល និងក្រោយពួកយើងធ្លាប់រៀបចំ លើកដំបូង កាលពីដើមឆ្នាំ២០២២៕/V-PC